នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ការសហការ​និងការគាំទ្រ​ពី​អង្គការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​អាល្លឺម៉ង់(GIZ) បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពិធី​សារស្ដីពី​លក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ម្រេច​កម្ពុជា​ទៅកាន់ប្រទេស​ចិន។

ការផ្សព្វផ្សាយនេះ បានរៀបចំ​ឡើង នៅថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៣ នៅ​ខេត្តមណ្ឌលគិរី និង​មានការចូលរួម​ពីថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និងភូតគាម​អនាម័យ ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​មណ្ឌលគិរី ត្បូងឃ្មុំ កំពត កែប ក្រចេះ និង​ខេត្ត​ព្រះវិហារ តំណាង​អង្គការ GIZ ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម ក្រុមហ៊ុន​នាំចេញផងដែរ​។

សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ រៀបចំ​ឡើងក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់អ្នក​ពាក់ព័ន្ធ​ឱ្យយល់ដឹង​អំពី​នីតិ​វិធី​និង​ដំណើរការ​នៃការចុះ​បញ្ជី​ចម្ការ និង​ទីតាំងវេច​ខ្ចប់​ម្រេច ការគ្រប់គ្រង​សមាសភាព​ចង្រៃ​លើ​ដំណាំ​ម្រេច និង​ការអនុវត្ត​កសិកម្ម​ល្អ​លើ​ដំណាំ​ម្រេច (GAP) ស្របតាម​លក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យសម្រាប់​ការនាំចេញ​ម្រេច​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

សមាគម និងអ្នកក្នុង​ផលិតកម្ម​ម្រេច បានសាទរ​ចំពោះ​គម្រោង​ការនាំចេញ​ទៅទីផ្សារ​ប្រទេស​ចិន ដែលនឹង​ជួយ​ពង្រឹង​គុណភាព និង​បរិមាណ​ម្រេចនាំ​ចេញ​ទៅទីផ្សារ​អន្តរ​ជាតិ​ឱ្យបាន​កាន់តែ​ច្រើន។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បានប្រាប់​ថា វាជាការប្រសើរ​ណាស់​ដែលម្រេច​កម្ពុជា​អាចនាំ​ចេញ​ជាផ្លូវការ​ដោយផ្ទាល់​ទៅប្រទេស​ចិន ដែលនេះ​ជាការ​បោះជំហាន​ថ្មី​បន្ថែមទៀត​សម្រាប់​ទីផ្សារ​ម្រេច​កម្ពុជា​ទៅប្រទេស​ចិន

ខណៈ​កន្លងមក​កម្ពុជា​តែងពឹងផ្អែក​ច្រើនទៅ​លើ​ប្រទេស​វៀតណាម ដើម្បី​នាំទៅកាន់​ប្រទេស​ចិន។

ទាក់ទង​សកម្មភាព​ដាំដុះ ថែរក្សា និង​វិនិយោគ​ថ្មីៗ លោក ម៉ាក់ នី ប្រាប់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​គឺមិនសូវ​មាន​ទេ ដោយសារ​តម្លៃ​ម្រេចបាន​ធ្លាក់ចុះ​ជាបន្ត​បន្ទាប់។

លោក​បាន​បញ្ជាក់​ថា៖«អ្វីដែល​ជាឧបសគ្គ​សម្រាប់​អ្នកដាំ​ម្រេច​នៅ​កម្ពុជា គឺការ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់។ ហើយ​តម្លៃ​ម្រេច​នៅក្នុង​រយៈពេល ២-៣ ឆ្នាំមក​នេះ​មិនល្អ​ឡើយ។ យ៉ាងណាមិញ ខ្ញុំ​សូមលើក​ទឹកចិត្ត​ឱ្យអ្នក​ដែលមាន​បំណង​ចង់នាំចេញ​ទៅទីផ្សារ​ចិន​ទាំងអស់​សូមរួសរាន់​ទៅចុះ​បញ្ជី​ឱ្យបាន​ឆាប់​រហ័ស​ដើម្បីជំរុញ​ការនាំចេញ​ឱ្យបាន​កាន់តែ​ច្រើន»។

សូម​ជម្រាប​ថា ប្រទេស​កម្ពុជា មាន​ខេត្ត​ចំនួន ១៨ ដែលមាន​ការដាំដុះ​ម្រេច នៅក្នុង​នោះ​ខេត្ត ដែលសម្បូរ​ការដាំដុះ​ម្រេច​ច្រើនដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​កំពត​ជាដើម។

យោងតាម​របាយការណ៍​ពីក្រសួង​កសិកម្ម បានបង្ហាញ​ថា គិតត្រឹម​ខែ​វិច្ឆិកា ឆ្នាំ២០២២ កម្ពុជា បាននាំចេញ​ម្រេច​គ្រប់ប្រភេទ​ទៅក្រៅ​ប្រទេស ក្នុង​បរិមាណជាង ៨ ពាន់​តោន ដោយបាន​នាំចេញ​ទៅប្រទេស​មួយចំនួន​ដូចជា វៀតណាម អាល្លឺម៉ង់ អាមេរិក តៃវ៉ាន់ បារាំង ប៊ែលហ្ស៊ិក ម៉ាឡេស៊ី ឆេក កូរ៉េ ជប៉ុន ស៊ុយអែត ស៊្វីស កាណាដា រុស្ស៊ី អង់គ្លេស ឥណ្ឌា លីទុយអានី កាហ្សាក់ស្ថាន អូស្រ្តាលី និង​ណេដឺឡែន៕