
បង្គោលភ្លើងបំភ្លឺផ្លូវប្រើបន្ទះសូឡា នៅក្រុងព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២២។ ហុង មិនា
ភ្នំពេញៈ ក្រោយពីសហរដ្ឋអាមេរិក ប្រកាសការលើកលែងពន្ធគយ ចំពោះផលិតផលបន្ទះសូឡា ដែលនាំចូលពីប្រទេសចំនួន ៤ រួមទាំងកម្ពុជាផងនោះ ក្នុងរយៈពេល ២ ឆ្នាំ បានផ្តល់ឱកាសដល់វិនិយោគិនបរទេសជាច្រើន ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិន បានមកធ្វើការវិនិយោគបង្កើតរោងចក្រផលិត Solar Cells និង Modules នៅកម្ពុជា។
ជាក់ស្តែងកាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក Liu minglinអគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement Group ដែលសាងសង់អាកាសយានដ្ឋាន សៀមរាបអង្គរ បានបញ្ជាក់ពីគោលបំណងក្រុមហ៊ុនរបស់លោក ដែលចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តសៀមរាប។
ចំពោះគោលបំណងនេះ លោកនាយករដ្ឋមន្រ្តី បានឆ្លើយតបថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យ នៃក្រសួងរ៉ែ និងថាមពល ធ្លាប់បានប្រាប់ ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកទឹកចិត្ត ឱ្យមានការផលិតផ្ទាំងសូឡា ក៏ដូចជាឧបករណ៍គ្រឿងបន្លាស់អគ្គិសនី ដើម្បីប្រើប្រាស់ក្នុងស្រុកផង និងអាចនាំចេញបានផងដែរ។
លោកបានបញ្ជាក់បែបនេះថា៖«កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតលើពិភពលោក កំពុងរួមគ្នា ឆ្ពោះទៅរកការបន្ថយផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានជាអតិបរមា ដូចនេះក្រសួងតែងតែជំរុញនិងគាំទ្រឱ្យមានការផលិតនូវផ្ទាំងសូឡានេះ សម្រាប់ប្រើប្រាស់ក្នុងស្រុកផង និងបន្តនាំចេញទៅកាន់ប្រទេសនានា»។
ជាមួយគ្នានេះដែរ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ក្រោយពីសហរដ្ឋអាមេរិក បានប្រកាសការលើកលែងពន្ធនាំចូល ចំពោះផលិតផល Solar Cells និង Modules ដែលនាំចូលពីប្រទេសចំនួន៤ រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម មក បានជំរុញការវិនិយោគលើរោងចក្រផលិតបន្ទះសូឡាមានកំណើនគួរឱ្យកត់សម្គាល់។
លោកបានបន្ថែមថា កន្លងទៅ ការផលិតបរិក្ខារអគ្គិសនី ក៏ដូចជាផ្ទាំងសូឡានេះ គឺបានដំឡើងនៅកម្ពុជា និងបាននាំចេញច្រើន ស្របពេលដែលអាមេរិក មានការដំឡើងពន្ធចំពោះការនាំចូលពីចិន បន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំង២នេះ។ បញ្ហានេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួន ងាកមកវិនិយោគបើករោងចក្រផ្សេងៗ ជាពិសេសឧបករណ៍បរិក្ខារអគ្គិសនី និងផលិតផលសូឡានេះ នៅកម្ពុជាវិញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ម្យ៉ាងវិញទៀតថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញនូវគោលនយោបាយស្តីពីយានយន្តនិងអេឡិចត្រូនិក ដើម្បីបង្កើនការលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យនេះបន្ថែមទៀត»។
ចំណែក លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដែរថា ការលើកលែងពន្ធសម្រាប់ផលិត Solar Cells and Modules ដល់កម្ពុជានេះ អាចជំរុញឱ្យមានការនាំចូលផលិតផលប្រភេទនេះកាន់តែច្រើនថែមទៀត ទៅសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា៖«វាគឺជាការផ្ដល់ឱកាសថ្មីមួយទៀត សម្រាប់កម្ពុជាពង្រីកផលិតកម្មក្នុងការផលិត Solar Cells ព្រោះថា បរិយាកាសវិនិយោគ ក៏ដូចជាការធ្វើធុរកិច្ចនៅកម្ពុជា មានលក្ខណ:ប្រសើរស្រាប់ ច្បាប់វិនិយោគថ្មីក៏ផ្ដល់លក្ខណៈងាយស្រួលច្រើនចំពោះវិនិយោគិន។ ដូចនេះ ឱ្យតែមានទីផ្សារគាប់ប្រសើរ វិនិយោគិននឹងពង្រីកផលិតកម្មរបស់ខ្លួនជាមិនខាន។ ជាក់ស្ដែង កន្លងទៅ ការដែលសហរដ្ឋអាមេរិកបានផ្ដល់ការលើកលែងពន្ធចំពោះកាបូប និងសម្ភារធ្វើដំណើរដល់កម្ពុជា បានធ្វើឱ្យផលិតកម្មក្នុងវិស័យនេះនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់»។
សូមរំឭកថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ លោកប្រធានាធិតបតី Joe Biden បានចេញសេចក្តីប្រកាស និងអនុញ្ញាតពន្យារពេលបណ្តោះអាសន្ន លើកលែងពន្ធនាំចូលលើ Solar Cells និង Modules ពីប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំ២០២១ កម្ពុជា បាននាំចេញបន្ទះសូឡាទៅក្រៅប្រទេសសរុប ៥៤ ៣១៩,៨៣តោន កើនឡើងជាង២៧ភាគរយ ស្មើនឹងទឹកប្រាក់សរុប ២៧៣,៨៧លានដុល្លារ៕