
កិច្ចពិភាក្សាអន្តរក្រសួងកាលពីថ្ងៃទី៧ មីនា ។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈអន្តរក្រសួងបានអនុម័តយល់ព្រមឱ្យក្រុមហ៊ុនឯកជនចំនួន ១០ អនុវត្តគម្រោងវិនិយោគឧស្សាហកម្មកែច្នៃរបស់ខ្លួន។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែ ១ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិភាក្សាលើគម្រោងស្នើសុំចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុនទាំង ១០ នេះ កាលពីថ្ងៃទី ៧ មីនា ដែលផ្តោតលើឧស្សាហកម្មកែច្នៃ។
លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អង្គប្រជុំបានពិនិត្យពិភាក្សា និងសម្រេចគាំទ្រការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីទាំង១០នេះដោយភ្ជាប់ជាមួយលក្ខខណ្ឌតម្រូវរបស់គណៈកម្មាធិការអន្តរក្រសួងដែលចាំបាច់សម្រាប់ក្រុមហ៊ុនអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងគោលបំណងបំពេញលក្ខណវិនិច្ឆ័យ ជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (Qualified Investment Projects ”QIP”)។
លោកបានបញ្ជាក់ថា៖ «គម្រោងវិនិយោគថ្មីទាំង១០នេះផ្តោតលើឧស្សាហកម្មដំឡើងបរិក្ខារអេឡិចត្រូនិក ការផលិត និងផ្គុំដំឡើងបន្ទះសូឡា រោងចក្រកែច្នៃ និងវេចខ្ចប់កសិផល កសិដ្ឋានចិញ្ចឹមពូជគោ និងគោសាច់ខ្នាតធំ ដាំដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃ រោងចក្រផលិតគ្រឿងសង្ហារិម គម្រោងទេសចរណ៍អភិវឌ្ឍន៍កោះ និងវិស័យទូរគមនាគមន៍ជាដើម»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការចុះបញ្ជីក្រុមហ៊ុនថ្មីៗមានការកើនឡើង ហើយក្រុមហ៊ុនដែលឈរលំដាប់ជួរមុខនៅតែជាក្រុមហ៊ុនមកពីប្រទេសចិន ជប៉ុន កូរ៉េ ជាដើម។
លោកបានបន្តថា មួយរយៈចុងក្រោយនេះ CDCបានអនុម័តលើគម្រោងវិនិយោគមួយចំនួនដែលមិនមែនជាវិស័យកាត់ដេររួមមានវិស័យឧស្សាហកម្មធុនធ្ងន់ និងធុនមធ្យមមកជាបណ្តើៗហើយ ដូចជា រោងចក្រផលិតសម្បកកង់យានយន្ត,រោងចក្រដំឡើងរថយន្ត,រោងចក្រដំឡើងបរិក្ខារអេឡិចត្រូនិក ការផលិតនិងផ្គុំដំឡើងបន្ទះសូឡាជាដើម ដែលឧស្សាហកម្មទាំងនេះ នឹងក្លាយជាចន្ទល់សេដ្ឋកិច្ចថ្មីមួយទៀតដែលនាំឱ្យកម្ពុជាមិនពឹងផ្អែកលើវិស័យកាត់ដេរទាំងស្រុង។
លោកបានបញ្ជាក់ថា៖«អ្វីដែលគួរឱ្យមោទនភាពនោះគឺគម្រោងវិនិយោគទាំងនេះភាគច្រើនមិនមែននៅក្នុងវិស័យកាត់ដេរ តែភាគច្រើនស្ថិតនៅក្នុងអនុវិស័យដូចជារោងចក្រដំឡើងបរិក្ខារអេឡិចត្រូនិក ការផលិត និងផ្គុំដំឡើងបន្ទះសូឡា រោងចក្រកែច្នៃនិងវេចខ្ចប់កសិផល ដាំដំណាំកសិ-ឧស្សាហកម្ម រោងចក្រកែច្នៃផលិតផលកសិកម្ម ដែលជាឧស្សាហកម្មគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាបាននឹងនរប្រសើរជាងវិស័យកាត់ដេរ»។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាចំនួន៨ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC),ក្រសួងសេដ្ឋកិច្ច,ក្រសួងរៀបចំដែនដី,ក្រសួងឧស្សាហកម្ម,ក្រសួងពាណិជ្ជកម្ម,ក្រសួងការងារ,ក្រសួងរ៉ែ និងថាមពល,ក្រសួងសាធារណៈការ ក្រោមជំនួយពីចក្រភពអង់គ្លេសបានរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀតនិងបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី២ប៊ីលានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជានាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី គ្រឿងផ្គុំអគ្គិសនី សម្ភារអគ្គិសនី មានតម្លៃជាទឹកប្រាក់ជាង២៤៦លានដុល្លារ កើនជាង១៤ភាគរយ ខណៈដែលការនាំចេញគ្រឿងសង្ហារិមផ្សេងៗមានតម្លៃទឹកប្រាក់ជិត៣៧លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២៕