
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ពេលជួបភាគីវៀតណាមកាលពីថ្ងៃទី៦ មីនា ។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើសុំភាគីវៀតណាមពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម (តៃនិញ) ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅតំបន់ព្រំដែនរវាងប្រទេសទាំង២បន្ថែមទៀត។
នៅក្នុងជំនួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាមនៅទីក្រុងហូជីមិញកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើដល់ភាគីវៀតណាមឱ្យជួយពន្លឿនការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាមដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)របស់កម្ពុជា-តឺនណាម(តៃនិញ)របស់វៀតណាម ឱ្យរួចរាល់បានឆាប់។
លោកសុខ សុភ័ក្ត្រ បានបញ្ជាក់ថា៖«កម្ពុជាស្នើឱ្យវៀតណាមជួយពន្លឿនលើការងារវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាង ប្រទេសទាំង២ឱ្យបានកាន់តែលឿន ខណៈបច្ចុប្បន្នគូភាគីនៅរង់ចាំតែពិធីសម្ពោធជាផ្លូវការនៃច្រកអន្តរជាតិនេះដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ តែប៉ុណ្ណោះ»។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមនេះនឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មបន្ថែម នៅគ្រាដែលឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំង២មានកំណើនជិត២០ភាគរយបើធៀបនឹងឆ្នាំ២០២១ទោះបីប្រទេសទាំង២រងឥទ្ធិពលពីកូវីដ១៩ និងអតិផរណាក៏ដោយ។
រដ្ឋលេខាធិការរូបនេះបានបន្តថា ម្យ៉ាងវិញទៀតការរៀបចំបំពេញនីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំង២កាលពីខែវិច្ឆិកា ឆ្នាំមុនបានអនុវត្តដោយរលូនផងដែរ។
ជាការឆ្លើយតប លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីវៀតណាមបានឯកភាព ដោយលោកអះអាងថា នឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាមដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ)តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំង២ គ្រោងសម្ពោធច្រកទ្វារអន្តរជាតិនេះនាពេលដ៏ខ្លីខាងមុខ។
លោកបានបញ្ជាក់ថា៖«ភាគីវៀតណាមក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថា ភាគីទាំង២ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួននាពេលដ៏ខ្លីខាងមុខ»។
លោកបានបន្តថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ ពិតជាមានសារៈសំខាន់ដែលនឹងជំរុញបន្ថែមនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យល្អផងដែរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានឱ្យដឹងដែរថា សមាគមបានចុះទៅទស្សនកិច្ចសិក្សា និងស្វែងយ៉ាងច្រើននៅតាមច្រកព្រំដែនរវាងកម្ពុជា និងវៀតណាមដែលមានប្រវែងរហូតដល់ជាង១ ០០០គីឡូម៉ែត្រនិងមានច្រករបៀងច្រើននៅតាមបណ្តាខេត្តនានាដូចជា រតនគិរី តាកែវ កំពត ស្វាយរៀង ព្រៃវែង ជាដើម ប៉ុន្តែច្រកដែលមានការដោះដូរទំនិញអន្តរជាតិច្រើនជាងមានតែច្រកបាវិត និងព្រៃវល្លិ៍ទេ ខណៈដែលច្រកផ្សេងទៀតភាគច្រើនជាច្រកទ្វេភាគី ។
លោកបានបញ្ជាក់ថា៖«ច្រកព្រំដែនជាលក្ខណៈអន្តរជាតិជាមួយវៀតណាមយើងមិនមានច្រើនទេ ភាគច្រើនជាច្រកទ្វេភាគីប៉ុណ្ណោះ។ចំពោះច្រកម៉ឺនជ័យនេះ ក៏ដូចជាច្រកផ្សេងៗទៀតដែរ រួមមានបន្ទាយចក្រី ច្រកភ្នំដិន ជាដើម មានលក្ខណៈសំខាន់ណាស់ក្នុងដោះដូរទំនិញរវាងប្រទេសទាំង២។ ដូចនេះវាជាប្រសើរណាស់ដែលរដ្ឋាភិបាលប្រទេសទាំង២រៀបចំឱ្យមានកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ជាពិសេសដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ)គឺជាដំណឹងល្អមួយសម្រាប់វិស័យដឹកជញ្ជូន »។
បើតាមក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចជំនួបពិភាក្សាការងារនេះ ភាគីទាំង២បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមាន វឌ្ឍនភាពនៃកិច្ចអនុវត្តរួមគ្នា(Joint Undertaking)ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងផ្គុំ និងផ្នែករបស់ទោចក្រយាន និងបានពិភាក្សាអំពីនីតិវិធី និងយន្តការនានាសម្រាប់ជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលទៅទីផ្សារវៀតណាមដើម្បីចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងទឹកប្រាក់ជាង ៦ ១៣៥លានដុល្លារ កើនឡើងជិត២០ភាគរយ ក្នុងនោះការនាំចេញទៅវៀតណាមមានទឹកប្រាក់ជាង២ ១៦៨លានដុល្លារ កើនជិត១០ភាគរយ ខណៈការនាំចូលពីវៀតណាមមកវិញមានទំហំទឹកប្រាក់ជាង៣៩៦៧លានដុល្លារ កើនជាង២៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕