អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈ ភីធីធី តាមបណ្តារាជធានី-ខេត្តចំនួន ១៦ បន្ថែមទៀត ខណៈគម្រោងនេះត្រូវបានអនុវត្តក្នុងឆ្នាំ ២០២២ កន្លងទៅទទួលបានជោគជ័យ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៩ ខែមីនា បញ្ជាក់ថា ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈ ភីធីធី តាមបណ្តារាជធានី-ខេត្តក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។
ក្រសួងបន្តថាគម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ភីធីធី(PTT)ចំនួន ២០។
នៅឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការពង្រីកការអនុវត្ដគម្រោងដដែលនៅក្នុងរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន ១៩ គឺមាននៅរាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ស្ពឺ ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដព្រះសីហនុ។
បើតាមក្រសួងពាណិជ្ជកម្ម ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត នេះផងដែរ ដោយយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀតថា ការដាក់តាំងបង្ហាញលក់នៅតាមស្ថានីយប្រេងឥន្ធនៈ ភីធីធី នឹងចាប់ផ្ដើមនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងខែមីនា ខែឧសភា ខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្វាគមន៍ពីគម្រោងនេះ ព្រោះវាជាចំណុចល្អ ក្នុងការលើកកម្ពស់ និងផ្លាស់ប្តូរផ្នត់គំនិត របស់អ្នកប្រើប្រាស់ជាពិសេសប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅទិញផលិតផលរបស់បរទេស យកមកប្រើប្រាស់ ហើយងាកមករកទិញផលិតផលរបស់ខ្មែរវិញ។
លោកបន្តថា ផលិតផលខ្មែរ មិនមែនមានន័យថាគ្មានគុណភាព និងស្តង់ដានោះទេ ប៉ុន្តគ្រាន់តែបាត់ទំនុកចិត្តពីប្រជាជន។ ដូច្នេះ នៅពេលដែលមានការដាក់លក់បែបនេះ នឹងបញ្ជ្រាបការយល់ដឹងបន្តិចម្តងៗ ដល់ស្រទាប់យុវជន ជាពិសេស អ្នកដំណើរការឆ្លងកាត់នៅតាមស្ថានីយលក់ប្រេង ភីធីធី (PTT) ដែលភាគច្រើនជាយុវជន នឹងធ្វើឱ្យពួកគេ ឱ្យតម្លៃលើផលិតផលខ្មែរទាំងនេះ។
លោកថ្លែងថា៖«វាជាកត្តាសំខាន់ សម្រាប់ជំរុញឱ្យការបង្វែរទិសនៃគំនិតរបស់យុវជនទាំងនោះ ឱ្យមកស្រឡាញ់ផលិតផលខ្មែរមកវិញ ហើយក៏វាបានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានដំណើរការល្អប្រសើរជាងមុនផងដែរ»៕