
លោកហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធរោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ មីនា ឆ្នាំ២០២៣។ រូបថត Hun Manet's page
កំពង់ស្ពឺៈ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសកលលោក ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា គឺដើម្បីធានាបានថា កម្ពុជា គឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត ដែលក៏ជាបេក្ខជននាយករដ្ឋមន្ត្រី នាពេលអនាគត នៃគណបក្សប្រជាជនកម្ពុជា ផងនោះ បានលើកឡើងបែបនេះ កាលពីថ្ងៃទី ៨ ខែមីនា ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។ លោកបញ្ជាក់ដែរថា ការថែរក្សាឱកាសការងារ តាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនា រវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ គឺដើម្បីធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ សហគ្រាស។
លោកថ្លែងថា៖ «ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសកលភាវូបនីយកម្ម»។
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ថា ការបើករោងចក្រថ្មីៗជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺនេះបានជំរុញកំណើនសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងពលរដ្ឋនានានៅខេត្តជាប់ព្រំដែនខេត្តកំពង់ស្ពីផងដែរ ។
លោកអភិបាលខេត្តបន្តថា ខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្ត ដែលមានការប្រយុទ្ធបង្ហូរឈាមនាសម័យអតីតកាល ក្លាយមកជាខេត្តដែលមានសក្តានុពលយ៉ាងខ្លាំង សម្រាប់អ្នកវិនិយោគ ក្នុង និងក្រៅស្រុក ក្នុងការបើករោងចក្រវាយនភណ្ឌកាត់ដេរ រោងចក្រផលិតសម្ភារសម្រាប់នាំចេញផ្សេងៗទៀតទៅក្រៅប្រទេស។
លោកបញ្ជាក់ថា៖«បើទោះបីជាកន្លងមក យើងបានឆ្លងកាត់ការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែសម្រាប់ខេត្តកំពង់ស្ពឺនៅទទួលបានអ្នកវិនិយោគជាបន្តបន្ទាប់ ដោយបើកនូវរោងចក្រ សហគ្រាសថ្មីៗ ដូចជាមកពីខាងក្រុងហុងកុង ខាងចិន បានស្វែងរកទីតាំងក្នុងការបង្កើតរោងចក្រផលិតកាបូប។ នេះជាសញ្ញាល្អមួយ នៅដើមឆ្នាំនេះ សម្រាប់ខេត្តកំពង់ស្ពឺ ដែលការវិនិយោគទាំងនេះបានបង្កើតការងាររាប់ម៉ឺនកន្លែងសម្រាប់ពលរដ្ឋរបស់យើង»។
បើតាមលោកអភិបាលខេត្ត រហូតមកទល់សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ មានរោងចក្រធុនធំ និងមធ្យម ដែលផលិតសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជាផលិតផលផ្សេងៗទៀត សរុបប្រមាណ ជាង៣៨០រោងចក្រ ដែលបានស្រូបទាញកម្មករបម្រើការងារប្រមាណជាង១៥ ០០០នាក់។
លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់ថា ការបើកដំណើរការរោងចក្រ Aroma Success Garment ដែលជាសមិទ្ធផលរោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Groupនេះ បានបង្ហាញពីសញ្ញាល្អមួយ សម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា ខណៈដែលកន្លងមក មានការព្រួយបារម្ភចំពោះបញ្ហាអតិផរណា និងសង្រ្គាម ដែលបានធ្វើឱ្យការបញ្ជាទិញមានការធ្លាក់ចុះ។
លោកថា ក្នុងចំណោមគម្រោងវិនិយោគដែលបានចុះបញ្ជីថ្មីៗនៅកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្កេតឃើញថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ក៏មានចំនួនច្រើនជាងបណ្តាវិស័យផ្សេងៗទៀតផងដែរ។
លោកលឹម ហេង ថ្លែងថា៖«មិនត្រឹមមានតែរោងចក្រ Aroma នេះទេ ខ្ញុំជឿថា មានរោងចក្រថ្មីៗ ជាបន្តបន្ទាប់ នឹងបើកដំណើរការ ដោយយើងសង្ឃឹមថា ដំណើរការនាំចេញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងទាំងអស់នេះ នៅតែមានភាពវិជ្ជមាន។ ម្យ៉ាងវិញទៀត យើងឃើញថា ការវិនិយោគថ្មីៗ នៅតែបន្តកើនឡើងស្របពេលដែលកម្ពុជា មានអនុគ្រោះពន្ធនានា និងកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម[ផ្សេងៗ] ដែលនឹងសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជាទៅ[ក្រៅ]ប្រទេសឱ្យមានភាពប្រសើរឡើង»។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ក្នុងតម្លៃជាង៩ពាន់លានដុល្លារ កើនឡើងជាង១ពាន់លានដុល្លារ ឬ១៣ភាគរយ ដែលមានចំណែកប្រមាណ៤០ភាគរយនៃការនាំចេញសរុប។ ឯការនាំចេញស្បែកជើងមានតម្លៃ១ ៧៣៧លានដុល្លារ កើនឡើង២៥ភាគរយ និងការនាំចេញសម្ភារធ្វើដំណើរ ក្នុងតម្លៃ ១ ៧៧៧លានដុល្លារ បានកើនឡើង១៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕