ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ៧៩ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២៣ ខណៈតម្លៃជ័រកៅស៊ូ ថយចុះជាង ១៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យ ភ្នំពេញ ប៉ុស្តិ៍ ទទួលបានក្នុងថ្ងៃទី ១៥ ខែមីនា បានឱ្យដឹងថា ក្នុងខែមករា-កុម្ភៈ ឆ្នាំ ២០២៣ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានតម្លៃសរុប ៧៩ ៣៦៩ ៧១០ ដុល្លារ ដោយចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៧៩ ០៦២ ៤១៤ ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ៣០៧ ២៩៦ ដុល្លារ។
សម្រាប់តម្លៃជ័រកៅស៊ូគិតជាមធ្យមក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣ គឺ ១ ៣៤៩ ដុល្លារក្នុង ១ តោន ថយចុះ ២៣៦ ដុល្លារ ឬស្មើនឹង ១៤ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែកតម្លៃលក់ឈើកៅស៊ូ គឺ ៣៩៣ ដុល្លារក្នុង ១ ម៉ែត្រគុប។
បើយោងតាមទិន្នន័យខាងលើ គឺតម្លៃលក់ជ័រកៅស៊ូគ្រួសារនៅចម្ការជាមធ្យមនៅក្នុងខែកុម្ភៈ គឺទឹកជ័រ (DRC ១០០ ភាគរយ) មានតម្លៃចាប់ពី ៤ ៥០០-៥ ០០០រៀល ក្នុង ១ គីឡូក្រាម ថយ ២៨៦ រៀលក្នុង ១ គីឡូក្រាម បើធៀបនឹងខែមករា និងជ័រកក (DRC ៥០ ភាគរយ) មានពីតម្លៃ ២០០០-៣ ១០០ រៀលក្នុង ១ គីឡូក្រាម ថយចុះ ១៨១ រៀលក្នុង ១ គីឡូក្រាម ដោយអាស្រ័យតាមរយៈពេលបង្កក និងតំបន់។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៥ ខែមីនាថា បច្ចុប្បន្នទីផ្សារជ័រកៅស៊ូកម្ពុជា គឺពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះបើទីផ្សារអន្តរជាតិមានស្ថានភាពមិនល្អ វាក៏ធ្វើឱ្យតម្រូវការ និងតម្លៃធ្លាក់ចុះដែរ។ បញ្ហាដែលធ្វើឱ្យតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិធ្លាក់ចុះនាពេលនេះ គឺមានដូចជា តម្រូវការមិនសមមាត្រនឹងការផ្គត់ផ្គង់ ក្តីបារម្ភពីអតិផរណា ការដំឡើងអត្រាការប្រាក់នៅអាមេរិក សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ។
លោកថ្លែងថា៖ «ការធ្លាក់ចុះតម្លៃកៅស៊ូ ១ រយៈនេះ គឺដោយសារកម្ពុជាពឹងផ្អែកទីផ្សារខាងក្រៅ ខណៈទីផ្សារកៅស៊ូពិភពលោកមានស្ថានភាពធ្លាក់ចុះនាពេលនេះ»។
លោក ម៉ែន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនសុភ័ក្ត្រនីកា ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិន-តៃវ៉ាន់ គឺជាដើមចមនៃការធ្លាក់ថ្លៃតម្លៃកៅស៊ូសកលព្រោះវាបានប៉ះពាល់ដល់តម្រូវការ។
លោកលើកឡើងថា៖ «កត្តាសេដ្ឋកិច្ចសកល និងភូមិសាស្ត្រនយោបាយដែលបានបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិន និងតៃវ៉ាន់ ក៏ជាមូលហេតុនៃការធ្លាក់ចុះតម្រូវការកៅស៊ូផងដែរ។ យើងដឹងហើយថា ទីផ្សារចិនតំណាងឱ្យ ៧០-៨០ ភាគរយនៃតម្រូវការសរុបរបស់ពិភពលោក និងបញ្ហានៅអឺរ៉ុបក៏ធ្វើឱ្យតម្រូវការធ្លាក់ចុះដែរ»។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមចុងឆ្នាំ ២០២២ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៤ ៥៧៨ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមាន ៣១៥ ៣៣២ ហិកតា ស្មើនឹង ៧៨ ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។ ក្នុងឆ្នាំ ២០២២ ទឹកប្រាក់បានពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានសរុប ៥៣១ ៨៦៣ ៨៤២ ដុល្លារ ក្នុងនោះជ័រកៅស៊ូ មានចំនួន ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងឈើកៅស៊ូ ៤ ០៨៩ ២៧៣ ដុល្លារ៕