ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បីទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់ ជាពិសេសការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់។
យោងតាមអនុក្រឹត្យលេខ ១ អនក្រ.បក ចុះថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមបានកំណត់ពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម។
ការចុះបញ្ជីនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ, ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់, ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់, ធ្វើឱ្យប្រសើរឡើងគុណភាពសវាទូរគមនាគមន៍, ជំរុញនិងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់និងតម្លាភាព និងចូលរួមកៀរគរចំណូលថវិកាជាតិ។
អនុក្រឹត្យបានបន្តថា ការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ត្រូវគោរពគោលការណ៍មួយចំនួន ក្នុងនោះរួមមាន ភាពត្រឹមត្រូវនៃអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ការចុះបញ្ជីឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមជាកាតព្វកិច្ច លើកលែងតែឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមរបស់ទេសចរ ឬអ្នកដំណើរពីក្រៅប្រទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជាមិនលើស រយៈពេល ៦០ ថ្ងៃ។
ដោយឡែក ប្រភេទឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដែលតម្រូវឱ្យចុះបញ្ជីក្នុងប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម មានជាអាទិ៍ទូរស័ព្ទឆ្លាតដែលប្រើស៊ីម ឬស៊ីស៊ីម, ទូរស័ព្ទធម្មតាដែលប្រើស៊ីម, ទូរស័ព្ទអចល័តឥតខ្សែដែលប្រើស៊ីម, កុំព្យូទ័របន្ទះដែលប្រើស៊ីម,កុំព្យូទ័រប្រភេទភីឌីអេ, កុំព្យូទ័រ និងកុំព្យូទ័រយួរដៃដែលប្រើស៊ីម, ឧបករណ៍ដងហ្គោលដែលប្រើស៊ីម, ម៉ូដឹមដែលប្រើស៊ីម, ឧបករណ៍រ៉ាទ័រដែលប្រើស៊ីម, សៀវភៅអេឡិចត្រូនិកដែលប្រើស៊ីមនិងសម្ភារ ឬឧបករណ៍ផ្សេងទៀត ដែលកំណត់ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.)។
អនុក្រឹត្យនេះបានបញ្ជាក់ថា៖ «ការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមអាចធ្វើបន្ទាប់ពីការទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់យថា ប្រភេទនិងតែមប្រតិវេទន៍បច្ចេកទេស។ម្ចាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមអាចរាយការណ៍ និងស្នើសុំប្រតិបត្តិករទូរស័ព្ទចល័តឱ្យផ្អាកដំណើរការ ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ក្នុងករណីមានការបាត់ដោយហេតុណាមួយ ជាអាទិ៍ អំពើចោរកម្មឬការបាត់ ដោយខ្លួនឯង»។
ក្នុងករណីរកឃើញឬយកបានឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមនោះមកវិញ ម្ចាស់ឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីមមានសិទ្ធិស្នើសុំប្រតិបត្តិករទូរស័ព្ទចល័តដាក់ឱ្យដំណើរការឡើងវិញនូវឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមនោះ។ លក្ខខណ្ឌនិងនីតិវិធីនៃការរាយការណ៍ពីឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមដែលបាត់ និងរកឃើញឬយកបានមកវិញ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ប.ទ.។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានស្វាគមន៍ចំពោះការបង្កើតអនុក្រឹត្យនេះឡើង បើក្នុងន័យការពារសុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់ ដើម្បីកុំឱ្យមានគេតេគំរាមកំហែង គឺពិតជាល្អ ប៉ុន្តែបើក្នុងន័យការរឹតត្បិត ឬ ការគ្រប់គ្រងលើព័ត៌មានឯកជនភាព របស់អ្នកប្រើប្រាស់គឺមិនល្អនោះទេ។
លោកបន្តថា ក្នុងន័យនេះ កាលពីកន្លងមក ក៏មានករណីលួចស្តាប់ ការសន្ទនាតាមទូរស័ព្ទ ដែលនេះជាអំពើខុសច្បាប់មួយ។ ម្យ៉ាងទៀត កាលពីកន្លងមកនេះ ក៏មានការតេគំរាមកំហែង និងការផ្ញើសារគំរាមកំហែងទៅដល់សកម្មជនសិទ្ធិមនុស្ស ប៉ុន្តែនៅពេលដាក់បណ្តឹងទៅក្រសួងប្រៃសណីយ៍ មិនមានឃើញចំណាត់ការណាមួយសមស្របនោះដែរ។
លោក មឿន តុលា បានថ្លែងថា៖«កន្លងមកនេះ សូម្បីតែក្រុមហ៊ុនទូរស័ព្ទមួយចំនួន អនុញ្ញាតឱ្យលក់ស៊ីមកាត ប៉ុន្តែ អត់មានចុះលិខិតស្នាមត្រឹមត្រូវ តែយ៉ាងណាក៏គេអាចចាប់បានដែរ បើចង់។ ដូចខ្ញុំនិយាយអុីចឹង បើបង្កើតមកដើម្បីគ្រប់គ្រងការពារប្រជាពលរដ្ឋ យើងស្វាគមន៍ តែខ្ញុំខ្លាចតែយកធ្វើគោលបំណងផ្សេងទេ»។
លោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បដិសេធមិនឆ្លើយពាក់ព័ន្ធនឹងបញ្ហាខាងលើនេះនោះទេ ដោយលោកមិនមានព័ត៌មាន និងមិនបានចូលរួមធ្វើអនុក្រឹត្យនេះ ហើយលោកបង្វែរឱ្យធ្វើទំនាក់ទំនងទៅលោក ខូវ មករា អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប៉ុន្តែមិនអាចទាក់ទងបាន។
សូមបញ្ជាក់ផងដែរថា អនុក្រឹត្យស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ប្រើស៊ីមនេះ មាន១៥ ជំពូក និង៤៣មាត្រា៕