កំពង់ឆ្នាំងៈ គម្រោងស្ថាបនាផ្លូវ ១ ខ្សែ ដែលមានប្រវែង ៥៧ គីឡូម៉ែត្រ និងស្ពានដែលឆ្លងកាត់ដៃទន្លេ ដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤ ខាងមុខដោយអន្តរក្រសួងអះអាងថា គម្រោងនេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានបឹងទន្លេសាបឡើយ។
ក្នុងដំណើរចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំងរបស់អន្តរក្រសួង កាលថ្ងៃទី ៩ ខែមីនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ គម្រោងស្ថាបនាផ្លូវ ១ ខ្សែដែលមានប្រវែង ៥៧ គីឡូម៉ែត្រនឹងចាប់សាងសង់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជាមួយនឹងការស្ថាបនាផ្លូវ ១ ខ្សែនេះ ក៏មានការសាងសង់ស្ពានឆ្លងកាត់ដៃទន្លេប្រវែងរហូតដល់ទៅ ៣ ៣០០ ម៉ែត្រ ដែលជាស្ពានវែងជាងគេ នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាផងដែរ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ក្រោយការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ ២០១៩ ដើម្បីកសាងផ្លូវ ៥០ សេ (50C) ប្រវែង ៥៨ គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៤ ដោយមិនមានការពន្យារពេលឬយឺតយ៉ាវទៀតឡើយ»។
គម្រោងនេះគឺបានសិក្សារួចរាល់ហើយ បន្ទាប់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសិក្សាយ៉ាងលម្អិតទៅលើក្រុមហ៊ុនសាងសង់ សាវ៉ាក់ ខុនស៊ុលថិន ឃើញថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយដល់បរិស្ថាន ធនធានធម្មជាតិ បញ្ហាបង្វែរចរន្តទឹក ការបំផ្លាស់ទីរបស់ត្រីនៅក្នុងទន្លេ និងសង្គមនោះឡើយ។
លើសពីនេះ គម្រោងសាងសង់ផ្លូវ ៥០ សេប្រវែងជាង ៥៨ គីឡូម៉ែត្រមានទីតាំងស្ថិតនៅក្នុងតំបន់បឹងទន្លេសាបប្រមាណ ១៥០ ហិកតា ដែលផ្លូវនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ គម្រោងផ្លូវនេះដែរក៏មានលូប្រមាណ ១០០ លូនិងស្ពានចំនួន៥។
ជាមួយគ្នានេះដែរ លោក សាយ សំអាល់ ក៏បានបញ្ជាក់ដែរថា ក្រោយពីបានសិក្សាយ៉ាងលម្អិត និងច្បាស់លាស់ពីផលប៉ះពាល់នៃគម្រោងសាងសង់ផ្លូវ និងស្ពាននេះ រួចមកឃើញថា ទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងទន្លេនេះគឺមិនមានផលប៉ះពាល់ ដល់មុខងារប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបធ្ងន់ធ្ងរទេ បើយើងប្រៀបធៀបទៅហ្នឹងទំហំបឹងទន្លេសាបទាំងមូល។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវ និងស្ពាននេះដែរ លោកស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងបានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះវត្តមាននៃសមិទ្ធផលថ្មីៗរបស់ខេត្តកំពង់ឆ្នាំងនាពេលខាងមុខ។ លោករំពឹងថា គម្រោងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តនានាឆ្ពោះទៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែ ស្ទុះឡើងថែមទៀត។
បច្ចុប្បន្ន ស្ពានដែលវែងជាងគេនៅកម្ពុជាគឺស្ពានអ្នកលឿងមានប្រវែង ២ ២១៥ ម៉ែត្រ ដែលចំណាយថវិកាសាងសង់ប្រមាណជា ១៣០ លានដុល្លារអាមេរិក។ គម្រោងផ្លូវ ៥០ សេនេះ មានប្រវែង ៥៨ គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣ ៣០០ ម៉ែត្រ ដែលតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនេះ វានឹងក្លាយជាស្ពានវែងជាងគេនៅកម្ពុជា ដែលគ្រោងនឹងចំណាយថវិកាក្នុងការសាងសង់ជាង ២៥០ លានដុល្លារដោយបែងចែកទៅផ្លូវប្រហែល ១៥០ លានដុល្លារ និងស្ពានប្រហែលជា ១០០ លានដុល្លារ។
នេះបើតាមលោក ស៊ុន ចាន់ថុល។ លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានលោកធ្វើលិខិតគោរពស្នើសុំលោកនាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ ធ្វើយ៉ាងណាស្នើសុំថវិកាពីប្រទេសចិន ដើម្បីឈានទៅចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៤ ដោយលោកហ៊ុន សែនក៏បានចារឯកភាពយកជម្រើសនេះផងដែរ៕