
សិក្ខាសាលាទាក់ទងនឹងការ ទំនើបកម្មប្រព័ន្ធព័ត៌មានភ័ស្តុភារកម្មនៅកម្ពុជា កាលពីថ្ងៃទី១៤ មីនា ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំសេចក្តីព្រាងចុងក្រោយនៃផែនការមេស្ដីពី "ទំនើបកម្មប្រព័ន្ធព័ត៌មានភ័ស្តុភារកម្មនៅកម្ពុជា" ដើម្បីសម្រេចឱ្យបានប្រព័ន្ធភ័ស្តុភារកម្មប្រកបដោយប្រសិទ្ធភាព និងមានភាពជឿនលឿនតាមរយៈការប្រើប្រាស់ឌីជីថល ឆ្លើយតបទៅនឹងការគ្រប់គ្រង ការផ្តល់សុវត្ថិភាព និងចំណេញពេលវេលានៃវិស័យដឹកជញ្ជូន។
កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ ក្រសួងសាធារណការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយលើសេចក្តីព្រាងចុងក្រោយនៃផែនការមេស្ដីពី"ទំនើបកម្មប្រព័ន្ធព័ត៌មានភ័ស្តុភារកម្មនៅកម្ពុជា"(Cambodia Logistic Information Modernization Master Plan)ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)របស់សាធារណរដ្ឋកូរ៉េ សហការរៀបចំដោយវិទ្យាស្ថាន Korea Research Institute for Human Settlements (KRIHS) ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួង ក្រុមហ៊ុន Neighbor System សាកលវិទ្យាល័យ Incheon National University និងក្រុមហ៊ុន SAMOOCM ផងដែរ។
បើតាមក្រសួងសាធារណការ ផែនការមេនេះបានបង្ហាញពីការវិភាគយ៉ាងទូលំទូលាយអំពីប្រព័ន្ធភ័ស្តុភារកម្មនៅកម្ពុជា និងផ្ដល់ការណែនាំអំពីទិដ្ឋភាពជាក់ស្ដែងសម្រាប់ការធ្វើទំនើបកម្ម។ អាស្រ័យហេតុនេះទើបក្រុមការងាររៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យរបាយការណ៍សិក្សានេះមានភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ចក្ខុវិស័យរបស់ផែនការមេនេះគឺដើម្បីសម្រេចឱ្យបានប្រព័ន្ធភ័ស្តុភារកម្មប្រកបដោយប្រសិទ្ធភាពនិងភាពជឿនលឿនតាមរយៈការផ្លាស់ប្តូរឌីជីថល និងការដាក់ចេញគោលដៅសំខាន់ៗចំនួន៣ រួមមាន ការផ្លាស់ប្តូរទៅជាឌីជីថល (Digital Transformation) ការច្នៃប្រឌិតឌីជីថល (Digital Innovation) និងបរិស្ថានឌីជីថល (Digital Environment) ក្នុងនោះចាំបាច់ឱ្យក្រុមការងារអនុវត្តយុទ្ធសាស្ត្រចំនួន១២ដើម្បីសម្រេចចក្ខុវិស័យឱ្យបានជោគជ័យ។
លោកស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា ដែលបានចូលរួមក្នុងសិក្ខាសាលានេះដែរនោះ បានប្រាប់ថា នៅក្នុងសិក្ខាសាលានេះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាត្រីភាគី រួមមាន សមាគមភ័ស្តុភារកម្មកម្ពុជា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េ និងនាយកដ្ឋានភ័ស្តុភារកម្មរបស់ក្រសួងសាធារណការកម្ពុជាផងដែរ។
លោកបានបន្ថែមថា ការចុះMOU រវាងភាគីទាំង៣នេះ គឺដើម្បីអនុវត្តគម្រោង TMS (Tracking Management System) ដោយឱ្យខាងសមាគមភ័ស្តុភារកម្មកម្ពុជាជាអ្នកអនុវត្តផ្ទាល់ ដោយគូភាគីនឹងសិក្សាដោយផ្ទាល់ទាំងនៅកម្ពុជា និងនៅកូរ៉េ។
លោកបានបញ្ជាក់ថា៖«យើងបានចុះMOUជាមួយគ្នាហើយ ដោយយើងនឹងមានការសិក្សាបន្ថែមនៅប្រទេសកូរ៉េ និងមកសិក្សានៅកម្ពុជា ជាមួយសមាគមផ្ទាល់ ដើម្បីដំឡើងប្រព័ន្ធTMS (Tracking Management System) ដើម្បីមានការប្រើប្រាស់លើរថយន្តដឹកជញ្ជូនធំៗផ្សេងៗ។ សម័យសកលភាវូបនីយកម្ម ពិភពលោកឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថលអស់ហើយ ដូច្នេះវិស័យដឹកជញ្ជូនយើង ក៏ចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធនេះដែរ ដើម្បីគ្រប់គ្រង ការផ្តល់សុវត្ថិភាព ចំណេញពេលវេលាជាដើម»។
លោក ជា ចាន់ដារ៉ា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងដែរថា ដើម្បីជំរុញការធ្វើទំនើបកម្មប្រព័ន្ធភ័ស្តុភារកម្មនេះឱ្យបានល្អប្រសើ និងកាន់តែមានប្រសិទ្ធភាពវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មរបស់កម្ពុជា ត្រូវផ្សាភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា ។
លោកបានបញ្ជាក់ថា៖«ដើម្បីឱ្យដើរទាន់បដិវត្តន៍ឧស្សាហកម្ម4.0 ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មកម្ពុជា ចាំបាច់ត្រូវតែធ្វើការធ្វើទំនើបកម្មលើវិស័យឡូជីស្ទិក មានន័យថា ធ្វើយ៉ាងឱ្យមានភាពងាយស្រួលនៅក្នុងការកំណត់ការទុកដាក់ទំនិញឬការបញ្ជូនទំនិញឱ្យបានទាន់ពេលវេលា ឬការផ្តល់ដំណឹងជាក់លាក់ទាក់ទងនឹងដំណើររបស់ទំនិញផងដែរ»។
សូមជម្រាបថា ផែនការមេស្ដីពី ទំនើបកម្មប្រព័ន្ធព័ត៌មានភ័ស្តុភារកម្មនៅកម្ពុជាស្ថិតក្រោមគម្រោងរៀបចំផែនការមេទំនើបកម្មប្រព័ន្ធភ័ស្តុភារកម្មកម្ពុជា និងអនុវត្តសាកល្បងដោយផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ ដែលគម្រោងនេះរៀបចំដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភ័ស្តុភារកម្មជាតិកម្ពុជា ដោយផ្តោតលើទិសដៅសំខាន់ៗចំនួន៣គឺ ការបង្កើតផែនការមេប្រព័ន្ធគ្រប់គ្រងព័ត៌មានភ័ស្តុភារកម្មជាតិ ការអនុវត្តសាកល្បងនៃប្រព័ន្ធព័ត៌មានភ័ស្តុភារកម្ម និងការបង្កើនសមត្ថភាពរបស់មន្ត្រីរាជការតាមរយៈការបណ្តុះបណ្តាលក្នុងប្រទេស និងនៅប្រទេសកូរ៉េ៕