ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ ២០២២ កើនជិត ៧០០ ភាគរយបើធៀបឆ្នាំ ២០២១ ខណៈវិស័យនេះបានចូលរួមចំណែកប្រមាណ ៣,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
តារាងសូចនាករគន្លឹះទេសចរណ៍ឆ្នាំ ២០២២ នៃក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២ ២៧៦ ៦២៦ នាក់ កើនឡើង ១ ០៥៨,៦ ភាគរយធៀបនឹងឆ្នាំ ២០២១ ដោយរកចំណូលបាន ១ ៤១៥ លានដុល្លារ កើនឡើង ៦៦៩ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលមានប្រមាណ ១៨៤ លានដុល្លារ។ ទឹកប្រាក់ដែលវិស័យទេសចរណ៍បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប គឺ ៣,៦ ភាគរយ ខណៈកាលពីឆ្នាំ ២០២១ មានត្រឹមតែ ១,៨ ភាគរយ។
តារាងសូចនាករឱ្យដឹងទៀតថា ទន្ទឹមនឹងកំណើនចំនួនភ្ញៀវ និងប្រាក់បានពីទេសចរអន្តរជាតិ វិស័យទេសចរណ៍នៅក្នុងស្រុកក៏មានភាពល្អប្រសើរដែរ ដោយទេសចរជាតិ ដែលដើរកម្សាន្តក្នុងស្រុកឆ្នាំ ២០២២ មានសរុប ១៣,៩៣ លាននាក់ កើន ១៩៨,៨ភាគរយ, ចំនួន មូលដ្ឋានអាជីវកម្មទេសចរណ៍ ១៣ ៥៩៧ អាជ្ញាប័ណ្ណ, និងអ្នកមានការងារផ្ទាល់នៅក្នុងវិស័យទេសចរណ៍ មាន ៣២ ម៉ឺននាក់។ ជាមធ្យមភ្ញៀវទេសចរជាតិចំណាយរយៈពេលដើរកម្សាន្ត ៣ ថ្ងៃ ២ យប់ និងចំណាយមធ្យម ៥០ ដុល្លារក្នុងម្នាក់ៗ ដែលស្មើនឹងទឹកប្រាក់សរុបប្រមាណ ៦៥០ លានដុល្លារ។
បន្ថែមពីលើនេះភ្ញៀវទេសចរជាតិដែលធ្វើដំណើរចេញទៅក្រៅប្រទេស មានចំនួន ០,៩៧ លាននាក់ កើន ៣ ០៧៩,៥ ភាគរយធៀបឆ្នាំ ២០២១។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១២ ខែមីនាថា ឆ្នាំ ២០២០-២០២១ ជាអំឡុងពេលដែលវិស័យទេសចរណ៍កម្ពុជា ក៏ដូចជានៅគ្រប់ប្រទេសលើពិភពលោកស្ថិតនៅក្នុងភាពអាប់អួដ៏ខ្លាំងបណ្តាលមកពីឥទ្ធិពលនៃនៃជំងឺកូវីដ ១៩។
ទោះជាយ៉ាងណា ចាប់ពីចុងឆ្នាំ ២០២១ មកវិស័យទេសចរណ៍កម្ពុជា បានចាប់ផ្តើមបង្ហាញសញ្ញាកម្រើកឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលសម្រេចបន្ធូរបន្ថយវិធានការមួយចំនួនទាក់ទងការរឹតបន្តឹងដោយសារជំងឺកូវីដ ១៩។ ទេសចរអន្តរជាតិ មកដល់កម្ពុជាចាប់ពីដើមឆ្នាំ ២០២២ គឺកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះក៏ជួយឱ្យអ្នកនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជារដ្ឋាភិបាលទទួលបានចំណូលឡើងវិញផងដែរ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំនេះ គឺជាក្តីរីករាយ ហើយក៏ជាមោទនភាពមួយសម្រាប់កម្ពុជាដែលទទួលបានកំណើនទេសចរអន្តរជាតិ និងទឹកប្រាក់ពីវិស័យនេះឡើងវិញ ព្រោះវិស័យទេសចរណ៍តែងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
លោកបន្តថា ឆ្នាំ ២០២៣ នេះ បញ្ហាវិបត្តិភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចពិភពលោក អត្រាអតិផរណាកើនខ្ពស់ និងបញ្ហាជំងឺឆ្លងគឺនឹងបន្តការគំរាមកំហែងដល់វិស័យទេសចរណ៍។
ទោះយ៉ាងណាលោកអះអាងថា៖ «បើស្ថានភាពពិភពលោកបន្តដូចពេលនេះ ខ្ញុំនៅតែមានជំនឿថា វិស័យទេសចរណ៍នៅកម្ពុជានឹងបន្តកើនឡើងលើសពីឆ្នាំ ២០២២។ វានឹងល្អជាងឆ្នាំមុន ប៉ុន្តែភាពផុយស្រួយ គឺនៅតែខ្ពស់»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន និយាយាថា ការប្រកាសរបស់ប្រទេសចិនដែលអនុញ្ញាតឱ្យជនជាតិខ្លួនអាចធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសនឹងផ្តល់ភាពវិជ្ជមានច្រើនដល់វិស័យទេសចរណ៍កម្ពុជា។ ព្រឹត្តិការណ៍ធំៗដែលកម្ពុជាត្រូវរៀបចំក្នុងឆ្នាំ ២០២៣ នេះដូចជា បុណ្យទន្លេ បុណ្យសមុទ្រ ការតាំងពិព័រណ៍ និងការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម) គឺសុទ្ធតែជាការផ្សព្វផ្សាយ និងទាក់ទាញអ្នកទេសចរក្នុងស្រុក និងអន្តរជាតិឱ្យធ្វើដំណើរកម្សាន្តនៅកម្ពុជាកាន់តែច្រើន។ លោកស្រីបន្តថា ម្យ៉ាងទៀតវិស័យទេសចរណ៍កម្ពុជា ទាំងរដ្ឋ និងឯកជន គឺសុទ្ធតែបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកស្រីប្រាប់ថា៖ «ឆ្នាំ ២០២៣ នេះវិស័យទេសចរណ៍កម្ពុជានឹងមានភាពល្អប្រសើរជាងឆ្នាំ ២០២២ បន្ថែមទៀត ពិសេសចំនួនភ្ញៀវទេសចរក្នុងតំបន់ រួមទាំងភ្ញៀវមកពីប្រទេសចិន»។
កាលពីសប្តាហ៍មុន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឆ្នាំ ២០២៣ នេះភ្ញៀវទេសចរអន្តរជាតិដែលមកកម្ពុជានឹងអាចកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំ ២០២២។ ទេសចរចិន នឹងចូលរួមចំណែកច្រើនសម្រាប់ទេសចរណ៍ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «តាមការព្យាករក្នុងឆ្នាំ ២០២៣ នេះកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤ លាននាក់ ក្នុងនោះទេសចរចិនអាចមានពី ៨០ ម៉ឺន ទៅ ១ លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន ៣០ ភាគរយនៃចំនួនទេសចរចិនសរុបមកកម្ពុជា»។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ឆ្នាំ ២០១៩ ត្រូវបានចាត់ទុកជាពេលដែលកម្ពុជាទទួលបានចំណូលពីវិស័យទេសចរណ៍អន្តរជាតិច្រើនជាងគេ ដោយមានចំនួន ៤ ៩១៩ លានដុល្លារកើន ១២,៤ ភាគរយធៀបឆ្នាំ ២០១៨។ ទឹកប្រាក់ពីវិស័យទេសចរណ៍ឆ្នាំ ២០១៩ គឺមានប្រមាណ ១២,១ ភាគរយនៃ GDP៕