ភ្នំពេញៈ ការប្រមូលចំណូលពន្ធដារសម្រាប់ឆ្នាំ ២០២៣ នេះអាចនឹងជួបប្រឈមបញ្ហាមួយចំនួនបណ្តាលមកពីវិបត្តិសកល ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពេលថ្មីៗនេះមានការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពីអត្រា ៦,៦ ភាគរយមកនៅត្រឹម ៥,៦ ភាគរយ។ នេះបើយោងតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» ដែលរៀបចំនៅសណ្ឋាគារ សូហ្វីតែល នៅថ្ងៃទី ៦ ខែមីនា លោក គង់ វិបុល បានឱ្យដឹងថាទោះបីជាការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ ២០២២ កន្លងមកលើសផែនការដែលកំណត់ដោយច្បាប់ ប៉ុន្តែការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០២៣ នេះអាចនឹងមានបញ្ហាប្រឈមមួយចំនួន។
លោកបន្តថា សម្រាប់ឆ្នាំ ២០២៣ ស្ថានភាពការគ្រប់គ្រងជំងឺកូវីដ ១៩ នៅកម្ពុជាមានដំណើរការល្អប្រសើរ និងមានប្រសិទ្ធភាព ប៉ុន្តែវត្តមានសង្គ្រាមរវាងប្រទេសអ៊ុយក្រែន-រុស្ស៊ី វិបត្តិភូមិសាស្ត្រនយោបាយពិភពលោក និងការកើនឡើងនៃអត្រាអតិផរណាដែលធ្វើឱ្យកម្លាំងបញ្ជាទិញពីទីផ្សារអន្តរជាតិថមថយ គឺកំពុងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
លោកលើកឡើងថា ក្នុងឆ្នាំ ២០២៣ នេះច្បាប់ថវិកាបានដាក់ចេញរួចហើយដោយកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដាររកចំណូលឱ្យបានប្រមាណ ៣,៥ ពាន់លានដុល្លារបើធៀបនឹងថវិកាដែលបានកំណត់ដោយច្បាប់ឆ្នាំ ២០២២ គឺកើនឡើងជិត ៣០ ភាគរយ។ កំណើននេះវាមិនឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចឡើយដោយកំណើននេះត្រូវបានរៀបចំតាមការព្យាករសេដ្ឋកិច្ចក្នុងអត្រា ៦,៦ភាគរយ ប៉ុន្តែឥឡូវនេះតាមការព្យាករឡើងវិញគឺត្រឹមតែ ៥,៦ ភាគរយប៉ុណ្ណោះ។
លោកថ្លែងថា៖ «តាមការព្យាករឡើងវិញដែលបាន Release ហើយដោយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ បានលើកហើយថា ការព្យាករវាថយចុះមកនៅត្រឹម ៥,៦ ភាគរយ។ ១ ភាគរយនេះបើគិតជា Nominal GDP គឺធំណាស់ ដោយពន្ធដារអាចលំបាកបើថយយ៉ាងហ្នឹង ហើយបញ្ហាដែលប៉ះពាល់ទៅសេដ្ឋកិច្ចពិភពលោកដែលខ្ញុំបានលើកឡើងអម្បាញ់មិញនេះ គឺប្រហែលជាមានបញ្ហាប្រឈមច្រើន»។
លោកលើកឡើងទៀតថា តាមរយៈជំនួបជាមួយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន/សហគ្រាសធំៗមួយចំនួនក៏ពួកគេបានលើកឡើងពីផលវិបាកមួយចំនួនចំពោះដំណើរការអាជីវកម្មរបស់ពួកគេនៅក្នុងក្នុងឆ្នាំ ២០២៣ នេះផងដែរ។
ទោះយ៉ាងណាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការសម្រេចរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផះ (ក្រុមប្រទេសមានហានិភ័យខ្ពស់ខាងលាងលុយកខ្វក់) ទៅក្នុងបញ្ជីពណ៌ស កាលពីពេលថ្មីៗនេះ ក៏ជាសញ្ញាល្អសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាដែរ ព្រោះការស្ថិតក្នុងបញ្ជីសនេះ នឹងធ្វើឱ្យចរាចរណ៍នៃការផ្ទេរប្រាក់ចូលកម្ពុជាកាន់តែមានភាពងាយស្រួល។
ប្រទេសកម្ពុជាត្រូវបាន FATF ដាក់បញ្ចូលទៅក្នុងបញ្ជីប្រផះចាប់តាំងឆ្នាំ ២០១៩ រហូតដល់ដើមឆ្នាំ ២០២៣។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមីនា ថា ចំណូលពន្ធដារ មានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាលយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍប្រទេសផ្នែករឹង និងផ្នែកទន់ប្រទេស។ នៅពេលការប្រមូលពន្ធបានកាន់តែច្រើន និងមានតម្លាភាព វានឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែមានតម្លាភាព និងអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកថ្លែងថា៖ «ចំណូលពន្ធជាដង្ហើមសេដ្ឋកិច្ចសម្រាប់គ្រប់ប្រទេសលើពិភពលោក ដូច្នេះដើម្បីឱ្យប្រទេសមួយអាចរីកចម្រើនបាន គឺទាមទារឱ្យមានការប្រមូលចំណូលឱ្យមានប្រសិទ្ធភាព និងតាមគោលការណ៍កំណត់ទាំងសារពើពន្ធ និងមិនមែនសារពើពន្ធ»។
លោកលើកឡើងទៀតថា កំណើនចំណូលពន្ធក៏ជួយធ្វើឱ្យរដ្ឋាភិបាលមានប្រាក់សន្សំកាន់តែច្រើនដើម្បីត្រៀមទុកសម្រាប់សងត្រឡប់ទៅម្ចាស់កម្ចី ឬសម្រាប់ដោះស្រាយវិបត្តិចៃដន្យណាមួយផងដែរ។
នៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណ ៣,៤៥៥ ពាន់លានដុល្លារ ដែលស្មើនឹង ១២២,៥៤ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ឬលើស ៦៦៧,៣៤ លានដុល្លារ ដែលស្មើ ២៣,៩៦ ភាគរយ។ ក្នុងឆ្នាំ ២០២៣ នេះផែនការកំណត់ការប្រមូលចំណូលឱ្យបានចំនួន ៣,៥៧១ ពាន់លានដុល្លារ៕