
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ ពេលជួបជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោកស្រីMarinela Petkova នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ រូបថត ក្រសួងពាណិជ្ជកម្ម
កម្ពុជា និងប៊ុលហ្គារី ប្តេជ្ញាពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីនៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មប្រទេសទាំង ២ សម្រេចបានកំណើន ៧៨% ក្នុងរង្វង់ទឹកប្រាក់ ៨,១លានដុល្លារ ធៀបនឹងឆ្នាំ ២០២១។ អ្នកជំនាញមើលឃើញថា នេះជាសញ្ញាធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជាជាមួយពិភពលោក និងជាសញ្ញាល្អនៃទំនាក់ទំនងនៃប្រទេសទាំង ២។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួប រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ និងលោកស្រីម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំកម្ពុជាផុតអាណត្តិ នាទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៥ ខែមីនា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំង២។
បើតាមសេចក្តីប្រកាសពីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបនោះ លោកប៉ាន សូរស័ក្ដិ បានបញ្ជាក់ប្រាប់ភាគីប៊ុលហ្គារី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខ័ណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ បូករួមផ្សំការងើបឡើងវិញនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម កម្ពុជា ក្រោយការគ្រប់គ្រងវិបត្តិកូវីដ១៩បានល្អ ។
ជាមួយគ្នានេះ តាមសេចក្តីប្រកាសពីក្រសួងពាណិជ្ជកម្ម លោកស្រី ម៉ារីនេឡា ផេតកូវ៉ា បានថ្លែងអំណរគុណកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មកន្លងទៅ ក្នុងអាណត្តិលោកស្រីជាឯកអគ្គរដ្ឋទូត។ លោកស្រីបង្ហាញពីការប្តេជ្ញាចិត្តរបស់ប៊ុលហ្គារី ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង២។
លោកស្រីបញ្ជាក់ថា៖«ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ។ ជាពិសេសក្នុងវិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា»។
ឯកអគ្គរដ្ឋទូតប៊ុលហ្គារីរូបនេះ បង្ហាញជំនឿថា គម្រោងជុំវិញកិច្ចសហប្រតិបត្តិការដែលបានរៀបរាប់នេះ នឹងជាកត្តាដែលអាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារី ថែម១កម្រិតទៀត។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ កម្ពុជា-ប៊ុលហ្គារី បានសម្រេចទំហំកំណើនពាណិជ្ជកម្មទ្វេភាគីប្រមាណ ៧៨% បើធៀបនឹងឆ្នាំ ២០២១ ដែលគិតជាទឹកប្រាក់កើនឡើងពី ៤,៥៦ លានដុល្លារអាមេរិក ទៅ ៨,១ លានដុល្លាអាមេរិក។
កម្ពុជានាំចេញទំនិញសក្តានុពលទៅប៊ុលហ្គារី រួមមាន សម្លៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ ចំណែកប៊ុលហ្គារីនាំចូលទំនិញសក្តានុពលមកកម្ពុជាវិញ រួមមាន ជីកសិកម្ម ស្ពាន់ កែវ និងម្សៅជាដើម។
ពាក់ព័ន្ធនឹងបញ្ហានះ លោក គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការធ្វើពាណិជ្ជកម្ម និងកំណើនទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងប៊ុលហ្គារី ជាការធ្វើពិពិធកម្មទីផ្សារសម្រាប់កម្ពុជា ទោះបីស្ថិតក្នុងទំហំទឹកប្រាក់តិចតួចក្តី។
លោក គី សេរីវឌ្ឍន៍ ថ្លែងថា៖«កាលណាកម្ពុជាពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ មិនថាប្រទេសណាក៏ដោយ ដែលសុទ្ធតែទីផ្សាររបស់កម្ពុជាយើង ដែលនាំឱ្យជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោក។ កាលណាកម្ពុជាមានពិពិធកម្មទីផ្សារកាន់តែច្រើន នោះវាជួយឱ្យកម្ពុជាមានមិត្តកាន់តែច្រើន»។
លោកបន្ថែមថា កម្ពុជា និងប៊ុលហ្គារី ធ្លាប់មានទំនាក់ទំនងនឹងគ្នា ក្នុងសម័យអតីតសហភាពសូវៀត ហើយសព្វថ្ងៃប៊ុលហ្គារីបានក្លាយជាសមាជិកសហភាពអឺរ៉ុប។ ទំហំសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសនេះ មានការរីកចម្រើនលឿនជាងកម្ពុជាទៅទៀត ដែលអាចជួយធ្វើពិពិធកម្មទីផ្សារជាមួយកម្ពុជាបាន។
សម្រាប់លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិវិញ មើលឃើញថា ទំនាក់ទំនងកម្ពុជា និងប៊ុលហ្គារីមានភាពល្អប្រសើរ។ ជាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ខណៈប៊ុលហ្គារីជាសមាជិកសហភាពអឺរ៉ុបថ្មីថ្មោងមិនសូវដើរបន្ទាត់នយោបាយរបស់សហភាពអឺរ៉ុបឡើយ ច្រើនធ្វើពិពិធកម្មការទូតលើផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសខាងក្រៅដែនសហភាពអឺរ៉ុប។
លោក សេង វណ្ណលី បញ្ជាក់ថា៖ «ជារួម ទំនាក់ទំនងកម្ពុជា-ប៊ុលហ្គារី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីនិយម។ នាពេលថ្មីៗនេះ កម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបថ្មីថ្មោង តួយ៉ាង ប៊ុលហ្គារី ហុងគ្រី សាធារណរដ្ឋឆែក ជាដើម ដោយសារប្រទេសទាំងនេះមាននយោបាយការបរទេសទន់ភ្លន់»។
លោកបន្ថែមថា សម្រាប់ប្រទេសដូចជាប៊ុលហ្គារី ដែលធ្លាប់ហែលឆ្លងអតីតកាលថ្មីថ្មោងជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ទើបមានការដឹងច្បាស់ពីប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។ ដូច្នេះគោលនយោបាយការបរទេសប៊ុលហ្គារី មានភាពទន់ភ្លន់ និងសម្របសម្រួលជាងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបចាស់ៗ។
សូមជម្រាបថា កម្ពុជា និងប៊ុលហ្គារី ក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលចុះហត្ថលេខា កាលពីឆ្នាំ ២០១៩។
បន្ថែមពីនេះ ភាគីទាំង ២ ក៏បានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ រវាងអាស៊ាន និងសហភាពអឺរ៉ុបផងដែរ៕