ភ្នំពេញៈ កត្តាអាកាសធាតុមានភ្លៀងធ្លាក់ក្នុងខែមករា និងដើមខែកុម្ភៈ បានធ្វើឱ្យការប្រមូលផលអំបិលនៅខេត្តកំពត មកដល់ពេលនេះស្ថិតក្រោម ២ ០០០ តោននៅឡើយ ខណៈក្នុង ១ ឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាម លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត។
ជាធម្មតារដូវកាលផលិតអំបិល គឺចាប់ពីខែចុងខែធ្នូ ទៅដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយ ដែលធ្វើឱ្យការផលិតបន្តរហូតដល់ខែមិថុនា។ បើអាកាសធាតុអំណោយផលផ្ទៃដី ១ហិកតាគេអាចផលិតអំបិលបានជាមធ្យម ២០តោនក្នុងរយៈពេល ១ឆ្នាំ។
ខេត្តកំពត និងខេត្តកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយក្នុងឆ្នាំ២០២២ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ គឺមានចំនួន ៤ ៧៤៨ ហិកតា។ ទំហំផ្ទៃដីនេះ គឺនៅដដែលបើធៀបនឹងឆ្នាំ២០២១។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នាព្រឹកថ្ងៃទី៦ ខែមីនា លោក សុខ គឹមជឿន ឱ្យដឹងថា កត្តាអាកាសធាតុមានភ្លៀងធ្លាក់ ២-៣មេធំៗនៅតំបន់ផលិតអំបិលក្នុងខេត្តកំពតកាលពីខែមករា និងដើមខែកុម្ភៈ បានធ្វើឱ្យការប្រមូលផលអំបិលក្នុងឆ្នាំ២០២៣ នេះអូសបន្លាយដល់ចុងខែកុម្ភៈ។ ប្រសិនបើគ្មានភ្លៀងធ្លាក់ ៣ខែជាប់ៗគ្នា គឺកម្ពុជាអាចមានសមត្ថភាពផលិតអំបិលលើសពី ១០ ម៉ឺនតោន ដោយកសិករអាចរែកអំបិលចេញពីស្រែបានរាល់ថ្ងៃ។ លោកបន្តថា អំបិលកម្ពុជា ត្រូវបានគេចាត់ទុកជាអំបិលមានគុណភាពល្អ ព្រោះត្រូវបានផលិតឡើងតាមលក្ខណៈធម្មជាតិ ១០០ភាគរយ។
លោកថ្លែងថា៖«បើតាមទិន្នន័យគឺការផលិតអំបិលក្នុងខេត្តកំពត គិតត្រឹមដំណាច់ខែកុម្ភៈ សម្រេចបានជាង ៩០០តោន ហើយបើគិតក្នុងរយៈពេល ១សប្តាហ៍ដើមខែមីនានេះ គឺការប្រមូលផលសរុបអាចស្ថិតក្រោម ២ពាន់តោន»។ លោកបន្តទៀតថា៖«ដោយសារផលអំបិលកម្ពុជាពឹងផ្អែកទាំងស្រុងលើធម្មជាតិ ដូច្នេះយើងមិនទាន់ហ៊ានវាយតម្លៃថា បរិមាណប្រចាំឆ្នាំនឹងមានប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ គឺការផលិតឆ្នាំនេះយឺតជាបណ្តាឆ្នាំកន្លងមក»។
កសិករ និងជាម្ចាស់សិប្បកម្មផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ នៅក្នុងខេត្តកំពត លោក ប៊ុន ណារិន បានប្រាប់ថា ការផលិតអំបិលឆ្នាំនេះយឺកជាងឆ្នាំមុនៗជិត ២ ខែ ដោយមកទល់ពេលនេះលោកគិតថាមានស្រែអំបិលប្រហែលជាង ៣០ ភាគរយប៉ុណ្ណោះដែលកំពុងប្រមូលផល ខណៈនៅសល់ពីនោះនឹងប្រមូលផលបានក្នុងសប្តាហ៍នេះ។ បើអាកាសធាតុក្តៅល្អដូចថ្ងៃនេះ(ទី ៦ ខែមីនា)រហូតដល់ចុងខែឧសភា កម្ពុជានឹងមិនខ្វះខាតអំបិលប្រើប្រាស់ឡើយ។
លោកបន្ថែមថា ការប្រមូលផលជាបណ្តើរៗបានធ្វើឱ្យតម្លៃអំបិលនៅស្រែអំបិលធ្លាក់ចុះបន្តិចបន្តួចពី ១បាវ(៥០ គីឡូក្រាម) ២៥ ០០០-២៨ ០០០ រៀលកាលពីដើមខែកុម្ភៈ មកនៅចន្លោះ ២២ ០០០-២៣ ០០០ រៀល នាពេលនេះ។ លោកនិយាយថា៖«សកម្មភាពនៅស្រែអំបិលបានចាប់ផ្តើមមមាញឹកវិញហើយ ដោយបរិមាណដែលផលិតបានកំពុងកើនឡើងជាបន្តបន្ទាប់»។
ដើម្បីលើកទឹកចិត្តដល់នៅក្នុងផលិតកម្មអំបិល ក៏ដូចជាជួយលើកកម្ពស់គុណភាព និងជំរុញទីផ្សារនាំចេញ «អំបិលកំពត-កែប» រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានកំណត់ថា នៅថ្ងៃទី២៦ ខែមេសា ខាងមុខ ផលិតផលអំបិលកំពត-កែប ចំនួន ៣ ប្រភេទនឹងត្រូវប្រកាសដាក់ចូលជាប្រភេទផលិតសម្គាល់ភូមិសាស្ត្រទំនិញ (GI)។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា៖«កម្ពុជាកំណត់យកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «អំបិលកំពតកែប» ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក។ កម្ពុជាកំណត់ប្រភេទផលិតផលអំបិលចំនួន ៣ប្រភេទសម្រាប់ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺ អំបិលក្រួស ផ្កាអំបិល និងអំបិលម៉ដ្ឋ(កិន)»។
ទាក់ទងនឹងគម្រោងដាក់បញ្ចូលអំបិលកំពត-កែប ជាផលិតផលសម្គាល់ភូមិសាស្ត្រ លោក គឹមជឿន បានអះអាងថា នៅពេលអំបិលកំពត-កែប ត្រូវបានដាក់បញ្ចូលជាផលិតផល GI វានឹងជួយធ្វើឱ្យកម្លាំងចិត្តរបស់ក្រុមផលិតល្អប្រសើរជាពេលនេះ ព្រោះនឹងទទួលបានតម្លៃខ្ពស់ជាងមុន។
លោកបញ្ជាក់ថា៖ «ការដាក់អំបិលកែប-កំពត ជាផលិតផល GI អាចជាចំណែកមួយធ្វើឱ្យសមត្ថភាពនៃការផលិតអំបិលកាន់តែកើនឡើង ខណៈកត្តាកង្វះកម្លាំងពលកម្ម និងអាកាសធាតុ បានបង្ខំឱ្យកម្ពុជានាំចូលអំបិលពីក្រៅប្រទេស(ឥណ្ឌា) មកបំពេញតម្រូវការក្នុងស្រុកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»៕