នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ២០២៣ នៅខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២៣ លោក ឈួន ដារ៉ា រដ្ឋមន្ដ្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋ​លេខាធិការ​ក្រសួង​​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ផលិតករ សិប្បករ​កម្ពុជា គួរ​គប្បី​យកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍផលិតផល ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ឱ្យ​គាំទ្រ​កាន់តែ​ច្រើន។

លោកបាន​បន្ថែម​ថា ការអភិវឌ្ឍ​សម្បក​វេចខ្ចប់ គឺជា​ចំណុច​ទាក់ទាញ ហើយ​ផលិតផល​និង​សេវាត្រូវ​មាន​គុណភាព មាន​សុវត្ថិភាព និង​ជាទី​ទុកចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់។ ហើយ​ក្រសួង​បានមើលឃើញ​ពីភាព​ខិតខំ​ប្រឹងប្រែង​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា ក្នុងរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះឡើង ដើម្បី​ជួយ​ជំរុញ​សកម្មភាព​ទីផ្សារ​នៅមូលដ្ឋាន​ឱ្យ​មានចលនា​កក្រើក​ឡើងវិញ​បន្ទាប់ពី​អាក់ខាន​មួយរយៈពេល​ដោយសារ​វិបត្តិ​កូវីដ១៩។

លោក​បញ្ជាក់​ថា៖«វិស័យ​ឯកជន គឺជាដៃគូ​សហការ​ដ៏សំខាន់​របស់​រាជរដ្ឋាភិបាល ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៅ​កម្ពុជា ហើយ​សូម​ឱ្យ​ផលិតករ​កម្ពុជា ខិតខំ​បន្ថែមទៀត​ក្នុង​ការផលិត​ទំនិញ​សម្រាប់​បម្រើ​ទីផ្សារ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ជាសេនាធិការ​ខិតខំ​ចរចា​បើក​ច្រក​ទីផ្សារ​បាន​ច្រើន​រួច​មក​ហើយ»។

លោក​ក៏បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់​សភា​ពាណិជ្ជកម្ម ក៏ដូចជា​ដៃគូ ខិតខំ​ពង្រីក​សកម្មភាព​ពាណិជ្ជកម្ម និង​សហការគ្នា​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ នៅតាម​បណ្តា​ខេត្ត​ដទៃ​ទៀត ជាពិសេស​ខេត្ត​​ដែល​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍។

នាឱកាស​នោះដែរ លោក ភួ វាសនា ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង បានថ្លែង​ថា ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ២០២៣ នៅពេល​នេះ ចាត់ទុក​ថា ជាលើកដំបូង​សម្រាប់​សភាពាណិជ្ជកម្ម​ក្នុង​ការជំរុញ និង​លើក​កម្ពស់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​មូលដ្ឋាន​ផង។

លោកបាន​បញ្ជាក់​ថា៖«មិនត្រឹម​តែប៉ុណ្ណោះ ពិព័រណ៍​នេះ ក៏ជួយ​សម្រួល​ចរន្ត​ទីផ្សារ​ជូន​សមាជិក សមាជិកា​សភា​ពាណិជ្ជកម្ម​ផង ដែល​កន្លងមក​បាន​ជួប​ប្រទះ​នូវ​ការលំបាក​មួយ​ចំនួន ដូចជា​ការជ្រៀត​ចូល​ទីផ្សារ និង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ផលិតកម្ម ដែលជា​ការលំបាក​ក្នុង​ការប្រកួតប្រជែង​ជាដើម»។

លោក លឹម សុជាតិ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា តំណាង​ឱ្យ​វិស័យ​ឯកជន​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា បានឱ្យ​ដឹង​ដែរថា ពិព័រណ៍​នេះ ផ្តោតលើ​ការពង្រឹង​រចនា​សម្ព័ន្ធ​ទីផ្សារ តាមរយៈ​ការប្រមូល​កៀរគរ​ផលិតផល និង​សេវា ដែល​សមាជិក​សភា​ពាណិជ្ជកម្ម​រាជធានី-ខេត្ត​ផលិត​បាន នាំមក​ដាក់​បង្ហាញ​ចូល​ទីផ្សារ។

លោកបាន​បញ្ជាក់​ដូច្នេះ​ទៀត​ថា៖«អ្នក​ចូលរួម​ទាំងអស់​នឹង​បាន​សិក្សា​រៀនសូត្រ ដក​ស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញ​ទៅមក តាមរយៈ​ការដាក់​តាំង​បង្ហាញ​ផលិតផល និង​សេវា ជូន​ភ្ញៀវ​ទស្សនា និង​ចូលរួម​ក្នុង​កម្មវិធី​សិក្ខា​សាលា​ពិគ្រោះ​យោបល់ រយៈពេល ៣ ថ្ងៃ ក្រោម​ប្រធាន​បទ​ផ្សេងៗ​ពី​គ្នា ទាក់ទង​នឹង​ផលិតកម្ម ជំរុញ​ទីផ្សារ ពង្រឹង​ការគ្រប់គ្រង​ក្រុមហ៊ុន សហគ្រាស ការអភិវឌ្ឍ​ផលិតផល ជាដើម ដែលបាន​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម»។

សូម​ជម្រាបជូន​ថា ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ២០២៣ ធ្វើ​ឡើង​រយៈពេល​ ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី១០-១២ ខែមីនា ឆ្នាំ២០២៣ នៅក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយមាន​ការដាក់​តាំង​បង្ហាញ និង​លក់ផលិតផល​ខ្មែរ និង​បន្លែ ផ្លែ​ឈើ និង​ផលិតផល​របស់​សហគមន៍​ភូមិ១ ផលិតផល​១ ក្នុង​ខេត្ត​បាត់ដំបង ដែល​មាន​ស្តង់​សរុប​ចំនួន ៧៨ ស្តង់៕