កម្ពុជា និងប៉ាគីស្ថាន បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលប្រទេសទាំងពីរមានសក្តានុពលជាច្រើន ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំតិចតួចនៅឡើយ។
ការឯកភាពនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារលើការជំរុញកំណើនពាណិជ្ជកម្មរវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ប្រភពពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះលោក ប៉ាន សូរស័ក្តិ បានស្នើឱ្យសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានស្វែងរកពីលទ្ធភាពក្នុងការពង្រឹងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមាគមធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បីពង្រីកឱកាសបណ្តាញអាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រៅពីកិច្ចសន្ទនាB2B ប្រទសទាំងពីរអាចពង្រីកការសហការគ្នាលើការផ្គូផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការទីផ្សារនាំចេញ និងជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។ លោកបានបញ្ជាក់ថា៖«យើងស្នើសុំ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញវិស័យឯកជនពីប្រទេសប៉ាគីស្ថាន មកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ ជាពិសេសអាហារហាឡាល(Halal) ដើម្បីបម្រើទីផ្សារក្នុងស្រុក និង នាំចេញ និងចង់ឱ្យមានជើងហោះហើរត្រង់ពីប៉ាគីស្ថានមកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគនៃប្រទេសទាំងពីរ»។
លោកបានឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំតិចតួចនៅឡើយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើន ដើម្បីធ្វើឱ្យរីកចម្រើនទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ។ លោកថា៖«វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ជាពិសេសតាមរយៈសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ»។
លោកបានបន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀង RCEP ដែលកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ទើបតែត្រូវបានប្រកាសពីការបញ្ចប់ការចរចា។ ដូច្នេះ វិនិយោគិនប៉ាគីស្ថានអាចមកបណ្តាក់ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា បានលើកឡើងថា ប៉ាគីស្ថានមានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូងយ៉ាងច្រើនពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។ បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាពផ្តល់ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជាមានតម្រូវការ។
ប្រភពដដែលបានបញ្ជាក់ថា៖« ប៉ាគីស្ថាន ឯកភាពជាមួយកម្ពុជា ក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ»៕