ភ្នំពេញៈ ក្រសួង​សាធារណការ និងដឹកជញ្ជូន ស្នើ​ជប៉ុន​ឱ្យបន្ត​ជួយ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស ក៏ដូចជា​ពិនិត្យ​លទ្ធភាព​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ការ​របស់​វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បី​បណ្តុះបណ្តាល​វិស្វករ​កម្ពុជា​ឱ្យ​មាន​ជំនាញច្បាស់លាស់។

ការស្នើ​នេះ​ធ្វើ​ឡើងក្នុង​ជំនួប​នាថ្ងៃ​ទី១៧ ខែមីនា រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោក Atsushi Ueno ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី ប្រចាំ​កម្ពុជានៅទីស្តី​ការក្រសួង។

ក្រសួង​សាធារណការ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នាថ្ងៃទី១៨ ខែមីនា ថា លោក ស៊ុន ចាន់ថុល បានថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​កន្លងមក បានពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង ២។

លោកបាន​ប្រាប់​លោក Atsushi អំពី​ការបំពេញ​ការងារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និងកិច្ចសហ​ប្រតិបត្តិការ​ដ៏ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២​ដោយ​មាន​គម្រោង​អភិវឌ្ឍន៍​អាទិភាព​សំខាន់ៗ​ដែល​សម្រេច​បាន និង​កំពុង​អនុវត្ត​បន្ត។

គម្រោង​ទាំងនោះ​រួមមាន គម្រោង​សាងសង់​ផែ​កុងតឺន័រ​ថ្មី ដំណាក់កាល​ទី១ របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ការសិក្សា​គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី២ និងជំហាន​ទី៣ ដែល​កំពង់​ផែ​នេះ​ជាច្រក​សេដ្ឋកិច្ច​សម្រាប់​ការនាំ​ទំនិញ​ចេញ-ចូល គម្រោង​កែលម្អ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​កម្ពុជា គម្រោង​ពង្រីក និង​លើកកម្រិត​គុណភាព​ផ្លូវជាតិ​លេខ៥ និងគម្រោង​ផ្សេងៗទៀត​។

ក្រសួង​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នានា ដែល​ក្រសួង​សម្រេចបាន និង​កំពុងធ្វើ​ការអភិវឌ្ឍ ដូចជា​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលបាន​ដាក់ដំណើរការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​មុន គម្រោង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-បាវិត ដែល​គ្រោង​នឹងបើក​ការដ្ឋាន​សាងសង់​នៅខែ​មិថុនា ឆ្នាំ​នេះ។

ក្រសួង​បន្ត​ថា ក្រៅពី​នេះ មាន​គម្រោង​សិក្សា​សមិទ្ធិលទ្ធភាព​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-សៀមរាប និង​ការសិក្សា​សមិទ្ធលទ្ធភាព​គម្រោង​លើកកម្រិត​ផ្លូវ​រថភ្លើង​ភាគខាង​ជើង ភ្នំពេញ-ប៉ោយប៉ែត គម្រោង​សិក្សាសមិទ្ធិលទ្ធភាព​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់​ទៅកាន់​កំពង់ផែ​ឆ្នេរសមុទ្រ​ខេត្ត​កែប ជាពិសេស​លើ​វិស័យ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ទី​ក្រុង។

ក្រសួង​បញ្ជាក់​ថា៖«ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ជប៉ុន​ជួយ​បន្ត​អភិវឌ្ឍ កសាង​សមត្ថភាព​ធនធាន​មនុស្ស តាមរយៈ​ការផ្ដល់​សាស្ត្រាចារ្យ វគ្គ​បណ្តុះបណ្តាល​ខ្លីៗ ដោយ​ផ្ទាល់ ឬតាម​ប្រព័ន្ធ online ក៏ដូចជា​ពិនិត្យ​លទ្ធភាព​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន​តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បី​បណ្តុះបណ្តាល​វិស្វករ​កម្ពុជា​ឱ្យ​មានជំនាញ​ច្បាស់លាស់»។

ថ្មីៗនេះ ជប៉ុន​បាន​ផ្តល់​គ្រឿង​ចក្រ Stabilizer មកកាន់​ក្រសួង ដើម្បី​បម្រើ​ការងារ​ក្នុង​វិស័យផ្លូវ​ថ្នល់។ ជប៉ុន​ក៏បាន​ផ្តល់​ជំនួយ​ចំពោះ​ការសិក្សា​គម្រោង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និងផែនការ​យុទ្ធសាស្រ្ត​ភាពជាដៃគូ​គ្រប់​ជ្រុងជ្រោយ​ផងដែរ៕