
ថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារកម្ពុជាបើកជាផ្លូវការនូវកម្មវិធី «វិថីហិរញ្ញវត្ថុ»កាលពីថ្ងៃទី៣មីនា។ រូបថត សមាគមមីក្រូហិរញ្ញវត្ថុ
ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុ ព្រមទាំងសមាគមធនាគារកម្ពុជាកាលពីថ្ងៃទី៣មីនា រួមគ្នា បើកជាផ្លូវការនូវកម្មវិធី «វិថីហិរញ្ញវត្ថុ» ក្នុងគោលបំណងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជា។ ការបង្កើតកម្មវិធីនេះឡើង ដោយមើលឃើញថា កន្លងមក ប្រជាជនភាគច្រើនតែងជួបប្រទះបញ្ហា លើការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាមានបញ្ហាក្នុងការសងត្រឡប់នៅក្រោយការខ្ចីប្រាក់ ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម។
កម្ចីក្រៅផ្លូវការ បំណុលច្រើនលើសលប់ ព្រមទាំងចំណេះដឹងតិចតួច របស់ប្រជាជនកម្ពុជាលើផ្នែក ហិរញ្ញវត្ថុ ជាមូលហេតុសំខាន់ៗ ដែលបង្អាក់ដំណើរសេដ្ឋកិច្ចកម្ពុជា១ផ្នែក។ មូលហេតុទាំងនេះ ហើយដែលភាគីពាក់ព័ន្ធប្រឹងប្រែងធ្វើការរួមគ្នា ដើម្បីរកដំណោះស្រាយរួមមួយ។
ប្រធានសមាគមធនាគារនៅកម្ពុជា លោក Raymond SIA បានលើកឡើងថា សកម្មភាពទាំងនេះ ជាជំហានដ៏ល្អមួយក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋកម្ពុជាទៅលើកម្ចីនានា។
លោក Raymond SIA បានថ្លែងថា ៖ «ការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រឹមត្រូវមិនត្រឹមតែជួយឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងជួយកសាងប្រព័ន្ធធនាគារដ៏រឹងមាំ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ»។
លោកបន្តថា នៅក្នុងរបាយការណ៍ឆ្នាំ ២០២១ របស់មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) ប្រទេសដែលប្រជាជនខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនោះទេ...មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំងនោះត្រូវបានដកហូតនូវតម្រូវការសំខាន់ៗចំនួន ៤ នោះគឺ ហេដ្ឋារចនាសម្ព័ន្ធ, ការអប់រំ, សុខភាព និងឱកាសនៃភាពជាសហគ្រិន ហើយកង្វះខាតនូវតម្រូវការចម្បងទាំងនេះនឹងរារាំងបន្តទៅដល់កំណើនសេដ្ឋកិច្ចប្រជាជនជារួម។
ស្រដៀងគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយចំពោះការធ្វើការរួមគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនទៅលើផ្នែកហិរញ្ញវត្ថុ។
លោក សុខ វឿន បានឱ្យដឹងថា ៖ «កិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជនមិនត្រឹមតែជាកិច្ចការ១ផ្នែករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែសមាគមបានដាក់ការងារនេះជាការងារអាទិភាពដ៏សំខាន់ ក្នុងផែនការយុទ្ធសាស្ត្ររបស់សមាគមផ្ទាល់រហូតមកផងដែរ»។
លោកបានបង្ហាញនូវការជឿជាក់ថា ៖ «សកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ដែលសមាគមបានអនុវត្ត និងគ្រោងអនុវត្តជាបន្តបន្ទាប់ មិនត្រឹមតែចូលរួមសម្រេចបាននូវផែនការយុទ្ធសាស្ត្ររបស់សមាគមប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ របស់ធនាគារជាតិនៃកម្ពុជាផងដែរ»។
ទន្ទឹមគ្នានេះ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី លោក អឿ សុធារ័ត្ន បានថ្លែងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាកាតាលីករដ៏សំខាន់ ដែលអាចជំរុញភាពយូរអង្វែងនៃវិស័យហិរញ្ញវត្ថុ ជាពិសេសគឺកាត់បន្ថយការខ្ចីបំណុលលើសលប់។
លោក អឿ សុធារ័ត្ន បានថ្លែងថា ៖ «ដោយមើលឃើញពីសារសំខាន់នេះហើយ ទើប ស៊ីប៊ីស៊ី បានកំណត់យកការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាប័ន្នហិរញ្ញវត្ថុដែលជាចន្ទល់មួយ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥»។
លោកបន្តឱ្យដឹងថា ដើម្បីសម្រេចនូវអាទិភាពនេះក្រុមហ៊ុនរបស់លោក បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពដែលរួមមានការអប់រំ និងបណ្តុះបណ្តាល ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ការផ្សព្វផ្សាយ ការបង្កើតវេទិកាឌីជីថល និងការស្រាវជ្រាវផងដែរ៕