ភ្នំពេញៈ នៅក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាល នៅតែចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនិងការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្មដើម្បីធានាបានសុខសន្តិភាព សន្តិសុខស្បៀង និងពន្លឿនកិច្ចអភិវឌ្ឍន៍ជាតិ ពិសេសយុគសម័យឌីជីថល និងកសាងមូលដ្ឋានឆ្ពោះទៅចក្ខុវិស័យឆ្នាំ ២០៥០។
នៅក្នុងពិធីនោះ លោក ឌិត ទីណា បានលើកឡើងថា ស្ថិតក្រោមមូលបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល” នេះ លោកបានឧទ្ទិសឱ្យខ្លឹមសារនៃមូលបទថ្ងៃនេះក្លាយជាវត្ថុស័ក្តិសិទ្ធិ ជ្រាបចូលដល់អារម្មណ៍បុរសគ្រប់រូប និងសូមឱ្យការរើសអើងគ្រប់រូបភាពមកលើស្ត្រីបានសាបរលាបពីចិត្ត រាងកាយនៃទុទ្ទិដ្ឋិជនទាំងឡាយជារៀងរហូតតទៅ និងសូមឱ្យបុរសគ្រប់រូបមានជំនឿជឿជាក់ថា“ ការជួយស្ត្រីគឺជួយខ្លួនឯង ភាពរីកចម្រើនរបស់ស្ត្រី គឺជាភាពរីកចម្រើនរបស់សង្គមជាតិយើងទាំងមូល”។
លោកបានបញ្ជាក់ថា៖«គ្រប់ការងារទាំងអស់ត្រូវធ្វើការវាយតម្លៃស្មើគ្នារវាងបុរស និងស្ត្រី ហើយក្នុងយុគសម័យឌីជីថលនេះ ត្រូវជួយស្ត្រី សម្រាលបន្ទុកស្ត្រី និងលើកទឹកចិត្តជំរុញឱ្យស្ត្រីក្លាយជាអ្នកដឹកនាំ។រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសលើការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើទីផ្សារកសិកម្មតាមប្រព័ន្ធឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាផ្សេងៗជាដើម»។
នាឱកាស ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីឆ្នាំនេះ មានគោលបំណងរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកបានបន្ថែមថា ចាប់តាំងពីថ្ងៃរំដោះរហូតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្ត្រីរហូតបង្កើតបានជាពាក្យស្លោកថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។អ្វីដែលត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងណាឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះហើយគឺជាការសម្រេចដ៏ធំរបស់ស្ត្រីនាពេលបច្ចុប្បន្ន។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើគឺត្រូវការពង្រឹងអំណាចស្ដ្រីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្ដ្រីនូវគ្រប់ការងារទាំងអស់ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ»។
ទិវាអន្តរជាតិនារី ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោកដើម្បីរំឭកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី៕