ភ្នំពេញៈ ក្រសួង​សាធារណការ និងដឹកជញ្ជូន​ជំរុញ​ឱ្យ​ក្រុមហ៊ុន China Metro Group របស់ចិន ពិនិត្យ​លទ្ធភាព​ក្នុង​ការចូលរួម​ដាក់​ទុន​វិនិយោគ​ក្នុង​ការកសាង និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។

ការជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និងលោក Li Kuo តំណាង​ក្រុមហ៊ុន China Metro Group នាថ្ងៃ​ទី១៧ ខែមីនា ដើម្បី​ពិភាក្សា​អំពី​ឱកាស​វិនិយោគ​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង។

ជំនួបនេះ​ធ្វើឡើង​ដើម្បី​ឱ្យ​ក្រុមហ៊ុន​អាច​ស្វែងយល់​អំពី​គម្រោង​ការសិក្សា​នានា ដែលជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដើម្បី​ដោះស្រាយ​ការកកស្ទះ និង​ជំរុញ​កាត់បន្ថយ​ចំណាយ​លើការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​ក្នុង​ទីក្រុង។

ហ្វេសប៊ុក​ក្រសួង​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នាថ្ងៃទី១៨ ខែមីនា ថា លោក Li Kuo បាន​ប្រាប់លោក ស៊ុន ចាន់ថុល អំពី​សកម្មភាព​ការងារ បទ​ពិសោធន៍​របស់​ក្រុមហ៊ុន ដែលជា​សាជីវកម្ម​ធំមួយ​នៅ​ប្រទេស​ចិន ក្នុង​ការអនុវត្ត​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នៅ​ក្នុងតំបន់ និង​ពិភព​លោក។

ហ្វេសប៊ុក​ក្រសួង​បញ្ជាក់​ថា៖«ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ជម្រាប​ជូន​អំពី​ការលើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិ​បាល តាមរយៈ​ច្បាប់​វិនិយោគ ដែល​អនុញ្ញាត​ឱ្យ​មាន​កិច្ចសន្យា​រយៈពេល​វែង ការបើក​ចំហ​ការវិនិយោគ​លើ​គ្រប់​វិស័យ ការអនុគ្រោះ​ពន្ធ។ល។ ជាងនេះ​ទៅទៀត ឯកឧត្តមទេស​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព ក្នុង​ការចូលរួម​ដាក់ទុន​វិនិយោគ​ក្នុងការកសាង​និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា»។

លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​នូវ​គម្រោង​សិក្សា​មួយចំនួន ដែល​ក្រសួង​កំពុង​ស្ថិត​ក្នុងការសិក្សា ព្រមទាំង​កំពុង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ឬដៃគូ​អភិវឌ្ឍន៍​នានា​ចូលរួម​ក្នុង​ការវិនិយោគ។

លោក​ថា គម្រោង​ទាំងនោះ​រួមមាន ការសិក្សា​គម្រោង​តភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ព្រលាន​យន្តហោះភ្នំពេញ​ថ្មី ការសិក្សា​គម្រោង​តភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ប្រព័ន្ធប្រតិបត្តិការ​រថភ្លើង​ស្វ័យ​ប្រវត្តិ(AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) និង​ការសិក្សាគម្រោង​អភិវឌ្ឍន៍​រថភ្លើង Monorail ដើម្បី​ឆ្លើយតប​ទៅនឹង​ការកកស្ទះ​ចរាចរណ៍ ដោយ​សារកំណើន​នៃ​យានយន្ត និង​តម្រូវការ​នៃ​ការដឹកជញ្ជូន។

លោក​លើកឡើង​ថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​កម្ពុជា​មានការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ការសាងសង់​ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ដោយ​សំដៅ​ជំរុញ​នូវ​ការតភ្ជាប់​នៅ​ទូទាំង​ប្រទេស ដែល​មាន​លក្ខណៈ​ពហុមធ្យោបាយ និង​បណ្តា​គម្រោង​សាងសង់​ធំៗ​ជាច្រើនទៀត រួមមាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នានា ដែល​ក្រសួង​សម្រេច​បាន និង​កំពុង​ធ្វើ​ការអភិវឌ្ឍ។

លោក ស៊ុន ចាន់ថុល បន្ត​ថា គម្រោង​ទាំងនោះ​មានដូចជា​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-បាវិត គម្រោង​សិក្សា​សមិទ្ធិលទ្ធភាព​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​លើកកម្រិត​ផ្លូវ​រថភ្លើង​ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យ​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿនលឿន។

ហ្វេស​ប៊ុក​ក្រសួង​បាន​ឱ្យដឹង​ថា លោក Li Kuo ក៏បាន​ថ្លែង​អំណរគុណ​ដល់​លោក ស៊ុន ចាន់ថុល ចំពោះ​ទស្សន​វិស័យ​ទៅលើ​ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្ហាញ​នូវចំណាប់​អារម្មណ៍​ក្នុង​ការចូលរួម​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា៕