ក្រចេះៈ «នាងអំ» ជាឈ្មោះអង្ករ ១ ប្រភេទដែលមានប្រភព និងបង្កាត់ពូជដាំដុះ ដោយស្ត្រីចំណាស់ម្នាក់ដែលមានឈ្មោះថា «អំ» នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងពីប្រវត្តិអង្ករនាងអំនេះថា ក្នុងអំឡុងទសវត្សរ៍ទី ៨០ ក្រោយការប្រមូលផលស្រូវចម្ការអស់ហើយ នាងអំ ឬយាយអំ បានឃើញស្រូវ ១ គុម្ពនៅក្បែរចម្ការ ដោយមានគ្រាប់ប្លែកពីស្រូវដែលបានច្រូតហើយ គាត់ក៏បូតយកគ្រាប់ស្រូវនោះ បានប្រមាណ ១ ទូកដៃ ខ្ចប់នឹង ក្រណាត់តូចយ៉ាងស្អាតយកទៅរក្សាទុក។
លុះដល់រដូវសាបព្រោះក៏យកទៅដាំដុះលើដីដាច់ដោយឡែក ក្រោយមកប្រមូលផលបានប្រមាណ ១ ល្អីតូច ហើយក៏សាបព្រោះបន្តទៀតដោយបានយកអង្ករនោះទៅដាំបាយសាកល្បងក៏ឃើញថា ពូជស្រូវនេះ មានរសជាតិឆ្ងាញ់ហើយក្រអូបទៀត។
ក្រសួងបន្តថា យាយអំ តាំងពីថ្ងៃនោះមក ក៏ផ្សព្វផ្សាយដោយខ្លួនឯងផ្ទាល់ ដោយចែករំលែកពូជជូនអ្នកស្រុកម្នាក់បន្តិចៗឱ្យយកទៅធ្វើការសាកល្បង ដែលរហូតប្រមាណ ១០ ឆ្នាំក្រោយមក អង្ករនាងអំត្រូវបានទទួលស្គាល់ស្ទើរគ្រប់មជ្ឈដ្ឋានក្នុងឃុំ ហើយក៏ល្បីសាយភាយ មកដល់ទីរួមខេត្តទៀតដែលមកទល់ពេលនេះ «លោកយាយអំចង់ឱ្យកូនចៅ» បន្តធ្វើពូជស្រូវនេះដោយបន្សុទ្ធពូជឱ្យបានល្អកុំឱ្យបាត់គុណភាពដើម ដែលគេបានយកឈ្មោះគាត់ទៅដាក់ជាសម្គាល់ពូជនោះ។
មកទល់បច្ចុប្បន្ននេះ បើទោះបីមិនទាន់ល្បីខ្លាំងដូចប្រភេទអង្ករល្បីៗ ដូចជាអង្ករផ្កាម្លិះ ឬផ្ការំដួលក្តី តែអង្ករនាងអំ កំពុងទទួលបានការចាប់អារម្មណ៍ និងមានតម្រូវការកើនឡើងខ្លាំងហើយការដាំដុះទៀតសោត គឺមានភាពងាយស្រួល។ នេះបើតាមការឱ្យដឹងពី អ្នកស្រី ឈឺន សុភាសី (ហៅស្រីមុំ) ជាម្ចាស់ហាងអង្ករស្រីមុំ ៩៩។
អ្នកស្រី ស្រីមុំ ដែលជាអ្នកដាំដុះស្រូវនាងអំ លើផ្ទៃដីជាង ២០០ ហិកតា ហើយក៏ជាអ្នកលក់ផ្ទាល់ បានឱ្យដឹងថា៖ «ពាក់ព័ន្ធនឹងតម្រូវការអង្ករនាងអំ នាពេលបច្ចុប្បន្ននេះ សម្រាប់ហាងនាងខ្ញុំ និយាយរួមពេលដែលផ្តើមលក់អង្ករនាងអំនេះនៅលើទីផ្សារ ខ្ញុំឃើញថា តម្រូវការរបស់អតិថិជនយើងចេះតែកើនឡើងបន្តបន្ទាប់តាមរយៈការផ្សព្វផ្សាយរបស់យើង តាមរយៈការទិញយកទៅសាកញ៉ាំ តាមបងប្អូនជួយណែនាំ យើងឃើញថា តម្រូវការនិងការគាំទ្រ ចេះតែបន្តកើនឡើង»។
អ្នកស្រីបានបន្តទៀតថា៖ «វាចាប់ផ្ដើមប្រសើរពី ១ ថ្ងៃទៅ ១ ថ្ងៃ ព្រោះភាគច្រើនអតិថិជន មិនសូវស្គាល់ទេ ដូចយើងដឹងស្រាប់ហើយថា ប្រហែល ១៦ ទៅ ១៧ លាននាក់ ភាគច្រើនស្គាល់តែពូជ ម្លិះ រំដួល ផ្កាខ្ញីជាដើម ហើយចំណែកអង្ករនាងអំនេះ អត់ទាន់មានអ្នកស្គាល់ច្រើនទេ...ពេលដែលខ្ញុំយកមកលក់ដំបូងក៏មានអ្នកឆ្ងល់ដែរ តែក្រោយពេលបានភ្លក្សហើយ គាត់ជាប់ចិត្ត ស្ទើរតែថា ១០ នាក់គាត់ទិញទៅមានតែម្នាក់អីទេដែលគាត់ញ៉ាំមិនត្រូវមាត់មិនត្រូវចិត្ត»។
ពូជស្រូវដែលមានប្រភពមកពីខេត្តក្រចេះនេះ មានលក្ខណពិសេសប្លែកគេ គឺធន់នឹងអាកាសធាតុងាយស្រួលថែទាំ ដាំដុះ រីឯអង្ករពេលដាំទៅជាបាយហើយក៏ក្លិនឈ្ងុយ និងមានរសជាតិឆ្ងាញ់ផងដែរ។
ម្ចាស់អាជីវកម្មអង្ករ និងជាអ្នកដាំដុះដដែលនេះ ឱ្យដឹងទៀតថា អ្នកស្រីចង់បញ្ជាក់ថា ស្រូវនាងអំ គឺជាដើមស្រូវម្យ៉ាងដែលមានសុខភាពរឹងមាំពីកំណើត ដែលធន់នឹងអាកាសធាតុ បើទោះបីជាមេឃរាំង មេឃមិនមានភ្លៀង ខ្វះទឹក ១០ ថ្ងៃ ឬ ២០ ថ្ងៃក៏ដោយ ក៏ស្រូវនេះនៅតែធន់បានដែរ។
ថ្វីដ្បិតថា រូបរាងរបស់អង្ករ ១ នេះ មិនស្អាតដូចអង្ករផ្សេងៗទៀត ដោយសារគ្រាប់អង្ករនាងអំខ្លីៗ ប៉ុន្តែគុណភាព និងរសជាតិវិញ ឆ្ងាញ់មិនចាញ់អង្ករល្បីៗប៉ុន្មាននោះទេ។
អ្នកស្រី ស្រីមុំ ថ្លែងបន្តថា ៖ «លក្ខណពិសេសមួយទៀតរបស់អង្ករនាងអំ ពេលយើងដាំទៅវាទន់ តែវាអត់រអៀច គេហៅថា ទន់ស្ងួតវាអត់ពិបាកដូចអង្ករខ្លះ។ អង្ករនាងអំនេះ ទន់ស្ងួត មានទម្ងន់គ្រាប់អង្ករធ្ងន់ជាងអង្ករផ្សេងៗ ពេលញ៉ាំបាយអង្ករនាងអំវាធ្ងន់ពោះមិនងាយឃ្លានដូចអង្ករដទៃ ដូចថា វាឆ្អែតបានយូរ»។
ជុំវិញការលក់ពូជស្រូវនាងអំនេះ អ្នកស្រីបានបញ្ជាក់ថា គឺជាប្រភេទស្រូវវស្សា តែក៏ប្រកាន់រដូវដែរ បើទោះកសិករព្រោះនៅក្នុងខែ ៧ ឬដាំពីខែ ៤ ទៅក្តី ក៏នៅតែទទួលផលអំឡុងពាក់កណ្តាលខែ ១១ ពីចន្លោះថ្ងៃ ១៥ ដល់ថ្ងៃ ២៥ ដូចគ្នា។
ចំណែកឯផលវិបាកវិញ ម្ចាស់ហាងអង្ករ ស្រីមុំ ៩៩ បានឱ្យដឹងថា ៖«អ្វីដែលជាផលលំបាកនោះគឺ យើងអាចធ្វើបានតែម្តងគត់ក្នុង ១ ឆ្នាំ ព្រោះវាជាប្រភេទស្រូវចម្ការ និងជាប្រភេទស្រូវវស្សា ហើយយើងមិនអាចយកវាទៅបង្កាត់ពូជផ្សេង ដើម្បីអាចធ្វើ ១ ឆ្នាំលើសពី ១ ដងបានទេ»។
អ្នកស្រីក៏បានឱ្យដឹងដែរថា អង្ករនាងអំនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃអង្ករដទៃទៀតនៅលើទីផ្សារដែរ ដោយមិនខ្ពស់ពេក ក៏មិនទាបពេកដែរ និយាយរួមគឺសមល្មម។ ក្រោយពីមានតម្រូវការកើនឡើងខ្លាំង អាជីវកររូបនេះបានបង្ហើបពីគម្រោងបន្ទាប់ថា អ្នកស្រីចង់បង្កើតជាសហគមន៍សម្រាប់ដាំដុះពូជស្រូវនេះតែម្ដង ដើម្បីពង្រីកទីផ្សារអង្ករប្រភេទនេះបន្ថែមទៀត៕