ភ្នំពេញៈ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលមានអានុភាព ៨០ មេហ្គាវ៉ាត់ (MW) ដែលវិនិយោគដោយក្រុមហ៊ុនកូរ៉េ SPHP (Cambodia) Co Ltd ជាមួយទឹកប្រាក់វិនិយោគប្រមាណ ២៣១ លានដុល្លារ ដែលកំពុងសាងសង់ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ ដោយថាមពល ដែលបានមកពីវារីអគ្គិសនីនេះនឹងជួយផ្តត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងថាមពលប្រកដោយសុវត្ថិភាព។
យោងតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលមានអានុភាព ៨០ មេហ្គាវ៉ាត់ (MW) ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះដោយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។
លោកថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអានុភាព ១២០ មេហ្គាវ៉ាត់ (MW) កំពុងដំណើរការ។
លោកបន្តថា «វារីអគ្គិសនីនេះ គឺមានថាមពលជារៀងរាល់ថ្ងៃ អត់មានរដូវវស្សា និងរដូវប្រាំងទេ គឺមានជាប់រហូត ដោយសារតែទឹកស្ទឹងពោធិ៍សាត់មានទឹកគ្រប់រដូវ។ នេះបើយោងតាមប្រសាសន៍របស់អគ្គនាយកក្រុមហ៊ុន។ ម៉េចបានគេដាក់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ បើមាន ១ ប្រាកដជាមាន ២ ហើយ ដែលអាចប្រហែលនឹងមានគម្រោង ១ ទៀតនៅខាងលើ ហើយខាងមុខទៀតនឹងមានគម្រោង១ទៀត នៅជាប់ជាមួយព្រំប្រទល់ខេត្តកោះកុង»។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ប្រាប់ភ្នំពេញប៉ុស្តិ៍កន្លងមកថា ក្រសួងរ៉ែ និងថាមពល បានផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុននេះ សិក្សាលទ្ធភាពនៅលើទីតាំងនេះ ចាប់តាំងពីឆ្នាំ២០១២។
លោកបន្តថា ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងរួចហើយជាមួយអគ្គិសនីកម្ពុជា (EDC) សម្រាប់ការលក់ថាមពលទាំងអស់ដែលខ្លួនផលិតបានដើម្បីភ្ជាប់ទៅបណ្តាញជាតិជាមួយនឹងតម្លៃ ០,៧ សេន ដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង។
លោកថ្លែងថា៖ «ក្រុមហ៊ុនកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងដោះមីន ហើយគម្រោងនេះ នឹងបញ្ចប់ត្រឹមឆ្នាំ២០២៣»។
បើតាម លោក ហ្សូនា នេះគឺជាគម្រោងទំនប់វារីអគ្គិសនីទី២ ក្នុងខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នទំបន់វារីអគ្គិសនីតាតៃ ដែលមានអានុភាព ១២០ មេហ្គាវ៉ាត់ បានដំណើរការរួចហើយ។ ខេត្តនេះ ក៏បានទទួលគម្រោងថាមពលសូឡា ចំនួន ២ ទៀត ដែលមានសមត្ថភាពផលិត ៦០ មេហ្គាវ៉ាត់ក្នុងគម្រោងនីមួយៗ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងនៅក្នុងវេទិកាសាធារណៈកាលពីខែតុលា ឆ្នាំមុនថា បច្ចុប្បន្នអគ្គិសនីកើនឡើងដល់ ៩៨,៥ ភាគរយនៃភូមិជាង ១៤០០០របស់ប្រទេសកម្ពុជា។ ដោយមានតែ ១ ភាគតូចនៃគ្រួសារដែលដាច់ដោយឡែក ដែលនៅសេសសល់ក្រៅបណ្តាញជាតិ។
លោកបន្តថា កម្ពុជាកំពុងប្រែក្លាយពីប្រទេសមួយ ដែលខ្វះខាតអគ្គិសនីប្រើប្រាស់ មកជាប្រទេសមួយដែលមានអតិរេកអគ្គិសនីលើសតម្រូវការ។ លោកបញ្ជាក់ថា ថាមពលសរុបដែលផលិតក្នុងស្រុក ឬនាំចូលពីប្រទេសជិតខាងមានជាង ៤០០០ មេហ្គាវ៉ាត់ ខណៈតម្រូវការជាក់ស្តែងមានតែជាង ២០០០ មេហ្គាវ៉ាត់ ប៉ុណ្ណោះ៕