
ក្រុមការងារ Angkor Resources ចាប់ផ្តើមរុករករ៉ែមាសលើអាជ្ញាប័ណ្ណអណ្តូងបរ (Andong Bor)។ រូបថត ARC
ភ្នំពេញៈ ក្រុមហ៊ុន Angkor Resources Corp និងក្រុមហ៊ុនកាណាដា CANbodia Copper Corp (CCC) ដែលជាដៃគូរបស់ខ្លួនបានចាប់ផ្តើមការរុករក និងអភិវឌ្ឍ លើអាជ្ញាប័ណ្ណអណ្តូងបរ (Andong Bor) ដែលគ្របដណ្តប់ចាប់ពីភាគខាងលិចនៃខេត្តរតនគិរី ដល់ខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Angkor Resource នៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងភាពជាដៃគូនេះ ក្រុមហ៊ុនបានប្រកាសពីការរុករករ៉ែមាសទង់ដែង នៅលើគម្រោងថ្មីខាងជើង ដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជានៅខែកញ្ញា ឆ្នាំ ២០២២។ លោក Terry Lyon អគ្គនាយកស្ដីទីក្រុមហ៊ុន CCC បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា ទង់ដែង និងមាសនៅតែជាសារធាតុរ៉ែដ៏សំខាន់នៃតម្រូវការពិភពលោក។
លោកបញ្ជាក់ថា៖ «យើងពិតជារំភើបណាស់ដែលបាន ធ្វើការជាមួយក្រុមហ៊ុន Angkor និងជំរុញគម្រោងនេះឆ្ពោះទៅរកអ្វីដែលយើងជឿថាអាចជាការរកឃើញមុនកាលកំណត់សម្រាប់មាស ទង់ដែងនៅកម្ពុជា»។
លោក Dennis Ouellette អនុប្រធានផ្នែករុករកបាននិយាយថា៖ «ការបន្តរុករកនេះគឺដើម្បីតាមដានចន្លោះពេលខួងរ៉ែទង់ដែងកម្រិតខ្ពស់ដែលបាន ប្រកាសពីមុន ហើយនាំយើងឱ្យកសាងតម្លៃរឹងមាំ កំណត់ធនធាន និងបង្ហាញពីគម្រោងលំដាប់ពិភពលោកនៅក្នុងប្រទេសកម្ពុជា»។
កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន Angkor បានទទួលអាជ្ញាប័ណ្ណទង់ដែង/មាសនៅភាគខាងលិចនៃប្រទេសកម្ពុជាពីក្រសួងរ៉ែ និងថាមពល។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន CCC បានសហការជាមួយក្រុមហ៊ុន Angkor ដើម្បីផ្ដល់មូលនិធិ និងអភិវឌ្ឍអាជ្ញាប័ណ្ណអណ្តូងបរនេះ។
អាជ្ញាប័ណ្ណអណ្តូងបរ ដែល មានផ្ទៃដី ១០០ គីឡូម៉ែត្រការ៉េ មានការខួងយករ៉ែជាបឋមបាន បញ្ចប់ជាច្រើនឆ្នាំកន្លងមក ក្រោមអាជ្ញាប័ណ្ណផ្សេងៗគ្នា ជាមួយនឹងលទ្ធផលទង់ដែង និងមាស។ អាជ្ញាប័ណ្ណនេះត្រូវកំណត់នៅភាគខាងលិចខេត្តរតនគិរី ហើយលាតសន្ធឹងដល់ខេត្តចំនួន ២ គឺឧត្តរមានជ័យ និងបន្ទាយមានជ័យ។
លោក Delayne Weeks អគ្គនាយកក្រុមហ៊ុន Angkor បានឱ្យដឹងថា ជាមួយនឹងសម្ព័ន្ធភាពជាមួយអ្នកជំនាញសកលនៅក្នុងទីផ្សារទង់ដែងនាំមកនូវភាពស៊ីជម្រៅ និងភាពខ្លាំង មិនត្រឹមតែចំពោះអាជ្ញាប័ណ្ណអណ្តូងបរ និងក្រុមហ៊ុនពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់វិស័យរ៉ែទាំងមូលរបស់កម្ពុជា។
លោកថ្លែងថា៖ «ប្រទេសកម្ពុជាបានបង្កើតច្បាប់រុករករ៉ែដ៏រឹងមាំ និងដំណើរការផលិតកម្ម ហើយមានភាពទាក់ទាញចំពោះការវិនិយោគពីបរទេស ព្រោះវាមានសុវត្ថិភាព មានផលិតផលក្នុងស្រុកសរុបដែលមានភាពល្អប្រសើរ និងកម្លាំងពលកម្មវ័យក្មេងគួរចាប់អារម្មណ៍។ អ្នកជំនាញប្រទេសលោកខាងលិចក្នុងវិស័យរ៉ែ អាចជួយពន្លឿនការអនុវត្តប្រកបដោយភាពច្នៃប្រឌិតទំនើប ដែលបានវិវឌ្ឍក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅកន្លែងផ្សេងទៀត ប៉ុន្តែអាចត្រូវបានអនុវត្តភ្លាមៗនៅក្នុងប្រទេសកម្ពុជា»៕