អភិបាលខេត្តតាកែវ លោក អ៊ូច ភា បង្ហាញការប្តេជ្ញាចិត្តថា នឹងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បន្ថែមទៀត តាមរយៈការតភ្ជាប់បណ្តាញផ្លូវ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តតាកែវថែមទៀត។
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ កាលថ្ងៃទី២ ខែមីនា បានឱ្យដឹងថា ខេត្តតាកែវ បានបន្តការស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដោយផ្តោតសំខាន់ទៅលើការកសាង ជួសជុល ថែទាំផ្លូវជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវជនបទឱ្យមានគុណភាពខ្ពស់ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកទៅឃុំ សង្កាត់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ពិសេសជំរុញការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជាផងដែរ។
លោកបានបន្តថា៖«វិស័យសារធារណការ និងអភិវឌ្ឍន៍ជនបទ គឺជាវិស័យស្នូលរបស់ខេត្ត ដោយស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្រៅពីការអភិវឌ្ឍធនធានមនុស្សហើយនោះ ការកសាងផ្លូវក៏ជារឿងចាំបាច់ ព្រោះបើខេត្តមានទិន្នផលកសិកម្មហើយ តែបើគ្មានផ្លូវក៏មិនអាចដឹកជញ្ជូនកសិផលបានដែរ ចឹងទាំងនេះ គឺជាកិច្ចការចម្បងដែលខេត្តនឹងខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ឱ្យពលរដ្ឋធ្វើដំណើរងាយស្រួល»។
អភិបាលខេត្តរូបនេះ អះអាងថា បច្ចុប្បន្ននេះខេត្តតាកែវ មានផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៤១ខ្សែ មានប្រវែងសរុបជាង៧២២ គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន៦ខ្សែ ដើម្បីបំពេញតម្រូវរបស់ប្រជាពលរដ្ឋខេត្តតាកែវ ក៏ដូចជាខេត្តដទៃទៀតដែរ។
លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានលើកឡើងដែរថា តាមរយៈកិច្ចខិតប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីសាធារណការ និងប្រជាពលរដ្ឋ ក្នុងរយៈពេល០៥ មកឆ្នាំនេះ ខេត្តតាកែវក៏បានកសាងផ្លូវជនបទ ទាំងក្រាលកៅស៊ូ ក្រាលក្រួសក្រហម និងក្រាលដីស បានចំនួន ២៨២ខ្សែ ដែលមានប្រវែងជាង ៨១២គីឡូម៉ែត្រផងដែរ។
លោកបន្តដែរថា៖«បើទោះជាវិស័យសាធារណការ និងដឹកជញ្ជូនរបស់ខេត្តសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ក្តី ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ លោកថា នឹងខិតខំពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល និង ផ្នែកឯកជននានា ដើម្បីជួយដល់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នៅមូលដ្ឋានខេត្តតាកែវបន្ថែមទៀត»។
បើតាមរបាយការណ៍ស្តីពីភាពជោគជ័យក្នុងរយៈពេល០៥ឆ្នាំ(២០១៨-២០២៣) របស់រដ្ឋបាលខេត្តតាកែវ បានបង្ហាញថា បច្ចុប្បន្ននេះខេត្តមានផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៤១ខ្សែ មានប្រវែងសរុប ៧២២,៤៧គ.ម ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន ៦ខ្សែ គឺផ្លូវជាតិលេខ២, លេខ៣, លេខ២២,លេខ២៣, លេខ៣១ និងលេខ៤១ មានប្រវែងសរុប ១៦៦,៧២គ.ម ជាប្រភេទផ្លូវកៅស៊ូ និងផ្លូវខេត្តចំនួន ៣៥ខ្សែ មានប្រវែង ៥៥៥,៦៤គ.ម និងមានផ្លូវរថភ្លើងឆ្លងកាត់ប្រវែង ៥៦,៣៨គ.ម ដែលជាបណ្តាញដឹកជញ្ជូនទំនិញដ៏សំខាន់។ ខេត្តមានសំណង់ស្ពានសរុបចំនួន ៨កន្លែង និងទីលានចាក់សំរាមចំនួន ៤កន្លែង។
នៅក្នុងរយៈពេល៥ ឆ្នាំនេះផងដែរ ខេត្តតាកែវ បានកសាងផ្លូវជនបទ ទាំងក្រាលកៅស៊ូ ក្រាលក្រួសក្រហម និងក្រាលដីស ចំនួន ២៨២ខ្សែ ប្រវែង ៨១២,១១គ.ម ក្នុងនោះសាងសង់ និងជួសជុលជាប្រចាំផ្លូវកៅស៊ូចំនួន ០៧ខ្សែ ប្រវែង ៦៤,០៩គ.ម សាងសង់អណ្តូងស្នប់ចំនួន ៣១៨អណ្តូង ផ្តល់ពាងត្រងទឹកភ្លៀងចំនួន ៥០ពាង និងសាងសង់បង្គន់អនាម័យតាមផ្ទះបានចំនួន ៥០បង្គន់ថែមទៀត៕