ពោធិ៍សាត់់ៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋទាំងជាង ៣៤០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដោយសារតម្រូវការអគ្គិសនីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោកថ្លែងដូច្នេះ ក្នុងឱកាសលោកចុះពិនិត្យវឌ្ឍនភាពការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោង នាថ្ងៃទី ១៤ មីនា។ លោក ហ៊ុន សែន សុំការ យោគយល់ពីប្រជាពលរដ្ឋដែលមានផលប៉ះពាល់ពីការសាងសង់វារីអគ្គិសនីនេះ។ «អ៊ីចឹងទេ ពេលដែលយើងធ្វើអគ្គិសនីនេះតិចឬច្រើនវាមានផលប៉ះពាល់ហើយ ប៉ុន្តែយើងត្រូវដោះស្រាយផលប៉ះពាល់ហ្នឹងរបៀបម៉េច។ ការជួបជុំថ្ងៃនេះ ក៏បញ្ជាក់អំពីរបៀបដែលយើងដោះស្រាយ»។
លោកថ្លែងថា៖ «ការចាប់ផ្តើមមកធ្វើនៅទីនេះ ខ្ញុំនៅចាំបានច្បាស់នូវការបញ្ជាឱ្យដោះស្រាយនូវផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយយកស្តង់ដាប្រហាក់ប្រហែលគ្នា ដូចជានៅស្ទឹងសេសាន ២ នៅខេត្តស្ទឹងត្រែង ហើយនិងនៅកន្លែងនេះ ដូចជាការផ្តល់ផ្ទះ ការផ្តល់ដីហើយដីនេះទៀតសោត គឺសុទ្ធតែផ្តល់ហើយត្រូវតែឈូសឆាយភ្ជួរឱ្យរួចព្រោះបើកម្លាំងបងប្អូនគឺពិបាកនៅក្នុងការភ្ជួរសម្រាប់សម្អាតដីមកបង្កបង្កើនផល»។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីជាតិរួចហើយគឺមានដល់ ៩៩ ភាគរយនៃភូមិ ឯផ្ទះប្រជាពលរដ្ឋដែលតភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិរួចហើយមានទៅដល់ ៩០ ភាគរយនៃចំនួនផ្ទះ។ វាជាសម័យប្រើអគ្គិសនីមិនមែនជាសម័យប្រើចន្លុះដុត ប្រើភ្លើងទៀនឬប្រើចង្កៀងទៀតនោះទេ។ សម័យនេះគឺជាសម័យដែលប្រជាជនប្រើប្រាស់អគ្គិសនី។ ដូច្នេះ រាជរដ្ឋាភិបាលមានតម្រូវការដោះស្រាយវា ដែលក្នុងនោះការដោះស្រាយអគ្គិសនីបច្ចុប្បន្នក៏ទាមទារឱ្យដោះស្រាយតាមរបៀបដែលមិនបំពុលបរិស្ថាន។
លោកលើកឡើងថា៖ «ដូច្នេះវារីអគ្គិសនីគឺចាត់ទុកជាប្រភេទនៃវារីអគ្គិសនីនៃប្រភពកកើតឡើងវិញដែលវាមិនប៉ះពាល់ទៅដល់ការប្រែប្រួលអាកាសធាតុពិតមែនតែវាប៉ះពាល់ជាមួយនឹងផ្ទៃដីនៅនឹងកន្លែងដែលយើងត្រូវយកប្រជាពលរដ្ឋចេញ នៅពេលដែលយើងផ្ទុកអាងទៅ ប៉ុន្តែបើនិយាយពីភាពបំពុលបរិស្ថានដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុរហូតទៅដល់ប្រទេសនានាប្រកាសពីការប្តេជ្ញាចិត្តមិនប្រើអគ្គិសនីប្រើដោយធ្យូងថ្មតទៅទៀតនោះក៏ឃើញថា វារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ។
លោក ហ៊ុន សែន លើកឡើងថា រហូតដល់ពេលនេះ អគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានចេញមកពីប្រភពកកើតឡើងវិញរហូតទៅដល់ជាង ៦២ ភាគរយ ហើយនៅសល់ប្រមាណ ៤០ ភាគរយទៀត រដ្ឋាភិបាលកំពុងតែខិតខំ ហើយបញ្ហានេះមិនមែនជារឿងងាយស្រួលទេ។
ពាក់ព័ន្ធការប្រើប្រាស់ពន្លឺព្រះអាទិត្យក្នុងការផលិតថាមពល លោក ហ៊ុន សែន លើកឡើងថា៖ «ពន្លឺព្រះអាទិត្យនេះវាមិនគ្រប់គ្រាន់ទេ អានេះទាល់តែមានថ្ងៃទើបចាប់ផ្តើមបញ្ចេញថាមពលឱ្យយើងហើយបើមេឃស្រទុំបន្តិចអានេះធ្លាក់ចុះភ្លាម។ ពេលយប់អានេះអត់ឱ្យភ្លើងបន្តិចសោះ។ អ៊ីចឹង យើងត្រូវគួបផ្សំរវាងផ្នែកវារីអគ្គិសនី ផ្នែកដទៃទៀត បូកជាមួយផ្នែកទាក់ទិនជាមួយនឹងប្រភពដែលបានមកពីពន្លឺព្រះអាទិត្យ។ អ៊ីចឹងយើងត្រូវរកវិធីដើម្បីដោះស្រាយបញ្ហាអគ្គិសនី»។
លោកបានធ្វើការប្រៀបធៀបថា កាលពីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ប្រទេសកម្ពុជាប្រើអគ្គិសនីត្រឹមតែ ៣០ មេហ្គាវ៉ាត់ទេ នៅទីក្រុងភ្នំពេញ ហើយនៅតាមខេត្តនានាក៏ប្រើតិចតួចទេ ប៉ុន្តែឥឡូវ កម្រិតនៃការប្រើប្រាស់អគ្គិសនីឡើងដល់ជាង ២ ២០០ មេហ្គាវ៉ាត់ ប៉ុន្តែការព្យាករនៃតម្រូវការអគ្គិសនីទៅមុខទៀតគឺមានកាន់តែច្រើន ដែលរាជរដ្ឋាភិបាលត្រូវរកប្រភពដើម្បីបង្កើតឱ្យមានអគ្គិសនីសម្រាប់ប្រជាជនប្រើប្រាស់។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្លែងក្នុងពិធីនេះថា ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលកំពុងតែសាងសង់នេះមានអានុភាពផលិតអគ្គិសនីបាន ៨០ មេហ្គាវ៉ាត់ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីគម្រោងនេះមានចំនួន ៣៤៧ គ្រួសារ។ បច្ចុប្បន្នក្រុមការងារដោះស្រាយផលប៉ះពាល់សហការជាមួយក្រុមការងារក្រសួង និងក្រុមហ៊ុនបានដោះស្រាយគោលនយោបាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់រួចរាល់ចំនួន ៣៤២ គ្រួសារ ស្មើនឹង ៩៨ ភាគរយ។
លោកបន្តថា សម្រាប់គ្រួសារដែលមានផ្ទះ និងដីស្ថិតនៅក្នុងតំបន់គម្រោងគឺមាន ២១ គ្រួសារ ដោយក្នុង ១ គ្រួសារទទួលបានផ្ទះទំហំ ៨០ ម៉ែត្រការ៉េ សាងសង់លើទំហំដី ៥០ ម៉ែត្រគុណនឹង ៥០ ម៉ែត្រ និងដីកសិកម្មដែលបានឈូសឆាយរួចរាល់មានទំហំ ៥ហិកតា ដែលក្នុងនោះទីតាំងសំណង់ទី ១ ទំហំ ១១០ ហិកតា។ សម្រាប់គ្រួសារដែលប៉ះពាល់តែដីកសិកម្ម និងពុំមានផ្ទះនៅក្នុងតំបន់គម្រោងគឺមានចំនួន ៦០ គ្រួសារ ដោយក្នុង ១ គ្រួសារទទួលបានដីកសិកម្មដែលបានឈូសឆាយរួចរាល់ទំហំ ៥ ហិកតានៅក្នុងទីតាំងសំណង់ទី ២ ទំហំ ៣០០ ហិកតា។
លោក ខូយ រីដា ថ្លែងថា៖ «សម្រាប់គ្រួសារដែលមានតែខ្ទម និងដីក្នុងតំបន់គម្រោងមានចំនួន ២១៨ គ្រួសារដោយពួកគាត់ទទួលសំណងជាប្រាក់សុទ្ធ។ ចំពោះថ្លៃសំណងគឺដោះស្រាយតាមការសិក្សាដែលត្រូវបានកំណត់តម្លៃទៅតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោកបន្ថែមថា មានប្រជាពលរដ្ឋ ៤៣ គ្រួសារ បន្ទាប់ពីសិក្សាជាក់ស្តែងគឺមាន ៣៧ គ្រួសារមិនរងផលប៉ះពាល់ និងមាន ៦ គ្រួសារបាត់ដំណឹងរកម្ចាស់មិនឃើញ។ ចំពោះករណី ៦ គ្រួសារនេះក្រុមការងារចាត់ទុកជាប្រភេទដោះស្រាយរួច ព្រោះក្រុមហ៊ុននឹងដោះស្រាយសំណងជូននៅពេលដែលពួកគាត់បង្ហាញខ្លួនដោយក្រុមការងារបានត្រៀមឯកសារសម្រាប់ដោះស្រាយ រួចជាស្រេច។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់នាថ្ងៃទី ១៤ ខែមីនាថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់វារីអគ្គិសនីកាលពីឆ្នាំ ២០១៩។ គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ ២០២២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ព្រមទាំងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៦ ខាងមុខ។
ហ្វេសប៊ុកដដែលបន្តថា៖ «បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំស្វែងរកប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក»៕
វីដេអូ៖