ភ្នំពេញៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង សន្យាអូសទាញអ្នកជំនួញជាច្រើនទៅវិនិយោគនៅខេត្តកំពង់ស្ពឺ។ លោកបានប្រកាសពីគម្រោងដែលរូបគាត់នឹងដឹកនាំប្រតិភូខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធក្នុងថ្នាក់ក្រោមជាតិ ទៅទស្សនកិច្ច និងពិភាក្សាការងារជាមួយ អ្នកវិនិយោគជាច្រើននៅទីក្រុងហុងកុង នៅចុងខែមីនា ឆ្នាំ ២០២៣។
លោកអះអាថា ដំណើរទៅបរទេសលើកនេះធ្វើឡើងដើម្បីពិភាក្សាការងារ និងទាក់ទាញវិនិយោគិនបរទេស ទៅបើករោងចក្រសហគ្រាសនៅខេត្តកំពង់ស្ពឺបន្ថែមទៀត ក្នុងទិសដៅបង្កើតការងារ និងអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។
លោកបានថ្លែងថា៖«យើងបានទទួលការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រីរួចហើយ ដោយបានអនុញ្ញាតឱ្យទៅទីក្រុងហុងកុង ដើម្បីបង្ហាញពីសក្តានុពលរបស់ខេត្ត។ដំបូង យើងនឹងបង្ហាញដល់អ្នកវិនិយោគ ពីកត្តាសុខសន្តិភាពរបស់ប្រទេសជាតិយើងសិន ព្រោះថា រាល់អ្នកវិនិយោគទាំងអស់គេតែងសម្លឹងទៅរកប្រទេសណា ដែលមានសុខសន្តិភាព និងនយោបាយច្បាស់លាស់។ជាក់ស្តែង បើយើងមើលប្រទេសមួយចំនួនដែលកំពុងមានបញ្ហាអស្ថិរភាពនយោបាយ ក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ ទោះបីជាការចំណាយលើកម្លាំងពលកម្មទាបយ៉ាងណាក៏ដោយ ក៏គេមិនហ៊ានទៅវិនិយោគដែរ។ផ្ទុយទៅវិញ ប្រទេសយើង កម្លាំងពលកម្មមានប្រាក់បៀវត្សរ៍ថ្លៃជាងប្រទេសទាំងនោះ តែគេបែរជាចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា យើងទៅវិញ»។
លោកអភិបាលខេត្តបានបន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺវិញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់តែងតែស្វាគមន៍ និងយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសាធារណៈ និងបានបង្កលក្ខណៈងាយស្រួលច្រើន ដល់វិនិយោគិនក្នុង និងក្រៅប្រទេស ធ្វើយ៉ាងណាស្រូបទាញការវិនិយោគមកក្នុងខេត្ត ឱ្យបានច្រើន ដើម្បីបង្កើតការងារជូនប្រពលជារដ្ឋផង និងជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
លោកបានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្តដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះក្រោមនិងដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគមក ដូចនេះអាជ្ញាធរថ្នាក់ខេត្តមានសិទ្ធិចុះអនុស្សរណៈផ្សេងៗ ឬក៏សម្រេចនានាទាក់ទងនឹងការវិនិយោគដែលមានតម្លៃទឹកប្រាក់៥លានដុល្លារចុះក្រោម។
លោកអះអាងដូច្នេះថា៖«ក្នុងនាមជាខេត្ត ដែលមានសក្តានុពលសម្រាប់ការបើករោងចក្រសហគ្រាសនានា ជាពិសេសងាយស្រួលសម្រាប់ការដឹកជញ្ជូនឡូជីស្ទិក ទៅកាន់ផែព្រះសីហនុផងនោះ ខ្ញុំរំពឹងថា រោងចក្រសហគ្រាស នឹងកើតមានបន្ថែមទៀត នៅលើទឹកខេត្តកំពង់ស្ពឺរបស់យើង ហើយនៅពេលមានរោងចក្រសហគ្រាសកាន់តែច្រើន មានន័យថា យើងបង្កើតការងារបានយ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដោយតាមរយៈប្រាក់ចំណូលសមរម្យដែលពួកគាត់ទទួលបាននឹងអាចផ្គត់ផ្គង់គ្រួសារបាន ក៏ដូចជារួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកដោយខុសច្បាប់របស់បងប្អូនយើងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺនេះ គឺជាខេត្តគោលដៅវិនិយោគមួយដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ដោយសារតែខេត្តនេះ ស្ថិតនៅក្បែររាជធានីភ្នំពេញផង និងជាច្រកសំខាន់ក្នុងដឹកជញ្ជូនទំនិញទៅកំពង់ផែសមុទ្រផង។ម្យ៉ាងវិញទៀតទាំងសណ្ឋានដីនៅក្នុងខេត្តនេះ ក៏មិនសូវជួបគ្រោះធម្មជាតិច្រើនដែរ។
លោកបានបន្ថែមថា ដោយសារតែ កំណើននៃការវិនិយោគបើករោងចក្រសហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យខេត្តនេះ មានការខ្វះខាតកម្លាំងពលកម្ម ។
លោកបញ្ជាក់ថា៖«ខ្ញុំគិតថា កម្មករ-កម្មាការិនី ដែលធ្វើការនៅរោងចក្រមួយចំនួនដែលនៅរាជធានីភ្នំពេញ និងខេត្តជិតៗខេត្តកំពង់ស្ពឺ ដែលបានផ្អាកបណ្តោះអាសន្ន ឬបានបិទទ្វារជាដើម អាចផ្លាស់ទៅរកការងារនៅខេត្តកំពង់ស្ពឺវិញ ព្រោះថាខេត្តនេះកំពុងខ្វះកម្លាំងពលកម្ម»។
គួររំឭកថា កាលពីពេលថ្មីៗនេះក្រុមហ៊ុនSabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ ឆ្នាំកន្លងមកហើយនោះ ទើបតែបានបើកសម្ពោធរោងចក្រ Aroma Success Garment Co., LTD ជាប្រភេទរោងចក្រផលិតសម្លៀកបំពាក់ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ដោយបានស្រូបយកកម្លាំងពលកម្មរាប់ពាន់នាក់។ អភិបាលខេត្តកំពង់ស្ពឺឱ្យដឹងថា រហូតមកដល់សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ មានរោងចក្រធុនធំ និងមធ្យម ដែលផលិតសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជាផលិតផលផ្សេងៗទៀត សរុបប្រមាណ ជាង៣៨០រោងចក្រ ដែលបានស្រូបទាញកម្មករបម្រើការងារប្រមាណជាង១៥ ០០០នាក់៕