ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​មន្ត្រី​ត្រូវ​ពិនិត្យ​លើ​សក្តានុពល ប្រភព​អត្តសញ្ញាណ​ផលិតផល និង​បែបបទ​ពាណិជ្ជកម្ម​នៃ​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​។​

​លោក​ណែនាំ​ដូច្នេះ​ក្នុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ប៉ូល​សេដ្ឋកិច្ច​ថ្មី​ភាគ​ពាយ័ព្យ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម នា​ថ្ងៃទី​១០ ខែមីនា​។​

​លោក ឌិ​ត ទីណា លើកឡើងថា កិច្ចប្រជុំ​ប្រមូល​ធាតុ​ចូល​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ប៉ូល​សេដ្ឋកិច្ច​ថ្មី​ប្រសូត្រ​ឡើង​តាម​ការគ្រោងទុក និង​អាចជួយ​សម្រួល​ដល់ទី​ផ្សា​រ ក្នុងការ​នាំចេញ​និង​នាំចូល​ផលិតផល​រវាង​កម្ពុជា​និង​ចិន សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជា​គោល ដោយ​គោរព​ទៅតាម​អនាម័យ​និង​ភូតគាម​អនាម័យ (SPS) ព្រមទាំង​និរន្តរភាព​សេដ្ឋកិច្ច​និង​បរិស្ថាន​។​

​ក្រសួង​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អនុវិស័យ​នីមួយៗ ត្រូវ​ពិនិត្យ​លើ​សក្តានុពល ប្រភព​អត្តសញ្ញាណ​ផលិតផល (GI) ព្រមទាំង​បែបបទ​ពាណិជ្ជកម្ម​នៃ​ប្រទេស​សមាជិក WTO ដោយ​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​។ ក្រៅតែពី​ការនាំចេញ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​ការ​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ពី​ប្រទេស​ចិន​ផងដែរ​»​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា តាមរយៈ​កិច្ចប្រជុំ​នេះ ក្រុមការងារ​នៅតាម​អនុវិស័យ​នីមួយៗ ត្រូវ​រៀបចំ​គម្រោង​សំណើ​នៃ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ទាំង​រយៈពេល​ខ្លី មធ្យម និង​វែង ដោយ​ភ្ជាប់​ជាមួយ​ច្រករបៀង «​មច្ឆា និង​អង្ករ​» សម្រាប់​ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ​សម្រេច ដោយ​ត្រូវ​គិតពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច​យ៉ាងហោចណាស់​ឱ្យបាន​រយៈពេល​ ១​ ទសវត្សរ៍​៕​