ភ្នំពេញៈ លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំស្តីពីមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសិក្ខាសាលាគយបៃតង ស្តីពីការគ្រប់គ្រងនិងការរាយការណ៍អំពីការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុហាយដ្រូហ្លុយអរ៉ូកាបូន (ODS/HFC) រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា នៅទីក្រុងហាឡុង ប្រទេសវៀតណាម។
ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃទី១៨ ខែមីនា ថា កិច្ចប្រជុំនេះបានពិភាក្សាលើជម្រើសនៃការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពល និងឧបករណ៍ដែលប្រើប្រាស់ឧបករណ៍ដែលមានសក្តានុពលកើនកម្ដៅផែនដីទាប ក្នុងអំឡុងពេលនៃការអនុវត្តវិសោធនកម្មគីហ្គាលីនៃពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
ក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកថា៖«កិច្ចប្រជុំបានជំរុញបណ្តាប្រទេសមិនបានផ្តល់សច្ចាប័នលើវិសោធនកម្មទីក្រុងគីហ្គាលីជំរុញដំណើរការផ្តល់សច្ចាប័នឱ្យឆាប់ ដើម្បីទទួលជំនួយទាំងថវិកានិងបច្ចេកទេសក្នុងការរៀបចំផែនការលុបបំបាត់និងកាត់បន្ថយការប្រើប្រាស់ហាយដ្រូភ្លុយអរ៉ូកាបូន»។
កិច្ចប្រជុំបានពិភាក្សាលើគម្រោងនៃការផ្លាស់ប្តូរប្រព័ន្ធម៉ាស៊ីនរថយន្តដែលប្រើប្រាស់សារធាតុ R-134a ទៅប្រើប្រាស់សារធាតុ R-1234yf ដែលជាសារធាតុមិនបំផ្លាញស្រទាប់អូហ្សូន។ កិច្ចប្រជុំក៏បានលើកឡើងពីបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនដែលបានចូលរួមអនុវត្តន៍ផែនការលុបបំបាត់សារធាតុធ្វើឱ្យត្រជាក់ដែលបានបញ្ចប់នៅឆ្នាំ២០១០។
លើសពីនេះ កិច្ចប្រជុំបានពិភាក្សាលើលទ្ធភាពនៃការអនុវត្តគម្រោងបំផ្លាញចោលសារធាតុបំផ្លាញស្រទាប់អូហ្សូន និងបទពិសោធន៍ពីបណ្តាប្រទេសចូលរួមដែលបានស្នើសុំឱ្យអង្គការមូលនិធិពហុភាគីសម្រាប់អនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ពិនិត្យលើសំណើដើម្បីផ្តល់ជំនួយថវិកានិងបច្ចេកទេសក្នុងការបំផ្លាញចោលសារធាតុបំផ្លាញស្រទាប់អូហ្សូន។
ជាមួយគ្នានេះផងដែរ កិច្ចប្រជុំបានពិភាក្សាអំពីការត្រួតពិនិត្យលើទំនិញដែលមានហានិភ័យ ជាពិសេសសារធាតុបំផ្លាញស្រទាប់អូហ្សូន និងប្រព័ន្ធនាំចូល នាំចេញសារធាតុបំផ្លាញស្រទាប់អូហ្សូនតាមប្រព័ន្ធបញ្ជតែមួយជាតិ ប្រព័ន្ធ AZYCUDA និងប្រព័ន្ធនាំចូល តាមអនឡាញ៕