ភ្នំពេញៈ កម្ពុជា ​តាមរយៈ​ក្រសួង​ទេសចរណ៍ ​បាននិង​កំពុង​ខិតខំ ​ជំរុញ​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ ​និង​ការលក់កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​នៅ​លើ​ទីផ្សារ​អាល្លឺម៉ង់ ​ក្នុង​ពិព័រណ៍​ទេសចរណ៍ ​ITB Berlin 2023 ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ៧-៩ ​ខែមីនា ​ឆ្នាំ ២០២៣ ​នៅ​ទីក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់។

លោក​ថោង រដ្ឋសក្តិ ​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ក្រសួង​ទេសចរណ៍ ​និង​ជាសមាជិក​ក្រុមការងារ​ការទូត​សេដ្ឋកិច្ច​របស់​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​បានឱ្យដឹងថា ​ការចូលរួម​របស់​កម្ពុជា ​គឺ​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ចក្ខុវិស័យ​ស្តីពី​ផែនការ​ស្តារ ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ ក្នុង ​និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ​ដំណាក់កាល​ទី២​(២០២០-២០២៥) ​និង​បន្ត​ផ្សព្វផ្សាយ​យុទ្ធនាការ ​«ឆ្នាំ​ទស្សនា​កម្ពុជា ​២០២៣» ​ក្រោម​ពាក្យស្លោក ​«គ្រប់​ថ្ងៃ​គឺជា​អច្ឆរិយភាព» ​ដោយ​ផ្ដោត​សំខាន់​ទៅលើ​កីឡា ​និង ​MICE។

លោក​អគ្គនាយក​បញ្ជាក់ថា​៖«កិច្ចសហការ​នេះ ​ធ្វើឡើង ​ដោយ​យោងតាម​ជំនួប​ពិភាក្សា​ការងារ ​រវាង​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​និង​ប្រធានា​ធិបតី​អាល្លឺម៉ង់ ​កាលពី​ថ្ងៃទី១៥ ​ខែកុម្ភៈ ​ឆ្នាំ២០២៣ ​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ​ជាលើក​ដំបូង ​បន្ទាប់ពី​វិបត្តិ​កូវីដ១៩ ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា-​អាល្លឺម៉ង់»។

លោក​ថោង រដ្ឋសក្តិ​ បានបន្តថា ​កម្ពុជា​ក៏បាន​ផ្សព្វផ្សាយ​អំពី​ការធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ​ឆ្នាំ២០២៣ ​ក្រោម​ប្រធានបទ ​«កីឡា​រស់​ក្នុង​សន្តិភាព» ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ​កាន់តែ​ច្រើន​មក​ទស្សនា​កម្ពុជា ​ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ឯកជន​លើ​ទីផ្សារ​អឺរ៉ុប ​ជាពិសេស​អាល្លឺម៉ង់»។

ជាមួយ​គ្នានេះ ​ប្រធាន​ក្រុមប្រឹក្សាភិបាល ​ក្រុមហ៊ុន​ IMCT ​ខូ​អិល​ធី​ឌី ​និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​(PATACC)​លោក​ធួន ស៊ីណាន ​ឱ្យដឹងថា ​ការតាំង​ពិព័រណ៍​ទេសចរណ៍ ​ITB Berlin 2023​នេះ ​មិនមែន​ផ្តោតតែ​លើ​ទីផ្សារ​អាល្លឺម៉ង់​នោះ​ទេ ​ព្រោះ​វា​ជា​ព្រឹត្តការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​របស់​ពិភពលោក។ ការចូលរួម​លក់​កញ្ចប់​ទេសចរណ៍​នៅ​ទីនោះ​មិនត្រឹម​សម្រាប់​ទីផ្សារ​អាល្លឺម៉ង​មួយ​នោះ​ទេ ​ថែមទាំង​ទីផ្សារ​សហភាព​អឺរ៉ុប​ទាំង​មូល​ផង​ដែរ។

លោក​ប្រាប់ថា​៖«ការចូលរួម​របស់​រដ្ឋាភិបាល ​និង​វិស័យ​ឯកជន​នៅ​ក្នុង​ពិព័រណ៍​ទេសចរណ៍​នេះ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការផ្សព្វផ្សាយ​ពី​កម្ពុជា ​ជាគោលដៅ​ទេសចរណ៍​មួយ​ដែល​មាន​ភាពសម្បូរបែប ​ដោយ​មិនត្រឹមតែ​ការលក់​កញ្ចប់​ទស្សនកិច្ច​ប៉ុណ្ណោះ​នោះ​ទេ»។

បើ​តាម​លោក​ថោង រដ្ឋសក្តិ ​នា​ព្រឹត្តិការណ៍​នោះ​ដែរ​ ប្រតិភូ​ក្រសួង​ទេសចរណ៍ ​នឹង​ចូលរួម​សិក្ខាសាលា ​និង​កិច្ចប្រជុំ​សំខាន់ៗ​មួយចំនួន​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO) ​ដូចជា ​កិច្ចប្រជុំ​តុមូលរដ្ឋមន្ត្រី​ទេសចរណ៍​ ​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការធ្វើជា​ម្ចាស់​នៃ​ការផ្លាស់​ប្តូរ​លើ​មាត្រដ្ឋាន​សកល ​(ITB Ministers Roundtable: Mastering Trans​for​mation on a Global Scale) ​កិច្ចប្រជុំ​តុមូល​ឧស្សាហកម្ម​ក្នុង​ការផ្លាស់ប្តូរ​ក្នុង​ការធ្វើដំណើរ ​(Industry Roundtable: Transition in Travel)។ សិក្ខាសាលា​ស្ដីពី​ការរំពឹង​ទុក ​និង​ការព្យាករ​ពី​ទស្សនៈ​របស់​អតិថិជន​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ថ្ងៃស្អែក​(Expectations and Forecasts from the Customers’ Perspective for the Travel Industry of Tomorrow) ​សិក្ខាសាលា​ស្ដីពី​ការចាប់ផ្តើម​នៃ​ការសិក្សា​សកម្មភាព​អាកាសធាតុ​នៃ​វិស័យ​ទេសចរណ៍ ​ការពិនិត្យ​ឡើង​វិញ​អំពី​វិធីសាស្រ្ត ​និង​ឧបករណ៍​វាស់វែង​បច្ចុប្បន្ន ​និង​អនុសាសន៍​សម្រាប់​ផ្លូវ​ឆ្ពោះ​ទៅមុខ ​(Launch of Study: Tourism Sector’s Climate Action - A Review of Current Measurement Methodologies and Tools and Recommendations for the Way Forward)។

របាយ​ការណ៍​ពី​ក្រសួង​ទេសចរណ៍ ​បានបង្ហាញថា ​រយៈពេល​ពេញ​១ឆ្នាំ​២០២២​កន្លងទៅ​ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ បាន​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​ប្រមាណ ​២,២លាន​នាក់​។ ​ក្នុង​នោះ​ភ្ញៀវទេសចរ​ថៃ​ឈរ​នៅ​លំដាប់​លេខ​រៀងទី១​ បន្ទាប់​មក​ភ្ញៀវ​ទេសចរ​វៀត​ណាម​ ឈរ​នៅលំ​ដាប់​លេខ​រៀង​ទី២ ​និង​ភ្ញៀវទេសចរ​អាមេរិក​ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី៣។​

ក្រសួង​បានបន្តថា ​ភ្ញៀវទេសចរ​អន្តរជាតិ ​២,២លាននាក់​នេះ ​ក្នុង​នោះ​ភ្ញៀវទេសចរ​ថៃ ​មាន​ជិត​១៣ម៉ឺន​នាក់ ​ភ្ញៀវទេសចរ​វៀតណាម ​មាន​ជិត​ ៦ម៉ឺន​នាក់ ​និង​ភ្ញៀវទេសចរ​អាមេរិក​មាន​ចំនួន​១៥ ៧៦៧នាក់។ ក្រៅពី​នេះ​ភ្ញៀវទេសចរ​ឡាវ​ មាន​ចំនួន​១៤ ៩៥៩នាក់ ​ចិន​មាន​១៤ ៧៣៣​នាក់ បារាំង​មាន​៩ ៥៤៥នាក់ ​ឥណ្ឌូនេស៊ី​មាន ​៩ ០៤៥នាក់ ​កូរ៉េ​ខាងត្បូង​មាន​ ៨ ៨៤៧នាក់ ​អង់គ្លេស​មាន ​៨ ០៦៩នាក់ ​និង​ម៉ាឡេស៊ី​មាន​ចំនួន​ ៦ ៤៧២នាក់។ ចំណែក​ភ្ញៀវទេសចរ​ប្រទេស​ផ្សេងៗ​មាន​ការកើន​តិចតួច​តែ​ប៉ុណ្ណោះ ​បើ​ធៀប​នឹង​ឆ្នាំ២០២១៕