ភ្នំពេញៈ ​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​កាតព្វ​កិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ​(​អ​ពដ​)​ និង​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) ​បាន​ព្រមាន​ថា នឹង​ចាត់វិ​ធាន​ការ​យ៉ាង​តឹង​រ៉ឹង​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន ​ដោយ​រឹប​អូស​បារី​ណា​ដែល​ធ្វើ​ចរាចរ​ណ៍លើ​ទីផ្សារ​ដោយ​មិន​មាន​បិទ​តែម​ប្រិ៍​អាករ​ប្រភេទ​ថ្មី​។​

​ការ​ព្រមាន​បែប​នេះ ​ធ្វើ​ឡើង​នៅក្នុង​ក្នុង​សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​ការ​អនុវត្ត​កាតព្វ​កិច្ច​ បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី​កាល​ពី​ថ្ងៃទី​១៣ ​ខែមីនា ឆ្នាំ២០២៣ ​ក្រោម​អធិប​តី​លោក ​ម៉ិ​ញ បាន​កុសល ​អគ្គនាយ​ករង អ​.​ព​.​ដ និង​ជា​សហ​ប្រធាន​ក្រុម​ការងារ​ចម្រុះ​តែមប្រិ៍ ​ដែល​មាន​ការ​ចូលរួម​ពីលោក​-​លោក​ស្រី​សមា​ជិក​ក្រុម​ការងារ​ រួមជា​មួយ​តំណាង​សហ​គ្រាស​អាជីវកម្ម​លើ​ផលិត​ផល​បារី​។​

​លោក ភេ សុ​មុនី ប្រធាន​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​រាជ​ធានី​ភ្នំពេញ ​ដែលជា​អនុប្រ​ធាន​ក្រុមកា​រងារ​បញ្ជាក់ថា សិក្ខា​សាលា​នេះ មាន​គោល​ដៅប​ន្ត​ផ្សព្វ​ផ្សាយ​អំពី​កាតព្វ​កិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី និង​ការ​បោះ​ពុម្ព​ផ្សាយ​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​ផលិត​ផល​ថ្នាំ​ជក់​។

លោក​បាន​បញ្ជាក់​ថា​៖«​ជា​វិធាន​កា​របន្ត ​ក្រុមកា​រងា​ន​នឹង​ត្រូវ​រឹប​អូស​បារី​ដែល​ធ្វើ​ចរាចរ​ណ៍លើ​ទីផ្សារ​ដោយ​មិនមា​ន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី ឬ​បិទ​តែមប្រិ៍ ​អាករ​ប្រភេទ​ចាស់ ឬ​បិទ​តែមប្រិ៍​អាករ​ក្លែង​ក្លាយ​ និង​តម្រូវឱ្យ​អ្នក​ពាក់​ព័ន្ធ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​»​។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ម៉ិ​ញ បាន​កុសល អ​គ្គនាយ​ករង (អ​ពដ) និង​ជា​សហ​ប្រធាន​ក្រុម​ការ​ងារ​ចម្រុះ​តែមប្រិ៍ ​បាន​ថ្លែង​ថា ​កន្លង​មក​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បានចេញ​ប្រកាសនិ​ង​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​កាតព្វ​កិច្ច​បិទ​តែមប្រិ៍​អាករ​សម្រាប់​បារី ​ហើយ​ក្រសួង​នេះ​​ក៏បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្ត​បន្ទាប់​ស្រប​តាម​ស្ថាន​ភាព​នៃ​ការ​ប្រកប​អាជីវ​កម្មនិ​ង​ការវិវឌ្ឍ​នៃ​សេដ្ឋ​កិច្ច​ជាតិ​។

​លោក​បន្ត​ថា​ ជាក់​ស្ដែង​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​កន្លង​ទៅ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវ​ត្ថុ បាន​ចេញ​ប្រកា​សលេខ ​១៤៨០ សហវ​.​ប្រក​ ស្តីពី​ការ​ប្រើ​ប្រាស់​តែម​ប្រិ៍​អាករ​សម្រាប់​បង់​អាករ​ពិសេស​លើ​ផលិត​ផល​បារី ​ដោយ​បាន​កំណត់​ និង​ដាក់​ឱ្យ​ប្រើប្រា​ស់​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​ដែល​មាន​សុវត្ថិ​ភាព​ខ្ពស់ ​ព្រោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រដាស​មាន​គុណ​ភាព​ល្អ ​ភ្ជាប់​ជា​មួយ​ QR Code ព្រម​ទាំង​បង្កប់​នូវ​ចំណុច​សុវត្ថិ​ភាព​សំខាន់ៗ​ជាច្រើន ដែល​មិន​អាច​ថត​ចម្លង​យក​ទៅ​ប្រើ​ប្រាស់​បាន ឬក៏​មិន​ក្លែង​បន្លំ​បាន​។

​លោក​បន្ថែ​មថា បើ​ផ្អែក​តាម​សារាច​រ​លេខ ​០១៥ ​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ចាប់ពី​ខែ​សីហា ឆ្នាំ​​២០១៧​តទៅ ​គ្រប់​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ធ្វើច​រាចរ​ណ៍លើ​ទីផ្សារ​ឡើយ ប៉ុ​ន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី​ក៏ (អ​ពដ) និង (អគរ)​ នៅតែ​សង្កេត​ឃើញថា​ នៅ​មាន​បារី​មិនមា​ន​បិទ​តែមប្រិ៍​​អាករ​ប្រភេទ​ថ្មី​ចរាចរ​នៅ​លើ​ទីផ្សារ​ដដែល​។

​លោក​ថ្លែងថា​​៖ «​ដូច​នេះ ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវ​ត្ថុ បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​អប់រំ​ម្ដង​ហើយ​ម្ដង​ទៀត​ តាម​បណ្តា​ទីផ្សារ​ ផ្សារ​ទំនើប អ្នក​ចែក​ចាយ​ បារី អ្នក​លក់ដុំ​ និង​អ្នក​លក់​រាយ ​ដោយ​ចែក​ខិ​ត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ និង​លិខិត​ជូន​ដំណឹង​លេខ ០០១ សហវ​.​អ​ពដ និង​ លិខិត​ ០១៤ សហវ​.​អ​ពដ ហើយក៏​ធ្លាប់​បាន​​អញ្ជើញ​អាជីវ​ករ​មក​ចូល​រួម​សិក្ខាសា​លា​ដោយ​ផ្ទាល់​ផងដែរ​»​។

​ជា​មួយ​គ្នានេះលោក​ក៏បាន​ស្នើ​ដល់​សហ​គ្រាស​ប្រកប​អាជីវ​កម្ម​លើ​ផលិត​ផល​បារី​ទាំង​អស់​ឱ្យ​ចូលរួម​ប្រកាស​បង់ព​ន្ធ​លើ​ប្រាក់​ចំណូល​ឱ្យបាន​ត្រឹម​ត្រូវ និង​ទាន់​ពេលវេ​លា ចៀសវាង​រង​ការកំ​ណត់​ពន្ធ​ឡើងវិ​ញ​ដោយ​ការធ្វើ​សវនក​ម្ម ឬ​ការស៊ើប​អង្កេត​បទ​ល្មើស​ពន្ធដារ​ដែល​ត្រូវ​ទទួល​រង​ពិន័យ​ឬ​ទោស​ទណ្ឌ​ផ្សេងៗ ព្រម​ទាំង​អាច​ឈាន​ដល់​ចោទ​ប្រកាន់​ពីបទ​ល្មើស​លាង​លុយ​ ដែល​ត្រូវ​ទទួល​ទោស​ព្រហ្ម​ទណ្ឌ​ថែម​ទៀត​ផង​។​

​លោក ​គី សិរី​វឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិ​ច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ការ​មាន​វិធាន​ការលើ​ការប្រមូល​ពន្ធអា​ករ​លើ​បារី ក៏ដូ​ចជា​ស្រា​របស់​ស​ម​ត្ថ​កិច្ច​ ពិត​ជាមាន​សារៈសំ​ខាន់ ពីព្រោះថា​ប្រជា​ពលរដ្ឋ​ដែល​ទទួល​បារី​នឹង​ធ្វើឱ្យ​ខូចសុ​ខភាព​ និង​ការ​​បោះចោ​ល​កន្ទុយបា​រី​ផ្តេស​ផ្តាស​ធ្វើឱ្យ​ខូច​ដល់​បរិ​ស្ថាន​ ។​

​លោក​ថា​៖« វិធានការ​របស់​រដ្ឋា​ភិ​បាល​គួរតែ​ដាក់​ពន្ធ​ទៅលើ​ស្រា ​ស្រា​បៀរ និង​បារី​នេះ ឱ្យ​ធ្ងន់ធ្ងរ​ ហើយ​មិន​អនុញ្ញា​តឱ្យ​ប្រើប្រាស់​នៅតាម​ទីសា​ធារណៈ​នោះទេ ។ កន្លង​មក​បារី​មានការ​រៀបចំ​ហើយ ​ប៉ុន្តែ​ស្រា​បៀ​រមិន​ទាន់មា​ន​វិធា​នការ​នៅឡើ​យ​ទេ »​។​

​បើតាម​លោក ​គី សេរី​វឌ្ឍន៍ លោក​គាំទ្រ​ឱ្យមាន​វិធានការ​ឱ្យបាន​ហ្មត់​ចត់​លើ​ការប្រមូល​ពន្ធ​អាករ​ពា​ក់​ព័ន្ធ​នឹង​បារី​នេះ ដើម្បី​បាន​ចំណូល​ចូល​ជាតិ និង​​ជាពិសេស​មន្ត្រី​ពន្ធដារ​ក៏​កុំ​ប្រព្រឹត្ត​អំពើ​ណាមួយ​ជាមួយស​ហគ្រាស​ ឬអា​ជីវកម្ម​បារី​នេះ ដែល​នឹង​អាច​ធ្លាក់​ចូល​ក្នុង​អំពើពុ​ករ​លួយ​​៕