ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ បានលើកទឹកចិត្តប្រើប្រាស់ថាមពលស្អាតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌកាន់តែច្រើន សម្រាប់ឧស្សាហកម្មបៃតង ដើម្បីរួមចំណែកដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។
ថ្លែងក្នុងពិធី និងពិព័រណ៍នៅបរិវេណនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី ១៣ ខែមីនា លោក សាយ សំអាល់ បានឱ្យដឹងថា វិស័យឧស្សាហកម្មបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច។
លោកថា ដូចគ្នានឹងឧស្សាហកម្មផ្សេងទៀតផងដែរ ឧស្សាហកម្មកាត់ដេរក៏កំពុងប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដែរ។ នៅក្នុងប្រទេសកម្ពុជា កាកសំណល់ឧស្សាហកម្មចំនួន ១ ភាគរយនៃកាកសំណល់ទីក្រុង ខណៈដែលចំនួន ៨៥ ភាគរយ នៃកាកសំណល់ឧស្សាហកម្ម ជាកាកសំណល់វាយនភណ្ឌ។ វិស័យនេះក៏ទទួលខុសត្រូវ ៧០ ភាគរយ នៃការបំពុលទឹកពុលឧស្សាហកម្ម និង ២៧ ភាគរយនៃការបំពុលបរិយាកាសឧស្សាហកម្ម។ ឧស្សាហកម្មកាត់ដេរ ប្រើប្រាស់ឈើចំនួន ៣០០ ០០០ តោន ក្នុង ១ ឆ្នាំ សម្រាប់គោលបំណងកម្ដៅ។
លោកថ្លែងថា៖ «ការធ្វើឱ្យឧស្សាហកម្មពណ៌បៃតង ជាពិសេសឧស្សាហកម្មកាត់ដេរ គឺជាភារកិច្ចដ៏ចាំបាច់សម្រាប់កម្ពុជា។ ថាមពល គឺជាផ្នែកដ៏ធំបំផុតនៃគំនិតសម្រាប់ការធ្វើឱ្យឧស្សាហកម្មបៃតង។ យើងជឿជាក់ថា ឧស្សាហកម្មកាត់ដេរ អាចមានភាពបៃតងជាងមុន ទាក់ទងនឹងការប្រើប្រាស់ធនធានថាមពលប្រកបដោយនិរន្តរភាពបន្ថែម ទៀត ពោលគឺថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល»។
លោក Choon Yikthong ប្រធានគណៈកម្មការនិរន្តរភាពរបស់ TAFTAC បានឱ្យដឹងថា វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា ផ្តល់ការងារដោយផ្ទាល់ជាង ៨០ ម៉ឺននាក់ ហើយចាំបាច់ត្រូវឆ្ពោះទៅរកភាពបៃតង ដើម្បីរក្សាការប្រកួតប្រជែងក្នុងខ្សែចង្វាក់តម្លៃសកល។
លោកលើកឡើងថា៖ «តម្លៃថាមពលខ្ពស់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផលិតភាព និងភ័ស្តុភារក្នុងប្រទេស បានធ្វើឱ្យការប្រកួតប្រជែងក្នុងវិស័យនេះមានការថយចុះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតនៅទីនេះប្រកាន់យកនិរន្តរភាពជាកត្តាប្រកួតប្រជែងដោយកាត់បន្ថយការប្រើប្រាស់ថាមពលដោយក្រុមហ៊ុនផលិតអាចកាត់បន្ថយបរិយាកាសនៃខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ហើយជាមួយគ្នានេះក៏នឹងកាត់បន្ថយថ្លៃដើមផលិតកម្មផងដែរ។ ការណ៍នេះនឹងធ្វើឱ្យវិស័យនេះកាន់តែបៃតង និរន្តរភាព និងមានការប្រកួតប្រជែងជាងទីផ្សារផ្សេងទៀតនៅក្នុងតំបន់»។
លោកស្រី Shomi Kim តំណាងប្រចាំប្រទេសនៃក្រុមហ៊ុន GGGI ដែលជាក្រុមហ៊ុនដឹកនាំអនុវត្តសម្រាប់គម្រោង Switch Garment បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ គម្រោងនេះបានធ្វើសវនកម្មថាមពលចំនួន៥០ដែលជាគម្រោងច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
លោកស្រីថ្លែងថា៖ «ផ្អែកលើលទ្ធផលសវនកម្មថាមពល យើងបានដំណើរការលើរោងចក្រសមាជិករបស់យើងតាមរយៈទម្រង់ការប្រើប្រាស់ថាមពល និងវិធានការដើម្បីបង្កើនការសន្សំសំចៃថាមពល។ ជាលទ្ធផល យើងទទួលបានការវិនិយោគជិត ២ លានដុល្លារអាមេរិក ពីសមាជិក។ នេះជាសញ្ញាលើកទឹកចិត្តសម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានភាពបៃតង ដែលសម្រេចបាននៅក្នុងវិស័យកាត់ដេរ»។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានឱ្យដឹងថា សហភាពអឺរ៉ុបធ្វើការងារជាមួយកម្ពុជា ក្នុងការគាំទ្រកំណើនបៃតង និងការងារសមរម្យ។
លោកស្រីថា៖ «យើងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រកាត់ដេរជាតិ ដោយគាំទ្រដល់រោងចក្រកាត់ដេរ ដើម្បីទទួលយកការអនុវត្តថាមពលប្រកបដោយនិរន្តរភាព និងសម្របសម្រួលការវិនិយោគលើបច្ចេកវិទ្យាស្អាត ដែលនឹងលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យនេះ»។
សហភាពអឺរ៉ុប ដែលជាទីផ្សារឈានមុខគេមួយសម្រាប់ផលិតផលកាត់ដេររបស់កម្ពុជាបានកំណត់ប្រសិទ្ធភាពថាមពល៕