ភ្នំពេញៈ ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ព័រថេសិន ឯ.ក (KLP.T Transportation Company Limited) បោះទុនវិនិយោគចន្លោះពី ៣០០-៥០០ លានដុល្លារលើការសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង ខណៈវិស័យឯកជនមើលឃើញថា កំពង់ផែនេះនឹងជួយលើកកម្ពស់ចរាចរណ៍ទំនិញ ពិសេសផលិតផលកសិផលពីបណ្តាខេត្តជាប់ទន្លេសាបទៅទីផ្សារអន្តរជាតិ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ លោក ស៊ុន ចាន់ថុល បាននិយាយថា កំពង់ផែពហុបំណងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ពីបណ្តាខេត្តនៅតាមទន្លេសាបទៅចែកចាយទូទាំងប្រទេស ឬទីផ្សារអន្តរជាតិ។
លោកបន្ថែមថា នេះជាកំពង់ផែពហុបំណងដូច្នេះក្នុងគម្រោងនេះនឹងមានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា តំបន់កំពង់ផែ, ឡូជីស្ទិក ឃ្លាំងស្តុក ស្ថានីយប្រេង និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
លោកប្រាប់ថា៖ «គម្រោងកំពង់ផែពហុបំណងនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ចដូចជា បង្កើតការងារជូនប្រជាពលរដ្ឋ, ជួយទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា និងជួយនាំយកផលិតផលរបស់យើងទៅលក់នៅបរទេស។ សេដ្ឋកិច្ចជាតិនឹងរីកចម្រើនដោយសារការចូលរួមរបស់ផ្នែកឯកជនក្នុងការកសាងកំពង់ផែពហុបំណងនៅក្នុងខេត្តកំពង់ឆ្នាំង»។
យោង KLP.T Transportation Company Limited កំពង់ផែនេះស្ថិតលើផ្ទៃដីទំហំ ១០០ ហិកតា ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងគម្រោងនេះនឹងមានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ជញ្ជីងថ្លឹងរថយន្តដឹកទំនិញ និងកន្លែងទម្លាក់ទំនិញ ជាដើម។
កំពង់ផែនេះចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ ដោយមកដល់ពេលនេះសម្រេចការសាងសង់បានហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា កំណាត់ផ្លូវតភ្ជាប់ពីផ្លូវ ៥០ C មកកំពង់ផែ សម្រេចបាន ៧០ ភាគរយ និងកំណាត់ផ្លូវពីកន្លែងជញ្ជីងថ្លឹងទៅកំពង់ផែ សម្រេចបាន ៩០ ភាគរយ។ នេះបើតាមក្រុមហ៊ុន។
លោក ចាន់ថុល លើកឡើងទៀតថា សម្រាប់ការសាងសង់គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ។ ទោះបីយ៉ាងណា លោកបានស្នើឱ្យក្រុមហ៊ុនសហការជាមួយអាជ្ញាធរពាក់ព័ន្ធឱ្យបានល្អ ដើម្បីធ្វើឱ្យការសាងសង់មានលក្ខណៈស្តង់ដា និងស្របច្បាប់។
តំណាងក្រុមហ៊ុន KLP.T Transportation បានឱ្យដឹងថា កំពង់ផែនេះនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅទីផ្សារអន្តរជាតិ ព្រមទាំងជួយកាត់បន្ថយជាអតិបរមានៃការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ និងកាត់បន្ថយការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។
បើតាមក្រុមហ៊ុនក្នុងគម្រោងនេះ ក្រុមហ៊ុននឹងបង្កើតមណ្ឌលសន្និធិប្រេង ដោយមានការសាងសង់ជាពោងស្តុកប្រេង សម្រាប់ធ្វើការចែកចាយក្នុងប្រទេស, បង្កើតរមណីយដ្ឋានទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស ជាដើម។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមីនាថា ផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន និងចម្រុះ កំពុងផ្តល់ផលវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ច។ ការដឹកជញ្ជូនតាមផ្លូវទឹកគឺមានភាពងាយស្រួល ចំណាយតិច មានបរិមាណច្រើន និងមិនសូវមានហានិភ័យ។
លោកថ្លែងថា៖ «ការបង្កើនឱ្យមានកំពង់ផែពហុបំណង ឬផែរណបកាន់តែច្រើននឹងជួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីតាមបណ្តាតំបន់ជាប់មាត់ទឹកកាន់តែងាយស្រួល ហើយក៏អាចយកមកប្រមូលផ្តុំគ្នានៅកំពង់ផែណាមួយដើម្បីដឹកជញ្ជូននាំចេញទៅទីផ្សារអន្តរជាតិ»៕