ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម កាលពីរសៀលថ្ងៃទី ១៦ មីនា បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ។
ការធ្វើសេចក្តីប្រកាសរួមគ្នានេះ មានវត្តមានចូលរួមពីប្រធានក្រុមចរចា, តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃភាគីទាំង២សរុបប្រមាណ ១០០រូប។
លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងឱកាសនេះថា សេចក្តីប្រកាសរួមគ្នានេះបានកើតមានឡើងបន្ទាប់ពី ភាគីទាំង២បានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈយោងនៃការបង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយបានប្រកាសបើកការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងការចរចាជុំទី៣(ជុំចុងក្រោយ) នៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ ប្រកបដោយសមិទ្ធផលជាផ្លែផ្កា។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ដោយទទួលស្គាល់ពីថាមវ័ន្តសេដ្ឋកិច្ចនៃប្រទេសទាំង២ ប្រទេសកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ក្រោមក្របខ័ណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំង២ តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈិមបូព៌ា។
បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះ គ្របដណ្តប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្តការដោះស្រាយវិវាទ អញត្រកម្ម រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។
ក្នុងនោះដែរ ទំនិញកសិកម្មនិងឧស្សាហកម្មសក្តានុពលដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន៖ អង្ករ, បន្លែ, ចេក, ស្វាយចន្ទី, ស្វាយ, ពោត, ម្រេច, ទុរេន, នំធ្វើពីអង្ករ, ដំណាប់ផ្លែឈើ, កង់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់ជាដើម។-ល-។
រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗពីប្រទេស អេមីរ៉ាតអារ៉ាប់រួម រួមមាន៖ សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់ និងវិស្វកម្ម និងសេវាកម្មបរិស្ថាន។-ល-។
បន្ទាប់ពីពិធីប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ភាគីទាំង២ នឹងពន្លឿននីតិវិធីបន្ត ដើម្បីអាចឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ តាមកាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕