ភ្នំពេញៈ លោក ហ៊ុន ឡាក់ អគ្គនាយកនៃក្រុមហ៊ុនត្រូពិកខេម និងជាតំណាងក្រុមហ៊ុនឯកជនកម្ពុជាដែលបានទៅចូលរួមពិព័រណ៍កសិកម្មប្រចាំឆ្នាំនៅប្រទេសបារាំង កាលពីពេលថ្មីៗនេះឱ្យដឹងថា តំណាងវិស័យឯកជនរបស់ប្រទេសបារាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើផលិតផលកសិកម្មរបស់កម្ពុជា ដោយពួកគេគ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ដើម្បីរកឱកាសវិនិយោគ ដែលនឹងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយវិស័យឯកជនកម្ពុជាផងដែរ។
លោកបន្ថែមថា ក្រៅពីការចូលរួមទស្សនាពិព័រណ៍នោះហើយ ភាគីកម្ពុជា និងបារាំង ក៏មានការភ្ជាប់ទំនាក់ទំនងរវាងអ្នកដាំ អ្នកកែច្នៃ អ្នកផលិត អ្នកនាំចេញនិងអ្នកបញ្ជាទិញជាដើម ដើម្បីពិភាក្សាគ្នាស្វែងរកកាលានុវត្តភាពថ្មី ដែលអាចឱ្យវិស័យឯកជនប្រទេសទាំង ២ ធ្វើការដោះដូរពាណិជ្ជកម្មរវាងគ្នាបាន។
លោកបញ្ជាក់ថា៖ «គោលដៅរបស់គណៈប្រតិភូ ដែលបានចូលរួមការតាំងពិព័រណ៍កសិកម្ម នៅប្រទេសបារាំងនោះ ក្រៅពីសិក្សាស្វែងយល់ពីទីផ្សាររបស់បារាំងហើយ ក៏ឆ្លៀតឱកាសស្វែងរកដៃគូវិនិយោគថ្មីៗផងដែរដើម្បីធ្វើយ៉ាងណាអាចនាំផលិតផលកម្ពុជា ដែលផលិតបានជាពិសេសផលិតផលដែលមានសក្តានុពល ១១ មុខ ដែលជាដំណាំកសិពាណិជ្ជកម្មមានលក្ខណៈសមស្របក្នុងការនាំចេញ»។
លោក ហ៊ុន ឡាក់ បន្តថា៖ «កន្លងមកផលិតផលយើងស្ទើរតែទាំងស្រុង គឺនាំចេញទៅកាន់ប្រទេសជិតខាង និងទីផ្សារប្រទេសចិន។ ហេតុដូច្នេះហើយ បានជាគណៈប្រតិភូ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់រកទីផ្សារថ្មី ជាទីផ្សារដែលមានសក្តានុពល ធ្វើយ៉ាងណាអាចនាំចេញផលិតផលដែលយើងបានកែច្នៃនិងវេចខ្ចប់រួចនិងរកតម្លៃបន្ថែមដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសបារាំង»។
វិស័យឯកជនប្រទេសទាំង ២ បានជជែកពិភាក្សាគ្នាថាតើផលិតផលដែលកម្ពុជាមាន អាចនាំចេញទៅទីផ្សារបារាំងបានឬទេ? ហើយវិស័យឯកជនរបស់បារាំង មានតម្រូវការអ្វីខ្លះ? ដើម្បីឱ្យមានលក្ខណៈសមស្របតាមស្តង់ដា ដែលគេចង់បាន។ ម្យ៉ាងវិញទៀត ខាងកម្ពុជា ក៏បានពិនិត្យលទ្ធភាពក្នុងការនាំចូលផលិតផលមួយចំនួនរបស់បារាំងមកដែរ ដូចជាផ្លែប៉ោម ទំពាំងបាយជូរជាដើម។
អគ្គនាយកនៃក្រុមហ៊ុនត្រូពិកខេម រូបនេះ គូសបញ្ជាក់ទៀតថា៖ «កន្លងទៅខាងក្រុមហ៊ុនខ្ញុំបានផ្ញើគំរូទៅឱ្យខាងបារាំងពិនិត្យមើលចំនួន ២ លើកហើយ ដែលជាផលិតផលកែច្នៃ រួមមានម្រេច ដំណាប់ស្វាយ អង្ករផ្ការំដួល គ្រាប់ស្វាយចន្ទី ត្រីងៀត ដោយសារផលិតផលស្រស់ យើងមិនទាន់អាចនាំទៅបានទេ។ អង្ករ ម្រេច ដំណាប់ស្វាយ ត្រីងៀត ជាផលិតផលដែលមានភាពទាក់ទាញជាងគេ ដោយសារមានការគាំទ្រច្រើនពីពលរដ្ឋខ្មែរនៅបារាំង។ ប្រជាពលរដ្ឋនៅប្រទេសបារាំងបានទទួលទានផលិតផលកម្ពុជា សុទ្ធតែមានការកោតសរសើរចំពោះរសជាតិ និងគុណភាពរបស់យើង»។
គួររំឭកថា បន្ទាប់ពីបានចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានលើកឡើងថា កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដា ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
លោកបានណែនាំឱ្យមានការបង្កើតចេញនូវ QR Code ដែលអាចកំណត់នូវប្រភពនិងខ្សែចង្វាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្មទាំងក្នុងនិងក្រៅប្រទេស។
លោក ឌិត ទីណា បញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនៅប្រទេសបារាំងនោះជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា ឈានទៅបើកផ្លូវសម្រាប់វិស័យឯកជនខ្មែរនាំកសិផលខ្មែរដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ»៕