ភ្នំពេញៈ កម្ពុជានឹងដាក់ឱ្យអនុវត្តច្បាប់ពន្ធដារថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលមន្ត្រី និងអ្នកជំនាញអះអាងថាច្បាប់ពន្ធដារថ្មីនេះនឹងផ្តល់ការលើកទឹកចិត្ត និងទាក់ទាញវិនិយោគកាន់តែច្រើនមកកម្ពុជា និងឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិបទសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។
កម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវច្បាប់ពន្ធដារចាប់តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ដែលទាមទារឱ្យមានការបង្កើតច្បាប់ថ្មីនេះឡើងដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្តែងនៃការវិវឌ្ឍនៃរបបពន្ធដារជាសកល។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានថ្លែងនៅក្នុងវេទិកាសាធារណៈមួយកាលពីសប្តាហ៍មុនថា ក្រោយពីចំណាយពេលធ្វើការតាក់តែង និងឆ្លងកាត់ការពិភាក្សាជាបន្តបន្ទាប់ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ពិសេសជាមួយក្រសួងយុត្តិធម៌ ជាច្រើនឆ្នាំ ច្បាប់ពន្ធដារថ្មីត្រូវបានរំពឹងថាអាចនឹងត្រូវអនុម័ត និងដាកឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ប្រហែលជា ២ ឬ ៣ ខែខាងមុខនេះ។
លោកបានថ្លែងបញ្ជាក់ថា បន្ទាប់ពីបានឯកភាពស្រុះស្រួលគ្នាជាមួយក្រសួងយុត្តិធម៌ហើយ បច្ចុប្បន្នច្បាប់នេះបានចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅគណៈរដ្ឋមន្ដ្រី ដើម្បីសុំការអនុញ្ញាតពីលោក ហ៊ុន សែន ដាក់ប្រជុំនៅគណៈរដ្ឋមន្ដ្រី បន្ទាប់ពីនេះនឹងដាក់បញ្ជូនទៅកាន់រដ្ឋសភាពិភាក្សា និងសម្រេចអនុម័តបាន។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះច្បាប់នេះអាចនឹងចេញបានក្នុងរយៈពេលឆាប់ៗខាងមុខនេះ តាមការប្ដេជ្ញាចិត្តរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្បាប់នេះអាចនឹងចេញមុននីតិកាលទី ៧ ខាងមុខនេះគឺអាចអំឡុងពេលប្រមាណ ២ ឬ ៣ ខែខាងមុខ»។
លោករដ្ឋមន្ត្រីបានបន្តថា ច្បាប់ពន្ធដារថ្មីនេះ ធ្វើឱ្យស្របជាមួយច្បាប់វិនិយោគថ្មី ដែលមានការផ្តល់ការលើកទឹកចិត្តជាហូរហែ ព្រោះច្បាប់វិនិយោគចេញហើយ តែច្បាប់ពន្ធដារមិនទាន់អនុញ្ញាតឱ្យលើកទឹកចិត្ត ក៏អត់ទៅរួចដែរ ដូច្នេះទើបយើងធ្វើយ៉ាងណាឱ្យស្មើគ្នាជាមួយច្បាប់ពាក់ព័ន្ធដទៃទៀត ដូចជាច្បាប់ព្រហ្មទណ្ឌជាដើម។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែមីនាថា ច្បាប់ថ្មីនេះគឺត្រូវបានធ្វើឡើងក្នុងកែតម្រូវទៅតាមទិដ្ឋភាពជាក់ស្តែងនៃសេដ្ឋកិច្ចកម្ពុជា ក្នុងតំបន់ និងសកលលោក ជាពិសេសគឺការផ្តល់ការលើកទឹកចិត្តនៃវិស័យពន្ធដារក្នុងការទាក់ទាញលំហូរវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀតដើម្បីជំរុញវិស័យផលិតកម្មក្នុងស្រុកនិងការនាំចេញ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងដឹងហើយថាសេដ្ឋកិច្ចរបស់យើងមានការរីកចម្រើនជារៀងរាល់ឆ្នាំ ដែលជាបច្ច័យវិជ្ជមានមួយដែលយើងមើលឃើញថារដ្ឋាភិបាលតែងតែធ្វើវិសោធនកម្មច្បាប់នានា និងតាក់តែងច្បាប់ថ្មីដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាព ឬការប្រែប្រួលនៃសេដ្ឋកិច្ចបច្ចុប្បន្ន តាមរយៈការលើកទឹកចិត្តពន្ធ និងការផ្តល់ការអនុគ្រោះនានាសំដៅធ្វើ យ៉ាងណាផ្តល់សេចក្តីទុកចិត្តដល់វិនិយោគិន និងការទាក់ទាញវិនិយោគថ្មីចូលប្រទេសកម្ពុជាយើង»។
លោក Anthony Galliano ប្រធាន AmCham បាននិយាយនៅក្នុងកម្មវិធីនេះដែរថា GTD បាននិងកំពុងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេសការធ្វើទំនើបកម្មនៃបច្ចេកវិទ្យាដើម្បីជួយសម្រួលដល់អ្នកបង់ពន្ធ។
លោកបានថ្លែងថា៖ «ខ្ញុំចង់ឆ្លៀតឱកាសនេះសាទរ និងដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏អស្ចារ្យដែលសម្រេចបានដោយ GDT ហើយអបអរសាទរ ចំពោះការងារដ៏អស្ចារ្យ»។
នៅឆ្នាំ ២០២២ GDT បានប្រមូលចំណូលបានប្រហែល ៣,៤៥៥ ពាន់លានដុល្លារ ដែលស្មើនឹង ១២២,៥៤ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ដែលស្មើនឹង ២៣,៩៦ ភាគរយ។ សម្រាប់ផែនការកំណត់ការប្រមូលចំណូលក្នុងឆ្នាំ ២០២៣ មានចំនួន ៣,៥៧១ ពាន់លានដុល្លារ៕