ភ្នំពេញៈ ក្រុមហ៊ុន China Railway Group Limited (CREC) ដែលមានទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសម៉ាឡេស៊ី បានណែនាំអំពីសេវាកម្មផ្សេងៗរបស់ខ្លួនក្នុងការរចនា សាងសង់សំណង់ អភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងការចូលរួមការងារដែលខ្លួនធ្លាប់បានអនុវត្តកន្លងមកលើវិស័យដឹកជញ្ជូន ព្រមទាំងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន (High-Speed Train)។
ការបង្ហាញការចាប់អារម្មរណ៍នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុន CREC កាលពីថ្ងៃទី ៩ មីនា។
ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន លោករដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ។
ក្នុងនោះរួមមាន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) ពិសេសលើប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញ- ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញជាដើម។
ជាពិសេសទៅទៀតនោះ គឺការសិក្សាគម្រោងផ្លូវរថភ្លើងទីក្រុង (Phnom Penh Urban Light Rail) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។
ជំនួបពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ និងជំរុញកាត់បន្ថយការចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូន៕