ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធី «អបអរសាទរខួប ៣ ឆ្នាំ លេខពិសេស ផ្ទាល់ខ្លួន»ដើម្បីផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទិញលេខពិសេស បន្ថែមទៀតដែលជាផ្នែកមួយរកចំណូលជូនថវិកាជាតិ ខណៈរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ក្រសួងរកចំណូលបានជាង ៥៤ លានដុល្លារ ពីការលក់លេខពិសេស។
កម្មវិធីអបអរសាទរខួប ៣ ឆ្នាំ លេខពិសេស ផ្ទាល់ខ្លួន ធ្វើឡើងនៅសួនវត្តបទុម រាជធានី-ភ្នំពេញ រយៈពេល ២ ថ្ងៃគឺ ថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ ដែលមានការរៀបចំពិព័រណ៍ស្តង់ជាច្រើន ការដាក់ដេញថ្លៃនូវស្លាកលេខពិសេស និងការលេងល្បែងកម្សាន្តទាក់ទងចំណេះដឹងច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ដែលបានចូលរួមបើកកម្មវិធីនៅថ្ងៃទី៧ ខែមីនា បានថ្លែងថា ការរៀបចំពិធីនេះ ដើម្បីយកឱកាសផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមទិញលេខពិសេស ផ្ទាល់ខ្លួនថែមទៀត ក៏ដូចជាយកឱកាសនេះដើម្បីផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
លោកថ្លែងថា៖ «ឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ ឱ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ ៥ នាក់ និងរបួសប្រហែល ១០ ទៅ ១៥ នាក់ ក្នុង១ ថ្ងៃ និងបាត់បង់ថវិកាជាតិ»។
បន្ថែមពីនេះលោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្នុងពិធីនោះក៏មានការរៀបចំកម្មវិធីដាក់ដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ហើយថវិកាដែលប្រមូលបានពីការដេញថ្លៃនេះនឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រសួងលក់លេខពិសេស ផ្ទាល់ខ្លួនបានជាង ១៦ ០០០ លេខ រកចំណូលថវិកា ២៨ លានដុល្លារ និងលក់លេខពិសេស ខេត្ត ក្រុង រកថវិកាប្រមាណ ២៥ លានដុល្លារ។ ការលក់លេខពិសេស ផ្ទាល់ខ្លួននឹងមាន ការកើនឡើង ៥ ភាគរយនៅ ឆ្នាំ២០២៣នេះ ស្របពេលដែលសេដ្ឋកិច្ចនៅកម្ពុជាមានស្ថានភាពល្អប្រសើរ។
លោកថ្លែងថា៖«សង្ឃឹមថា ការលក់លេខពិសេសនឹងមានការកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៣ ដោយសារសេដ្ឋកិច្ចជាតិមានការរីកចម្រើនថែមទៀត ដោយរំពឹងទុកជាង ៥ ភាគរយ។ ដូច្នេះយើងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង នឹងទិញលេខពិសេសផ្ទាល់ខ្លួនថែមទៀត ដែលប្រមូលថវិកាជូនជាតិ និងថវិកាជូនកាកបាទក្រហមកម្ពុជា»។
លោក ស៊ុន ចាន់ថុល ថ្លែងថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ចូន កំពុងពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរស្លាកលេខចាស់ដែលគ្មាន QR code ជំនួសដោយស្លាកលេខដែលមាន QR code ដើម្បី លុបបំបាត់ស្លាកលេខក្លែងក្លាយ។
លោកថា៖ «យើងខ្ញុំកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្តូរលេខចាស់ៗ ទាំងអស់ដែលគ្មាន QR code ដើម្បីទៅជាស្លាកលេខដែលមាន QR code ទាំងអស់ ដែលស្លាកលេខថ្មីនេះអាចដឹងថា ស្លាកលេខក្លែងក្លាយ។ យើងកំពុងរកនីតិវិធីជួយសម្របសម្រួលយ៉ាងណា បើអាចធ្វើទៅបានគឺម្ចាស់យានយន្តមកប្តូរស្លាកលេខថ្មី ដោយមិនចាំបាច់បង់លុយ។ ការប្តូរនេះដើម្បីបំបាត់ស្លាកលេខសេះហោះ (ក្លែងក្លាយ) ធ្វើបច្ចុប្បន្នភាពនូវអាសយដ្ឋានឱ្យបានជាក់លាក់ ព្រោះសព្វថ្ងៃមួយចំនួនផាកពិន័យប៉ុន្តែរកអាសយដ្ឋានមិនឃើញ»។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តលោកស្រី កុយ សុដានី បានថ្លែងថា ការរៀបចំឱ្យមានប្រព័ន្ធស្វ័យប្រវត្តិកម្ម សេវាសាធារណៈ និងការចុះបញ្ជីលក់លេខពិសេស រាជធានី ខេត្ត និងលេខពិសេសផ្ទាល់ខ្លួន ដើម្បីធានាដល់ការប្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស និងមានតម្លាភាព។
លោកស្រីថ្លែងថា គិតមកទល់ពេលនេះ មានរយៈពេល ៣ ឆ្នាំមកហើយ ដែលក្រសួងបានដាក់ឱ្យដំណើរការការលក់លេខពិសេស ផ្ទាល់ខ្លួនក្រោមយន្តការគ្រប់គ្រង និងដឹកនាំដោយគណៈកម្មការអន្តរក្រសួងនៃការលក់លេខចុះបញ្ជីរថយន្តដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ និងត្រូវបានកែសម្រួលឡើងវិញនៅឆ្នាំ២០១៩ លើតួនាទីបន្ថែមក្នុងការផ្តល់ជម្រើសលេខចុះបញ្ជីដ៏សម្បូរបែប ដើម្បីបំពេញនូវតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងស្របតាមការធ្វើសមាហរណកម្មអាស៊ាន និងគិតគូររួមចំណែកប្រមូលចូលថវិកាជាតិផងដែរ។
លោកស្រីរដ្ឋលេខាធិការក្រសួងសាធារណការ រូបនេះថ្លែងថា៖ «សមិទ្ធផលការងារគ្រប់គ្រងលក់លេខចុះបញ្ជីរថយន្ត ដែលសម្រេចបានក្នុងរយៈពេល ៣ ឆ្នាំ កន្លងមកនេះ រួមមាន ការប្រមូលចំណូលពីការលក់លេខចុះបញ្ជីរថយន្ត ដោយគិតពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការអនុវត្តនៃការលក់លេខចុះបញ្ជីរថយន្តបានចំនួនសរុប ១១១ ០៥២ លេខ និងទទួលបានចំណូលសរុបជាង ៥៤ លានដុល្លារ ។ ក្នុងនោះលេខពិសេសផ្ទាល់ខ្លួន គិតចាប់ពីខែមករា ឆ្នាំ២០២០ លក់បាន ១៦ ១៣២ លេខ ទទួលបានចំណូលជាង ២៨ លានដុល្លារ»។
លោកស្រីរដ្ឋលេខាធិការក្រសួងសាធារណការ បន្ថែមថា ដោយឡែកលទ្ធផលនៃការប្រមូលចំណូលក្នុងឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្តសម្រេចបានចំណូលសរុបជាង ២០លានដុល្លារដែលចំណូលទទួលបាននៅឆ្នាំ២០២២ មានកំណើនរហូតដល់ ២២ ភាគរយ បើធៀបនៅឆ្នាំ២០២១៕