ភ្នំពេញៈ ​របាយ​ការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារបាន​បង្ហាញថា នៅក្នុង​រយៈពេល ២​ ខែ ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ចំណូល​ពន្ធ​-អាករ​ដែល​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ប្រមូលបាន​ជាក់ស្ដែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ប្រមាណ​ជា ៥៣៩,២៣ លាន​ដុល្លារ ស្មើនឹង ១៥,១០ ​ភាគរយ នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​ ២០២៣ ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​ ២០២២ កើនឡើង ២៧ លាន​ដុល្លារដែល​ស្មើនឹង ៥,២៧​ ភាគរយ​។​

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកុម្ភៈ និង​សម្រាប់​រយៈពេល២​ខែ ឆ្នាំ​២០២៣ ​កាល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារលើកឡើងថា នា​ខែកុម្ភៈ ឆ្នាំ​២០២៣ ​កន្លងទៅចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ជាក់ស្ដែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​សម្រេចបាន​ប្រមាណ​ជា២៣៨,៦០លាន​ដុល្លារ ប្រៀបធៀប​នឹង​ចំណូល ពន្ធ​-​អាករ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ​២០២២កើនឡើង៦,៥៤​ភាគរយ​។​

​លោក​បាន​បន្ថែមថា ក្នុង​រយៈពេល ២​ខែ​នេះដែរ ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ​បាន​រក្សា​កំណើន​ធៀប​នឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ក្នុងនោះ ពន្ធ​លើ​ប្រាក់ចំណូល១៤,៧៩​ភាគរយ អាករ​លើ​តម្លៃបន្ថែម ៨,៩៣​ភាគរយ និង​ពន្ធលើប្រាក់បៀវត្ស​រ៍១១,០១​ភាគរយ​។​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ផ្តួចផ្តើម ហើយនឹង​ដាក់ចេញ​ឱ្យ​អនុវត្ត​នូវE-Administration ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៣ ក្នុង​គោលដៅ​ពង្រឹងគុណភាព​សេវាសាធារណៈ​បន្ថែមទៀត​ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក(E-Commerce)ទទួលបាន​ប្រមាណជា១៤,៨៧លាន​ដុល្លារ​) ។​

​លោក​បាន​បញ្ជាក់ថា​៖« អគ្គនាយក​ដា្ឋ​ន​ពន្ធដារ​មាន​វិធាន​ការចុះ​អង្កេត​សហគ្រាស ដោយបាន​រកឃើញ​អាជីវកម្ម​ជាច្រើន​ក្នុងនោះ​មាន​ក្លិបកម្សាន្ត​ធំៗ មួយចំនួន​មិនបានចុះបញ្ជី​ពន្ធដារ​ឬ​ចុះបញ្ជី​មិនបាន​ត្រឹមត្រូវ​តាម​កម្រិត​ផលរបរ​។ ខ្ញុំ​សូម​រំឭកឱ្យ​ម្ចាស់​អាជីវកម្ម ដែល​មិនទាន់បាន ចុះបញ្ជី​ពន្ធដារ ឱ្យមក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ចៀសវាង​នូវ​ការ ផាកពិន័យ​ទោសទណ្ឌ​នានា​»​។​

​ សម្រាប់​រដូវ​កាល​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​រូបនេះ បានបង្ហាញ​ពី​ការ​រំពឹងថា​ការប្រកាស​និង​បង់ប្រាក់​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​២០២២ នឹង​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​និង​មិន​មានការ​ថមថយ​ឡើយ តាមរយៈ ប្រព័ន្ធ​ពន្ធដារ E-Filing និង ToI E-Filing ដែល​រឹងមាំ​និង​មាន​តម្លាភាព និង​ជា​យន្តការ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង ការផ្ទៀងផ្ទាត់​ការដាក់​លិខិត​ប្រកាស​និង​បង់ប្រាក់​ពន្ធ (Cross check)​។​

​អ្នកវិភាគ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា ការប្រមូល​ចំណូល​របស់​ពន្ធដារ​មាន​កំណើន​បែបនេះ​បង្ហាញថា​ ការប្រកបមុខរបរ​ និង​ចំណូល​របស់​ប្រជាពលរដ្ឋ​មាន​ស្ថាន​ភាពល្អ​គួរសម​ទោះបីជា​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ​១៩​។​

​លោក​បាន​បន្ថែមថា​ កំណើន​នៃ​ចំណូល​ពន្ធ​នេះ​ទៀតសោត​ក៏​បង្ហាញថា​ ដំណើរការ​ចង្វាក់​ផលិតកម្ម​នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​ហើយ ​ខណៈដែល​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​ការទិញ​លក់​និង​សាងសង់​អ​ច​លន​ទ្រព្យ​ជាដើម​ហាក់​មាន​ភាពល្អប្រសើ​រ​វិញ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖« ក្រៅពី​ចំណូល​ពន្ធ​ទាំង២ប្រភេទ ដែលមាន​ពន្ធដារ និង​ពន្ធគយ​ហើយ ការពង្រឹង​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ទេសចរណ៍​និង​ការជំរុញ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​(FDI) របស់​រាជរដ្ឋាភិបាល​​អាចនឹងឱ្យ​កម្ពុជា​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច​៥,៦​ភាគរយ​ក្នុង​ឆ្នាំ​២០២២​ និង​៦,៥​ភាគរយ​នៅ​ឆ្នាំ​២០២៣​៕