ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ដំឡូងមីរបស់កម្ពុជានឹងមានទីផ្សារកាន់តែធំក្នុងការនាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាពិសេសជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ស្របពេលដែលរដ្ឋាភិបាលបានដាក់ចេញនូវការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងពិធីបើកសិក្ខាសាលាមួយនៅខេត្តក្រចេះកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ថ្លែងថា ក្នុងពេលថ្មីៗនេះ ក្រសួងបានដឹកនាំចូលរួមចរចា និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដែលបានចូលជាធរមានក្នុងឆ្នាំ ២០២២ រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
លោកបានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងទាំងនេះគឺជាកត្តាដ៏សំខាន់ក្នុងការជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារទាំងអស់នេះឱ្យបានកាន់តែច្រើន និងក៏បើកលទ្ធភាពក្នុងការទាក់ទាញវិនិយោគិនក្នុងវិស័យនេះផងដែរ។
លោកបានបន្ថែមទៀតថា៖ «ក្នុងរយៈពេល ១០ ខែចុងក្រោយក្នុងឆ្នាំ ២០២២ កន្លងទៅ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងវៀតណាម»។
ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន លោក សាយ សុផាត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែកុម្ភៈថា ផ្ទៃដីដាំដំឡូងមី ក្នុងខេត្តប៉ៃលិនរដូវកាលឆ្នាំ ២០២២-២០២៣ នេះមានប្រមាណ ៤,៤ ម៉ឺនហិកតា កើនឡើងពីជាង ៤,២ ម៉ឺនហិកតាកាលពីឆ្នាំ ២០២១-២០២២ ដោយប្រមូលផលបានក្នុងរង្វង់ជិត ៨ ម៉ឺនតោន។ ផលដំឡូងមីប្រហែល ២០-៣០ ភាគរយត្រូវបានប្រើប្រាស់សម្រាប់កែច្នៃជាចំណីសត្វក្នុងខេត្តប៉ៃលិន និងនៅក្រុមហ៊ុននានាក្នុង ប្រទេស ចំណែក ៧០-៨០ ភាគរយទៀត ត្រូវបានឈ្មួញប្រមូលទិញយកទៅលក់នៅប្រទេសថៃ។
លោកថ្លែងថា៖ «ផលដំឡូងមីដើរតួនាទីជាផ្នែកសំខាន់មួយសម្រាប់ប្រជាជននៅខេត្តប៉ៃលិន ដោយមានដាំនៅស្ទើរគ្រប់ទីកន្លែង។ ប្រសិនបើមិនមានគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២២»។
ទិន្នន័យពីក្រសួងកសិកម្ម រយៈពេល ១១ ខែឆ្នាំមុន កម្ពុជាបាននាំចេញដំឡូងមី និងផលិតផលពីដំឡូងមីសរុបជាង ៣ លានតោន ក្នុងនោះ ចំណិតដំឡូងមីក្រៀមជាង ១,៨ លានតោន,ដំឡូងមីស្រស់ជាង ១,៣ លានតោន, ម្សៅដំឡូងមី ៥៧ ០៦៧ តោន និងកាកសំណល់ដំឡូងមី ២៤ ១០០ តោន៕