ភ្នំពេញៈ ចំនួន​ដើមទុន​របស់​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា បាន​កើន​ដល់ ៦,៤​ ពាន់​លាន​ដុល្លារ ក្នុងនោះ​វិស័យ​អចលនទ្រព្យ និង​សំណង់ មាន​ដើមទុន​ចុះបញ្ជី​ជិត ១,៧៧ ​ពាន់​លាន​ដុល្លារ ឬ​ស្មើ​ជាង ១/៤ ​នៃ​ចំណែក​ទីផ្សារ​សរុប​។ នេះ​បើ​យោងតាម​សេវា​​កម្ម Online Business Registration Service នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុឱ្យដឹងថា សម្រាប់​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​​កាល​ទី​១ គិត​ត្រឹម​ថ្ងៃទី ​៦ ខែមីនា ឆ្នាំ ​២០២៣ វេលា​ម៉ោង​ ២ រសៀល គឺ​ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal សរុប មាន​ចំនួន ២២ ៧១៣​ ក្រុមហ៊ុន ចំណែក​ក្រុមហ៊ុន​ទទួល​ជោគ​​ជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក ចំនួន ១៣ ៩៤៧ ខណៈ​ការស្នើសុំ​នាម​ករ​ណ៍​បម្រុង​ទុកចំនួន ២ ត្រូវបាន​បដិសេធ​។ ជា​សរុប​ចំនួន​ដើមទុន​ចុះបញ្ជី​មានតម្លៃ ៦,៤​ ពាន់​លាន​ដុល្លារ​។​

​យោងតាម​ក្រសួង​សេដ្ឋកិច្ច សម្រាប់​សកម្មភាព​នៃ​អាជីវកម្ម​ទាំង ៥ ដែលមាន​ដើមទុន​ចុះបញ្ជី​ច្រើនជាងគេ គឺ​ផ្នែក​សាង​​សង់ មាន​ដើមទុន ១,០៣​ ពាន់​លាន​ដុល្លារ ស្មើ ១៦ ​ភាគរយ ​នៃ​ចំនួន​ដើមទុន​សរុប​ប្រមាណ ៦,៤០​ ពាន់​លាន​ដុល្លារ​, ផ្នែក​អចលនទ្រព្យ ​(​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) មាន ៧៣៩ ​លាន​ដុល្លារ ស្មើនឹង ១២ ​ភាគរយ​, សកម្មភាព​ពិគ្រោះ​​យោបល់​ផ្នែក​គ្រប់គ្រង ៣៥៤ ​លាន​ដុល្លារ ស្មើ ៦ ​ភាគរយ​, សកម្មភាព​អន្តរការី​រូបិយវត្ថុ​មាន​ដើមទុន ៣៣២ ​លាន​ដុល្លារ ស្មើ ៥ ​ភាគរយ​, ផ្នែក​កម្មន្តសាល​សម្លៀក​បំពាក់ ​(​លើកលែងតែ​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) មាន​ទុន ៣០៩ ​លាន​ដុល្លារ ស្មើ​ ៥ ​ភាគរយ​, និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន ៣,៦៣ ​ពាន់​លាន​ដុ​ល្លារ ស្មើ ៥៧ ​ភាគរយ​។​

​បន្ទាប់ពី​បានធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់​លើ​នីតិវិធី​ចុះបញ្ជី​ក្រុមហ៊ុន​ឱ្យ​កាន់តែ​ងាយស្រួល​ស្របតាម​បរិបទ​បដិវត្តន៍​ឧស្សា​​ហក​ម្ម ៤.០ រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ​«Single Portal» ដោយបាន​ដាក់​ក្រសួង​​ស្ថាប័នរដ្ឋ ចំនួន​ ៦ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​, ក្រសួងមហាផ្ទៃ​, ក្រសួង​ពា​​ណិ​ជ្ជ​កម្ម​, ក្រសួង​ការងារ​, អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៨ ខែមីនា​ថា តាមរយៈ​កំណែទម្រង់​របស់​រដ្ឋាភិបាល​លើ​ការចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​ដោយ​ប្រើ​ប្រ​ព័ន្ធ​បច្ចេកវិទ្យា ដែលមាន​ភាពងាយស្រួល​ក្នុង​រយៈពេល​ជិត ៣ ​ឆ្នាំ​មកនេះ គេ​សង្កេតឃើញ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវ​កម្មបាន​កើន​ឡើងជា​លំដាប់​។ ការចុះបញ្ជី​ក្រុមហ៊ុន​តាមច្បាប់ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​រដ្ឋាភិបាល​មាន​ភាពងាយស្រួល​គ្រប់គ្រង ការប្រមូល​ពន្ធ និង​ជួយ​ធ្វើឱ្យ​ការប្រកួតប្រជែង​ក្នុង​មុខ​ជំនួញ​កាន់​តែមាន​តម្លាភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​រដ្ឋាភិបាល​ដឹង​ច្បាស់​ពី​ប្រភេទ​អាជីវកម្ម​ដែល​កំពុងមាន​ប្រតិបត្តិ​ការល្អប្រសើរ ឬ​មាន​បញ្ហា​ប្រឈម ដើម្បី​ដាក់ចេញ​នូវ​គោលនយោបាយ ឬ​វិធាន​ការជួយ​គាំទ្រ​នានា​។​

​លោក​បន្តថា ទន្ទឹមនឹងនោះ​ផ្នែក​ឯកជន ក៏​អាច​ដំណើរការ​អាជីវកម្ម​ដោយ​ពេញ​មុខមាត់ និង​មានច្បាប់​ការពារ​ផងដែរ​។​

​លោក​ប្រាប់ថា​៖ «​ការសម្រួល​នីតិវិធី​ចុះបញ្ជី​តាម​ថ្នាល​បច្ចេក​វិទ្យា គឺ​មិន​ត្រឹមតែ​អាចជួយ​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ព័ត៌មាន​ពី​សកម្មភាព​អាជីវកម្ម​បាន​កាន់តែ​សុក្រឹត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បង្ក​ភាពងាយស្រួល​ឱ្យ​ម្ចាស់​អា​ជីវ​កម្ម​មាន​ភាពងាយស្រួល​ចុះបញ្ជី​អាជីវកម្ម​របស់ខ្លួន​ឱ្យស្របច្បាប់ និង​ជួយ​កាត់បន្ថយ​ការ​​ចំណាយ​ក្រៅផ្លូវការ​ផងដែរ​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ខែមិថុនា ឆ្នាំ​ ២០២០ ឱ្យដឹងថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន គឺជា​ផ្នែក​មួយ​នៃ​ការដ្ឋាន​កែទម្រង់​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល ដោយ​ការ​​បង្កើត​ប្រព័ន្ធ​នេះ​ឈរលើ​គោល​​ការណ៍​ចំនួន ៣ រួមមាន ការ​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​, កាត់បន្ថយ​ចំណាយ​, និង​កាត់​បន្ថយ​ពេលវេលា​ត្រួតពិនិត្យ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​ជឿថា ជាមួយនឹង​ការចូល​រួមសហការ​ស្អិតល្មួត​ពី​ក្រសួង​-​ស្ថាប័ន​ទាំង​អស់ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​ដ៏​មាន​សក្តានុពល​លើ​ការផ្តល់​សេវាសាធារណៈ​ឌីជីថល និង​កាលា​​នុ​វត្ត​ភាព​ចំពោះ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការចាប់យក​បច្ចេក​វិទ្យា​ឌីជីថល​ជា​ស្នូល​»៕