ភ្នំពេញៈ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កំពុង​ជំរុញឱ្យមាន​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​បន្ថែមទៀត​តាមរយៈ​ការ​ផ្តល់​ជម្រើស​កាន់តែ​សម្បូរបែប​ដល់​ពលរដ្ឋ​ក្នុង​ការបង់​សេវាសាធារណៈ​និង​សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ដោយ​សហ​ការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ ដែល​កំពុង​ប្រមូល​ចំណូល​ចំនួន​ ១២ និង​បេក្ខភាព​គ្រឹះស្ថាន​ថ្មី​ចំនួន​ ១១​ផ្សេងទៀត​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​ការបង់​សេវាសាធារណៈ​និង​សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​កាលពី​ថ្ងៃទី​ ១៣ ខែមីនា លោក ហ៊ាង សុទ្ធា​យុ​ត្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា និង​ទំនាក់ទំនង​សា​​ធា​រណៈ​បាន​ថ្លែងថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នីតិវិធី​ក្នុងការ​ប្រមូល និង​បង្វែរ​ចំណូល​សេវាសាធារណៈ និង​កម្រៃ​ពាក់ព័ន្ធ ក្នុង​វិស័យ​សា​ធា​រណការ​និង​ដឹកជញ្ជូន​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ធនាគារ​ចំនួន​ ១២ ដែល​កំពុង​ដំណើរ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។

​លោក​បញ្ជាក់ថា​៖ «​ការចូល​​រួម​ពី​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​អាច​បង់ក​ម្រៃ​សេវា​សា​ធា​រណៈ និង​សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​តាម​ជម្រើស​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ណាមួយ​ដែល​ប្រជាពលរដ្ឋ​មាន​គណនី​ជាមួយ​។ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់​​គ្រង និង​ផ្ទៀងផ្ទាត់​កម្រៃ​សេវា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ នឹង​ជួយ​សម្រួល​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ជាមួយ​សុក្រឹតភាព​របាយការណ៍​និង​ព​ន្លឿ​ន​ការផ្តល់សេវា​ឱ្យ​កាន់តែ​រហ័ស​ជូន​ប្រជាពលរដ្ឋ​»​។​

​បើតាម​ក្រសួង​សាធារណការ ក្នុងចំណោម ២៣ ​គ្រឹះស្ថាន​នោះ​មាន​ ៧ ​គ្រឹះស្ថាន​អាច​បង់ក​ម្រៃ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន រួមមាន​៖ ធនាគារ ACLEDA, CHIPMONG, ABA, WING, VATTANAC, CANADIA, និង LYHOUR​។ ១២​ គ្រឹះស្ថាន​អាច​បង់ក​ម្រៃ​សេវាសាធារណៈ​ក្នុង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន រួមមាន ៧​ គ្រឹះស្ថាន​ខាងលើ​,​ធនាគារ​ CAMPU, SATHAPANA, PIPAY, PRINCE និង FTB​។ ដោយឡែក​ ១១​ គ្រឹះស្ថាន ផ្សេងទៀត ជា​គ្រឹះ​ស្ថាន​ដែលមាន​បំណង​ចូលរួម​បម្រើសេវា​សាធារណៈ និង​សេវា​ពាក់ព័ន្ធ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ហើយ​កំពុងដំណើរការ​នីតិវិធី​ឯក​សារ និង​បច្ចេកទេស ដែល​ក្នុងនោះ​មាន​ទាំង​គ្រឹះស្ថាន VISA និង MASTER ផងដែរ​។​

​លោក អ៊ិ​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បានឱ្យដឹងថា ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នេះ កាន់តែ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន ព្រោះថា ការ​​រួមចំណែក​របស់​ធនា​គារ​អេ​ស៊ី​លីដា​ក្នុង​ការប្រមូល​ចំណូល​នេះ​អាច​បង្កើនល្បឿន​នៃ​ការ​​បង់ប្រាក់ ដូចនឹង​ការធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​អេ​ស៊ី​លី​ដា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​នៃ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឱ្យ​កាន់តែ​លឿន​រហ័ស​ជាងនេះទៀត​។ ឥឡូវ​​នេះ យើង​កំពុង​ពិភាក្សា​ជាមួយ​ខាង​ក្រុមហ៊ុន Cambodia PPSHV Expressway ដោយ​ធ្វើយ៉ាងណា​រៀបចំ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម App ACLEDA ឱ្យ​កាន់តែ​ទំនើប​និង​លឿន​រហ័ស​ជាងនេះទៀត មានន័យថា ពលរដ្ឋ​អាច​ទូទាត់​ប្រាក់​ឱ្យ​រួច​​រាល់​មុនពេល​ទៅដល់​បញ្ជរ និង​ពេលទៅដល់​បញ្ជរ​អាច​ចេញដំណើរ​ទៅ​តែម្តង​ដែល​មិនចាំបាច់​រង់ចាំ​យូរ​»​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សមាគម​ដឹកជញ្ជូន​អ្នក​ដំ​ណើ​រ​ផ្លូវ​គោ​កម្ពុជា ​(CAMBA)​ និង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ​(Cambodia PPSHV Expressway Co., Ltd )​ កាលពី​ថ្មី​នេះ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា តំណាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ​(Cambodia PPSHV Expressway Co., Ltd )​ធ្លាប់បាន​លើកឡើងថា ចាប់តាំងពី​បើក​ដំណើរការ​មក​មាន​រថ​យន្ត​ប្រមាណ​ជាង​ ១ លាន​គ្រឿង​ហើយ ដែល​បានធ្វើ​ដំណើរ​កាត់​ផ្លូវ​ល្បឿន​លឿន​ទៅមក​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ហើយ​ក្រុមហ៊ុន​សង្កេតឃើញថា ការ​យល់ដឹង​របស់​ប្រជាជន​ខ្មែរ​ចំពោះ​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន មាន​ភាពល្អប្រសើរ​ជាង​ពេល​បើក​ដំណើរការ​ដំបូងៗ​។​

​សូមជម្រាបថា ចាប់តាំងពី​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ​១ ខែតុលា ឆ្នាំ​ ២០២២ មកដល់​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ចរាចរណ៍​សរុប​បាន​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​មាន​ចំនួន​ជិត​ ១,៩ ​លាន ក្នុងនោះ​មាន​ប្រមាណ​ជាង​ ១,៤​ លាន​ដែល​គិត​កម្រៃ​សេវា ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ មកទល់នឹង​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២៣ ដោយ​ប្រមូល​ចំណូល​បាន​សរុប​ជិត​ ១១​ លាន​ដុល្លារ​អាមេរិក​៕