​ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន ឡុង​ម៉េ​ត លោក​ ហ៊ុន ឡាក់ បានឱ្យដឹងថា នៅ​ដើមឆ្នាំ ២០២៣​ នេះ ការនាំចេញ​ចេក​ស្រស់​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​មាន​ភាព​ប្រសើរ​ឡើងវិញ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដោយសារតែ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ធំ លែងមាន​ការ​​បិទ​ខ្ទប់ មាន​តម្រូវការ​ច្រើន និង​ការដឹកជញ្ជូន​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​បន្តិច​មកវិញ​។​

​លោក​ថា នៅក្នុង​ខែមករា ឆ្នាំ​ ២០២៣ ការនាំចេញ​ផ្លែ​ចេក​ស្រស់ មាន​ចំនួន​ ២៨ ៦០០ ​តោន ខណៈ​ខែកុម្ភៈ​ការនាំចេញ​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២៣ ពោលគឺ​មាន ​៥៩ ២០០ ​តោន​។ ការថយចុះ​នៃ​ចំនួន​ចេក ដែល​នាំចេញ​ក្នុង​ឆ្នាំ ២០២២ ​ដោយ​សារ​តែ​ការបិទ​ខ្ទប់ របស់​ប្រទេស​ចិន និង​បញ្ហា​ដឹកជញ្ជូន ខណៈ​ចិន​ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា​។ ទោះយ៉ាងណា ការនាំចេញ​ចេក​នៅតែ​អាច​ដំណើរការបាន​ជាធម្មតា និង​បានចាប់ផ្តើម​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ឆ្នាំ​ ២០២៣ ដោយសារតែ​ផ្លែ​ចេក ត្រូវបាន​ប្រជាជន​ចិន​និយម​ទទួលទាន​ជាប្រចាំ​ថ្ងៃ​។​

​នៅក្នុងពេល​អមដំណើរ​ទស្សន​កិច្ច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទៅកាន់​ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​នេះ លោក ហ៊ុន ឡាក់ ឱ្យដឹងថា ការនាំចេញ​ផ្លែ​ក​ចេក​​ស្រស់​របស់​កម្ពុជា មាន​ត្រឹម​កម្រិត​តំបន់​នៅឡើយ មិនទាន់បាន​ចូលទៅក្នុង​ទីផ្សារ​អឺរ៉ុប​នៅឡើយ​ដោយបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន វៀតណាម ជប៉ុន ។ ដូចនេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​បារាំង​នាពេល​ថ្មីៗ​នេះ ក្រសួងកសិកម្ម និង​វិស័យ​ឯកជន​ផ្នែក​ដំណាំ​សាកវប្បកម្ម ក្រៅពី​ទៅ​សិក្សា​ស្វែងយល់​ពី​តម្រូវការ​ទីផ្សារ​បារាំង​ហើយ​ក៏មាន​គោលបំណង​ទៅ​ស្វែងយល់​ពី​ទីផ្សារ​ថ្មី​នៅ​ប្រទេស​នេះ​ផងដែរ​។

​លោក​ថា​៖ «​ការធ្វើ​ដំណើរ​ទៅនេះ គឺ​យើង​ចង់​សិក្សា ថា​តើ​ផ្លែ​ចេក​ស្រស់​យើង​អាច​នាំ​ចេញទៅ​ទីផ្សារ​បារាំង​បាន​ឬ​អត់​? ហើយ​បារាំង​មាន​នាំចូល​ចេក​ពី​ប្រទេស​ណាខ្លះ​ហើយ​បារាំង​ខ្លួនឯង​ផលិត​ចេក​បាន​ឬ​អត់​? មាន​គុណភាព​យ៉ាងណាខ្លះ​ដែរ​? មានតម្លៃ​បែបណា​? បើ​យើង​នាំទៅ​មានការ​ដឹកជញ្ជូន​ដូចម្តេចខ្លះ​? ក៏ដូចជា​មាន​លក្ខខណ្ឌ​តម្រូវ​អ​នា​ម័​យ​និង​ភូតគាម​អនាម័យ​យ៉ាង​ដូចម្តេចខ្លះ​? ទាំងនេះ​ជា​អ្វី ដែល​យើង​ត្រូវ​សិក្សា​ឱ្យបាន​ល្អិតល្អន់ មុននឹង​សម្រេច​នាំចេញ​ចេក​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​»​។​

​លោក​ ម៉ៅ ធនិន អភិបាល​ខេត្តកំពត ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំកន្លងមក​» ​របស់រដ្ឋបាលខេត្តកំពត កាលពីពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា អាជ្ញាធរខេត្ត​ក៏ដូចជា មន្ទីរជំនាញ​របស់​ខេត្តកំពត មានការ​គាំទ្រ​ណាស់​ទៅលើ​ការ​ដាំ​ដុះ​ដំណាំ​ចេក​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ទទួលបាន​ដីស​ម្ប​ទាន​ពីរ​ដ្ឋ​។

​លោក​ថា៖ «​ឥឡូវនេះ​ក្រុមហ៊ុន កំពុងមាន​ការជំរុញ​បន្ថែម ទៅលើ​ការដាំដុះ​។ ខ្ញុំ​សង្ឃឹមថា បើសិនជា​ការដាំដុះ​នេះ​ល្អ​នឹង​អាច​ពង្រីក​បាន​លើ​ផ្ទៃដី​មួយចំនួន ដែល​ពាក់ព័ន្ធ​នៅ​ទីនោះ​ថែមទៀត​ដោយមាន​ការចូលរួម​ពី​សហគមន៍ ពី​បងប្អូន​ប្រជាពលរដ្ឋ​ជុំវិញ​នោះ​»​។​

​លោក​អភិបាលខេត្ត​បន្តថា ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ចេក​នៅ​ខេត្តកំពត​នឹង​ទទួលបាន​ប្រាក់ចំណូល​ព្រម​ទាំង​ជួយ​លើកកម្ពស់ ជីវភាព​ប្រចាំថ្ងៃ ប្រចាំខែ​របស់​ប្រជាពលរដ្ឋ​ផងដែរ ថែមទាំង​ទទួលបាន​ទីផ្សារពលកម្ម​នៅនឹងកន្លែង​បន្ថែមទៀត​។​

​កម្ពុជា​បាន​នាំចេញ​ចេក​ស្រស់ ចំនួន​ ៣៦៧ ៤០០ ​តោន នៅក្នុង​ឆ្នាំ​ ២០២២ មានការ​ថយចុះ​ ១៣​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១​។ ក្នុងនោះ​នាំ​ចេញទៅ​ប្រទេស​ចិន​ប្រមាណ ៣៣០ ០០០ តោន​ វៀតណាម​ជាង​ ៣៦ ០០០ ​តោន និង​ជប៉ុន​ជាង​ ២ ៨០០​ តោន​។ នេះ​បើតាម​របាយ​​ការណ៍​ពី​ក្រុមហ៊ុន​ឡុង​ម៉េ​ត​៕