
អង្ករផ្ការំដួល ដែលទទួលបានជ័យលាភីលេខ ១ កាលពីឆ្នាំ ២០២២ ជាអង្ករល្អដាច់គេ លំដាប់ថ្នាក់ពិភពលោក។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជានឹងជំរុញការនាំចេញ ប្រភេទអង្ករផ្ការំដួល ទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ ខណៈកន្លងទៅទីផ្សារបារាំង និយមទទួលទានអង្ករផ្កាម្លិះ (ពូជអង្ករក្រអូបផ្សេងទៀតនៃម៉ាកសញ្ញា “ម្លិះអង្គរ”)។
លោក ឌិត ទីណា បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ កាលពីថ្ងៃទី ៤ មីនា បន្ទាប់ពីបានចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅទីក្រុងប៉ារីសប្រទេសបារាំង ដោយតាមរយៈបេសកកម្មនេះ លោករដ្ឋមន្ត្រីបានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដា ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
លោកបញ្ជាក់ថា៖ «ចំពោះទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ ត្រូវតែមានការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិតប្រាកដ ដែលអាចឱ្យអតិថិជនទុកចិត្ត និងចំណាំ តាមការស្នើសុំរបស់សមាគមខ្មែរនៅប្រទេសបារាំង។ ម្យ៉ាងវិញទៀត គួរតែមានការបង្កើតចេញនូវ QR Code ដែលអាចកំណត់នូវប្រភព និងខ្សែចង្វាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្ម ទាំងក្នុង និងក្រៅប្រទេស។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅប្រទេសបារាំង លោកឌិត ទីណាបានថ្លែងថា ផលិតផលកសិកម្មរបស់កម្ពុជា ត្រូវការការគាំទ្រឱ្យបានច្រើនជាពិសេសពីអាណិកជនខ្មែរ ដែលរស់នៅប្រទេសបារាំង គឺអង្ករផ្ការំដួលរបស់កម្ពុជា ដែលបានជាប់លេខ ១ ជាអង្ករល្អជាងគេលើពិភពលោក ៤ ដងមកហើយ ខណៈដែលកន្លងទៅពួកគាត់ស្គាល់ និងនិយមទទួលទានតែអង្ករផ្កាម្លិះ។
លោកបញ្ជាក់ថា៖ «ក្នុងជំនួបរបស់ខ្ញុំនេះ ក៏បានជួបជាមួយខាងប៉ារីស្ទ័រ ដោយជជែកជាមួយគាត់ក្នុងការយកអង្ករផ្ការំដួលនេះយកមកដាក់លក់ជូនបងប្អូនប្រជាពលរដ្ឋយើង។ សព្វថ្ងៃនេះ បងប្អូនយើងនៅបារាំងភាគច្រើនស្គាល់អង្ករម្លិះ (ពូជអង្ករក្រអូបផ្សេងៗទៀត ៖អង្ករផ្ការមៀត, អង្ករផ្ការំដេង) ប៉ុន្តែជាក់ស្តែងអង្ករផ្ការំដួលគឺ ល្អជាងឆ្ងាយណាស់ អ៊ីចឹងសុំឱ្យមានការគាំទ្រ»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ខាងសហព័ន្ធរង់ចាំតែសហការជាមួយក្រសួងទេ ក្នុងការជំរុញឱ្យមានការនាំចេញនូវប្រភេទអង្ករផ្ការំដួលនេះ ទៅកាន់ទីផ្សារប្រទេសបារាំង ខណៈដែលកន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅបារាំងក្នុងបរិមាណពី ៧ ទៅ ៨ ម៉ឺនតោនដែរក្នុង ១ ឆ្នាំ។
លោកបញ្ជាក់ថា៖ «អង្ករផ្កាម្លិះ ឬម្លិះអង្គរ ជាម៉ាកសញ្ញាតំណាងឱ្យអង្ករក្រអូប ដែលរួមមានពូជអង្ករមួយចំនួនដូចជា ផ្ការំដួល ផ្ការំដេង ផ្ការមៀត និងសុម៉ាលីជាដើម។ កន្លងទៅការនាំទៅបារាំងមិនសូវមានអង្ករផ្ការំដួលទេ ខណៈដែលអ្នកបរិភោគក៏មិនសូវចាប់អារម្មណ៍លើប្រភពអង្ករថា មកពីណាដែរ ប៉ុន្តែបរិភោគយូរទៅទើបគាត់ដឹង។ ដូចនេះ ការជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ នឹងមានការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិត នឹងជួយឱ្យគេស្គាល់អង្ករកម្ពុជាកាន់តែច្រើន»។
លោក សុង សារ៉ន អគ្គនាយករងក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា ទីផ្សារបារាំង គឺជាទីផ្សារដំបូងគេរបស់ក្រុមហ៊ុនក្នុងការនាំចេញអង្ករទៅ ដោយក្នុង ១ ឆ្នាំៗក្រុមហ៊ុនលោកនាំចេញអង្ករទៅបារាំងប្រមាណ ២ ពាន់តោន។ លោកបានបង្ហាញពីការគាំទ្រ ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងការជំរុញការនាំចេញអង្ករផ្ការំដួលទៅកាន់ទីផ្សារប្រទេសបារាំង ខណៈដែលកន្លងទៅអង្ករដែលនាំទៅបារាំងមិនទាន់មានម៉ាកសម្គាល់ច្បាស់លាស់នៅ ឡើយ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជំរុញទីផ្សារថ្មី នៃអង្ករផ្ការំដួល នៅប្រទេសបារាំងនេះ ដោយសារកន្លងទៅយើងនាំចេញទៅដែរ តែមិនមានការកំណត់ច្បាស់លាស់ពីពូជអង្ករនៅឡើយទេ។ អង្ករផ្ការំដួលយើងបានឈ្នះពានរង្វាន់ ៤ ដងមកហើយ ដូចនេះ ត្រូវតែបង្កើតភាព Unique ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យអង្ករប្រភេទនេះ»៕
វីដេអូ៖