
កម្មករដំឡើងផ្ទាំងសូឡា នៅតំបន់១កន្លែងក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជាបាននាំចេញផ្ទាំងសូឡា ម៉ូឌុលនិងគ្រឿងបំណែករបស់វា សម្រេចបានក្នុងទំហំទឹកប្រាក់ ១ ១៧៤,៣៨ លានដុល្លារ ដោយគិត ចាប់ពីខែមករា ឆ្នាំ ២០២២ ដល់ ខែមករា ឆ្នាំ ២០២៣ ដោយបាននាំចេញទៅកាន់ប្រទេសចិន, កោះតៃវ៉ាន់, ថៃ, សហរដ្ឋអាមេរិក, វៀតណាម, ក្រុងហុងកុង, ឥណ្ឌា, បង់ក្លាដែស, អ៊ូហ្គង់ដា, កូវ៉ែត, ម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។
ថ្វីដ្បិតតែរបាយការណ៍ របស់ក្រសួងមិនបានបញ្ជាក់ពីការកើនឡើងឬថយចុះនៃការនាំចេញផ្ទាំងសូឡា ម៉ូឌុល និងបំណែកផ្សេងរបស់គ្រឿងទាំង២នេះក៏ពិតមែន តែលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ការនាំចេញបន្ទះសូឡានេះ មានការកើនឡើងជាបន្តបន្ទាប់ ក្រោយរដ្ឋបាលរបស់លោក ចូ បៃឌិន បានចេញអធិបញ្ជាមួយកាលពីពាក់កណ្តាលឆ្នាំ២០២២ ដោយបានប្រកាសការលើកលែងពន្ធគយ ចំពោះបន្ទះសូឡាដែលនាំចូលពីប្រទេសចំនួន៤ រួមទាំងកម្ពុជា ក្នុងរយៈពេល២ឆ្នាំ ដើម្បីជួយជំរុញផលិតកម្មនៅអាមេរិក។
លោកបានបន្ថែមថា តាមរយៈរបាយការណ៍នាំចេញបន្ទះសូឡា ម៉ូឌុល និងគ្រឿងបង្គុំផ្សេងៗរបស់វា នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ឃើញថា មានទំហំទឹកប្រាក់ជាង១៥០លានដុល្លារទៅហើយ ។ក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិក សម្រេចបានជាង១៤០លានដុល្លារ ដែលនេះ សបញ្ជាក់ឱ្យឃើញថា ការនាំចេញទៅអាមេរិកពិតជាមានកើនឡើងគួរឱ្យកត់សម្គាល់។
លោកប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ដូចយើងដឹងហើយថា សហរដ្ឋអាមេរិក បានអនុវត្តកម្មវិធីការពារបរិស្ថាន ដែលទាក់ទងនឹងការប្រើប្រាស់ថាមពលស្អាត ដូចនេះគេលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់ផ្ទាំងសូឡាហ្នឹង។មុនដំបូងអាមេរិកគ្រោងនឹងដាក់ពន្ធលើផលិតផលសូឡានេះ តែក្រោយមកបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ទើបសម្រេចលើកលែងពន្ធចំពោះការនាំចូលផ្ទាំងសូឡានេះវិញ»។
ថ្វីដ្បិតតែ អាមេរិកប្រកាសលើកលែងពន្ធគយ ដែលអនុវត្តចំពោះបន្ទះសូឡាដែលនាំចូលពីប្រទេសចំនួន៤ រួមទាំងកម្ពុជា ក្នុងរយៈពេល២ឆ្នាំ នេះក៏ពិតមែន ប៉ុន្តែការស៊ើបអង្កេតទាក់ទងនឹងករណីលក់បង្ខូចថ្លៃ ឬករណីនាំចូលច្រើនពេកជាដើម គឺនៅបន្តអនុវត្តដដែល ចំពោះបណ្តាប្រទេសមួយចំនួន រួមទាំងកម្ពុជាផងដរ។
លោកបានថ្លែងថា៖«យើងមិនមានការព្រួយបារម្ភចំពោះការស៊ើអង្កេតនេះទេ ជាពិសេសការលក់បង្ខូចថ្លៃ ព្រោះថា យើងមានរោងចក្រផលិតពិតប្រាកដ ប្រើប្រាស់ថ្លៃដើម កម្មករ និងផលិតនៅក្នុងប្រទេសយើងពិតប្រាកដមែន។ យើងកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតនេះ។ក្នុងនាមយើងជាប្រទេសដែលមានការផលិតនិងនាំចេញ យើងមិនបារម្ភពីការរងការចោទប្រកាន់ចំពោះការលក់បង្ខូចថ្លៃអ្វីនោះទេ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ក៏សម្តែងការអបអរផងដែរ ចំពោះកំណើននៃការនាំចេញ Solar Cells និង Modules របស់កម្ពុជា ដែលសម្រេចបានក្នុងទំហំទឹកប្រាក់យ៉ាងច្រើនបែប ដោយលោកយល់ថា ការលើកលែងពន្ធគយរបស់អាមេរិកនាពេលកន្លងទៅនេះ បានជំរុញការវិនិយោគលើរោងចក្រផលិតបន្ទះសូឡាបន្ថែមទៀតនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«កន្លងទៅ ការផលិតបរិក្ខារអគ្គិសនី ក៏ដូចជាផ្ទាំងសូឡានេះ គឺបានដំឡើងនៅកម្ពុជា និងបាននាំចេញច្រើន ស្របពេលដែលអាមេរិកមានការដំឡើងពន្ធចំពោះការនាំចូលពីចិន បន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង២នេះ។ បញ្ហានេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនបានងាកមកវិនិយោគបើករោងចក្រផ្សេងៗ ជាពិសេសឧបករណ៍បរិក្ខារអគ្គិសនី និងផលិតផលសូឡានេះ នៅកម្ពុជាវិញ។វាជាឱកាសរបស់កម្ពុជា ក្នុងការជំរុញការផលិតនិងវិនិយោគបន្ថែមទៀត លើផលិតផលទាំងនេះ»។
គួររំឭកថា កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Liu minglinអគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement Group ដែលសាងសង់អាកាសយានដ្ឋាន សៀមរាបអង្គរ បានបញ្ជាក់ពីគោលបំណង របស់ក្រុមហ៊ុនរបស់លោក ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តសៀមរាប ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេ សក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕