ភ្នំពេញៈ កម្ពុជា-ឡាវ បានឯកភាពជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនដើម្បីជំរុញកំណើនទេសចរទៅវិញទៅមករវាងប្រទេសទាំង ២។ ការឯកភាពនេះធ្វើឡើងក្នុងពេលលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចូលជួបសម្តែងការគួរសមជាមួយលោក KikeoKhaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឡាវនៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។
លោកKikeoKhaykhamphithoune ថ្លែងថា លោកឯកភាពជាមួយលោករដ្ឋមន្ត្រី ថោង ខុន ក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំង២តាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យដើម្បីជំរុញឱ្យអាកាសចរឡាវបើកការហោះហើរបន្ថែមមកកាន់កម្ពុជា។
ដោយឡែកក្នុងជំនួបពិភាក្សារវាងលោកថោង ខុន និងលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវវិញ ភាគីទាំង២ក៏បានផ្តោតលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំង២ និងពីប្រទេសទី៣ ព្រមទាំងពិនិត្យលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍កម្ពុជា-ឡាវលើកទី២ផងដែរ។
បើតាមក្រសួងទេសចរណ៍កម្ពុជា ភាគីទាំង២បានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំង២ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំង២ និងតំបន់។
ក្រសួងបានបញ្ជាក់ថា «រដ្ឋមន្ត្រីទាំង២យល់ស្របគ្នាក្នុងការជំរុញឱ្យឧត្តមមន្ត្រីទេសចរណ៍នៃប្រទេសទាំង២ពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរបើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាកម្សាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ»។
ក្រៅពីនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទី៣ផ្សេងទៀតឱ្យមកប្រទេសទាំង២តាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរបើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំង២។
ទាក់ទងនឹងការហោះហើរនេះ ភាគីកម្ពុជាបានស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍-ភ្នំពេញ-ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធិ និងគោលនយោបាយពិសេសផ្សេងទៀតតាមការស្នើសុំរបស់មិត្តឡាវ។
បន្ថែមលើនេះ រដ្ឋមន្ត្រីទាំង២ក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា កម្មវិធីជិះកង់កម្ពុជា-ឡាវ ម៉ារ៉ាតុង ពិព័រណ៍ម្ហូបអាហារ ដើម្បីអបអរសាទរខួប៦៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងប្រើប្រាស់ឱកាសនៃការរៀបចំព្រឹត្តិការណ៍កម្មវិធីស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំទស្សនាកម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅប្រទេសឡាវ ដើម្បីទាក់ទាញលំហូរទេសចរមកកាន់ប្រទេសទាំង២។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានស្វាគមន៍ចំពោះផែនការសម្របសម្រួលឱ្យមានការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសទាំង២ ហើយមិនថាតែប្រទេសឡាវទេ ក្នុងនោះក៏ឱ្យប្រទេសជិតខាងដូចជា ថៃ និងវៀតណាមផងដែរក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាប្រឈមនាពេលបច្ចុប្បន្នគឺជារឿងល្អបំផុត។
លោក ធួន ស៊ីណាន បានថ្លែងថា ៖ «ក្នុងពេលនេះ មានតែប្រទេសដែលមានភូមិផងរបងជាមួយទេដែលអាចនឹងនាំប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកលើវិស័យទេសចរណ៍នេះ។ យ៉ាងណាប្រទេសទាំង២គួរតែមានកិច្ចពង្រឹង និងកិច្ចសហការឱ្យបានល្អជាងនេះទៀតដើម្បីឱ្យមានភាពងាយស្រួលលើការធ្វើដំណើរ»។
សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២-១៥ ខែមីនា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង២៕