យោងតាមរបាយការណ៍ ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៣ ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ ក្រុមហ៊ុន បាននាំចេញអង្ករចំនួនជិត ១០ ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧២,៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារចំនួន ៣៨ ប្រទេស។
របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំណោមទីផ្សារចំនួន ៣៨ ប្រទេសនោះ ប្រទេសចិន និងតំបន់ស្វយ័តហុងកុងចំនួន ៤៩ ០៥៦ តោន ឬស្មើនឹង ៥០,៣៣ភាគរយ គិតជាទឹកប្រាក់ ចំនួន ៣៣,៩៣ លានដុល្លារ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២១ សម្រេចបានចំនួន ៣៨ ៤៥៦ តោនដែលគិតជា ទឹកប្រាក់មានចំនួន ២៧,២៦ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីចំនួន ៤ ៤០៩ តោន ដែលគិតជា ទឹកប្រាក់មានចំនួន ៣,០២ លានដុល្លារសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ នៅអាហ្វ្រិក អូស្ត្រាលី មជ្ឈឹមបូព៌ា តួកគី រុស្ស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ បានចំនួន ៥ ៥៤៦ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៨,១៤ លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ អង្ករក្រអូបប្រណីតដែលមានពូជស្រូវផ្ការំដួលបានចំនួន ៤៩ ៣៨១ តោន អង្ករសែនក្រអូប ចំនួន ៣៦ ៤៩៥ តោន អង្ករស ចំនួន ៦ ៤៦១ តោន អង្ករចំហុយចំនួន ២ ៨៩០ តោន និងអង្ករសរីរាង្គចំនួន ២២៨៤ តោន។ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៨៧១៣១៩ តោនដែលគិតជាទឹកប្រាក់ប្រមាណជា ២១៧,៨២ លានដុល្លារសហរដ្ឋអាមេរិក។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ បានប្រាប់ថា សហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុង ជំរុញការផ្សព្វផ្សាយអង្ករកម្ពុជានៅគ្រប់ការតាំងពិព័រណ៍អន្តរជាតិទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យឆាប់សម្រេចបានគោលដៅនាំចេញឱ្យបាន១លានតោន ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបានបញ្ជាក់ថា៖«ខ្ញុំ ក៏ដូចជាសមាជិកសហព័ន្ធស្រូវអង្ករទាំងអស់ នឹងប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅដែលយើងបានកំណត់ទុក ដើម្បីប្រជាជននិងប្រទេសជាតិរបស់យើង។យើងនឹងប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការនាំចេញអង្ករឱ្យបានមួយលានតោន នាពេលខាងមុខ ដោយយើងនឹងព្យាយាមពង្រីកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីបន្ថែមទៀត»។
លោកបានបន្ថែមថា នៅក្នុងការតាំងពិព័រណ៍ GULFOOD FAIR នៅឌូបៃ កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករ ប្រមូលបាននាមបណ្ណរបស់អ្នកទស្សនាជាង៧០០ក្រុមហ៊ុន ដែលជាជនជាតិអារ៉ាប់,តំបន់មជ្ឈិមបូព៌ា, រុស្ស៊ី, អឺរ៉ុប, អាមេរិក, អាហ្វ្រិក, អាហ្វ្រិកខាងត្បូង ,អ៊ីរ៉ាក់ ,អ៊ីរ៉ង់, កូវ៉ែត, ហ្គាណា ,កាបុង ជាដើម។ នៅក្នុងការតាំងពិព័រណ៍នេះ មានទីផ្សារប្រភេទថ្មី សម្រាប់អង្ករកម្ពុជា ដោយលទ្ធផល នឹងចេញនៅក្នុងរយៈពេលពីរទៅបីខែខាងមុខនេះ បន្ទាប់ពីមានការពិភាក្សាគ្នារួចមក ភាគីពាក់ព័ន្ធត្រូវការទំនាក់ទំនង ផ្ញើបណ្ណដាក់តម្លៃ ពិនិត្យរកមើលកប៉ាល់ដឹកជញ្ជូនផ្សេងៗទៀត ដើម្បីផ្សារភ្ជាប់រវាងប្រទេសកម្ពុជាទៅតំបន់អារ៉ាប់រួម ក៏ដូចជាអាហ្វ្រិក៕