ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា (SSCA) លោក ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា ស្របពេលផែនការបើកដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នាខែតុលាខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងត្រូវបិទដំណើរការទាំងស្រុងតែម្តង។
លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើតាមផែនការ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីគ្រោងធ្វើការហោះហើរសាកល្បងផ្ទៃក្នុងនៅក្នុងខែមិថុនានេះ មុននឹងឈានទៅធ្វើការបើកសម្ពោធការហោះហើរផ្លូវការនៅខែតុលា។
លោកប្រាប់ថា៖«ព្រលានយន្តហោះចាស់នឹងត្រូវបិទជាស្ថាពរនៅពេលយើងបើកឱ្យដំណើរការព្រលានយន្តហោះថ្មីនេះនៅ ក្នុងខែតុលា។ សម្រាប់ទីតាំងព្រលានចាស់ដែលនឹងត្រូវយកទៅធ្វើអ្វីនោះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល»។
ក្នុងជំនួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group បានឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបមកដល់ពេលនេះសម្រេចបាន ៨៦ ភាគរយហើយ ដោយគ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងបើកប្រើប្រាស់ផ្លូវការនៅខែតុលា ឆ្នាំនេះ។
លោក Liu Minglin ដែលត្រូវបានដកស្រង់សម្តីដោយលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីថា៖ «ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប គឺមានភាពធំទូលាយដើម្បីជាការទាក់ទាញទេសចរ និងអ្នកវិនិយោគមកប្រទេសកម្ពុជា ហើយលោកបានបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនដែលចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅខេត្តសៀមរាបទៀតផង»។
លោក ហ៊ុន សែន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងធ្វើយ៉ាងណាឱ្យការសាងសង់នោះត្រូវតាមបទដ្ឋានមុននឹងបើកដំណើរការ។
លោកថ្លែងថា៖ «ព្រលានយន្តហោះនេះមានតួនាទីធំក្នុងការតភ្ជាប់ គឺមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជាការតភ្ជាប់ជាមួយបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ និងពិភពលោក ដែលពីមុនព្រលានយន្តហោះនៅខេត្តសៀរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ»។
បើតាមលោក ចាន់សិរីវុត្ថា អាកាសយានដ្ឋានថ្មីនេះមានចម្ងាយជាង ៤០គីឡូម៉ែត្រពីទីតាំងបច្ចុប្បន្ន។ ទីតាំងថ្មីនេះគឺមានភាពល្អប្រសើរ ព្រោះវាត្រូវបានគិតគូរពីសង្គម និងបរិស្ថាន ហើយពុំមានបញ្ហាជាមួយអង្គការ UNESCO និងពុំមានសំឡេងរំខានដល់ការរស់-នៅ ឬប្រកបអាជីវកម្មឡើយ៕