តាកែវៈ កសិករដែលធ្លាប់តែធ្វើស្រែក្នុង ១ ឆ្នាំ ៣ ដងលើផ្ទៃដីជាង ១ ហិកតា នៅស្រុកបូរីជលសារខេត្តតាកែវ លោក សែម សាវរី កំពុងតែរីករាយនឹងផលរបរថ្មីលើការកែប្រែផ្ទៃដីដដែលនោះ ទៅជាកសិកម្មចម្រុះដែលក្រៅពីការធ្វើស្រែ គឺមានការចិញ្ចឹមបង្កង ចិញ្ចឹមក្ងាន និងដាំដំណាំហូបផលផ្សេងៗទៀត។
លោក សែម សាវរី វ័យ ២៨ ឆ្នាំ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដំបូងឡើយ លោកមានបំណងត្រឹមតែចិញ្ចឹមត្រីប៉ុណ្ណោះលើផ្ទៃដី ១,៣ហិកតា ដែលលោកធ្លាប់តែធ្វើស្រែ ៣ ដងក្នុង ១ ឆ្នាំប៉ុន្តែនៅពេលមានបំណងចិញ្ចឹមត្រីលោកក៏បានទៅទំនាក់ទំនងនាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ហើយខាងជលផលខេត្តតាកែវ ក៏បានសិក្សាជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ដោយផ្តល់យោបល់ឱ្យលោកចិញ្ចឹមបង្កងវិញព្រមទាំងផ្តល់បច្ចេកទេសឱ្យលោក។
កសិករដែលបានផ្លាស់ប្តូររបៀបធ្វើកសិកម្មរូបនេះ បច្ចុប្បន្នកំពុងអនុវត្តការធ្វើកសិកម្មតាមបែបចម្រុះលើផ្ទៃដី ១,៦ ហិកតា ដោយមានទាំងដំណាំដូង ស្រះចិញ្ចឹមត្រី ចិញ្ចឹមក្ងាន និងផ្ទៃដីសម្រាប់ធ្វើស្រូវទៀតផង ស្ថិតនៅភូមិជ្រៃងោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ការផ្លាស់ប្តូរទម្លាប់នេះបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០២០ លើផ្ទៃដី ១,៣ ហិកតាក្នុងឆ្នាំដំបូង ដែលអាចទាញចំណូលពីដីនោះបានរហូតដល់ ១ ម៉ឺនដុល្លារក្នុងឆ្នាំទី ១ ហើយក្រោយមកលោកក៏បានពង្រីកផ្ទៃដីដល់ ១,៦ ហិកតា។
លោក សែម សាវរី និយាយថា៖ «ពេលខ្ញុំធ្វើតាមគាត់ ខ្ញុំជោគជ័យ និងបានផលល្អ។ បើប្រៀបធៀបជាមួយស្រូវតែ ១ មុខ គឺល្អជាងឆ្ងាយណាស់ ព្រោះខ្ញុំធ្លាប់ធ្វើស្រូវ ១ ឆ្នាំ ៣ ដង ហើយ ខ្ញុំបានចំណូលពីស្រូវនោះតិចខ្លាំងណាស់់»។
លោកថា៖ «ពេលខ្ញុំចិញ្ចឹមបង្កងនេះខ្ញុំបានទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិកម្ម ខ្ញុំទទួលបានទាំងបង្កង ទាំងស្រូវ និងចិញ្ចឹមក្ងាន បើប្រៀបធៀបជាមួយស្រូវគឺខុសគ្នាឆ្ងាយណាស់ចំពោះចំណូល»។
លោកសាវរី លើកឡើងថា កាលពីចាប់ផ្តើមអនុវត្តដំបូងនិងទទួលបច្ចេកទេសពីមន្ត្រីជលផល គឺមន្ត្រីមិនបានគិតថ្លៃអ្វីនោះទេ។ ផ្ទុយទៅវិញលោកបានទទួលកូនបង្កងសម្រាប់ចិញ្ចឹមសាកល្បងទៀតផង។ សព្វថ្ងៃនេះ លោកដាក់កូនបង្កង ២៥ ០០០ ក្បាលដោយត្រូវចំណាយ ៣០០ រៀលក្នុង ១ កូនហើយលោកអាចប្រមូលផលបានចម្លោះពី ៥០០ ទៅ ៧០០ គីឡូក្រាម ក្នុង ១ រដូវ។ លោកថា ទោះបីទីផ្សារបង្កងនៅមិនទាន់មានភាពធន់និងស្ថិរភាព ប៉ុន្តែវាមិនចោទជាបញ្ហាសម្រាប់លោកនោះទេ ដោយសារលោកទទួលបានចំណូលពីប្រភពផ្សេងពីផ្ទៃដីតែមួយនេះ។
ការអនុវត្តវិធីសាស្ត្រក្នុងការធ្វើកសិកម្មចម្រុះត្រូវបានលើកស្ទួយ និងជំរុញទឹកចិត្តដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជល ក្នុងខេត្តមួយចំនួន នៃដីសណ្តទន្លេមេគង្គ ដូចជាខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែង និងខេត្តសា្វយរៀងជាដើម។ នេះបើយោងតាម លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មរដ្ឋបាលជលផល។
លោកបញ្ជាក់ថា៖ «យើងត្រូវស្តារឡើងវិញនូវការអនុវត្តពីមុន ដូច្នេះខ្ញុំគិតថា ឥឡូវនេះតំបន់ដីសណ្តទន្លេមេគង្គ ដូចជាតាកែវ កណ្តាល ព្រៃវែង និងស្វាយរៀង គឺស័ក្តិសមបំផុតសម្រាប់ការរួមបញ្ចូលកសិវារីវប្បកម្ម ផ្លែឈើហូបផ្លែមួយចំនួនដូចជាដូងក្រអូប ដែលប្រែប្រួលតាមលក្ខខណ្ឌកសិកម្ម»។
លោកបន្តថា៖ «ដូចនេះហើយ គ្មានកសិករណាបន្តធ្វើស្រូវតែ ១ ហិកតារដែលប្រើសម្រាប់តែស្រូវនោះ ១ មុខនោះទេ ប៉ុន្តែ១ហិកតាអាចទទួលបានពីដំណាំ ៤ មុខដូចជា ស្រូវ ត្រី និងដូង»។
នៅក្នុងសិក្ខាសាលាប្រចាំឆ្នាំនៃគំនិតផ្តួចផ្តើមសម្ព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិ (CGIAR) ស្តីពីតំបន់ដីសណ្តអាស៊ី និងការរៀបចំផែនការឆ្នាំ ២០២៣ កាលពីសប្តាហ៍មុន លោក ថាយ សុមុនី បានថ្លែងថា ស្ថាប័ននិងអគ្គនាយកដ្ឋានជំនាញចំនួន ៣ នៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងធ្វើការងាររួមគ្នាដើម្បីសិក្សាពីឧបសគ្គបច្ចេកទេសសម្រាប់ការអភិវឌ្ឍគំរូកសិកម្មដែលរួមបញ្ចូលគ្នា។
ស្ថាប័ននិងអគ្គនាយកដ្ឋានជំនាញទាំង ៣ នោះ រួមមាន អគ្គនាយកដ្ឋានកសិកម្មអគ្គនាយកដ្ឋានផលិតកម្មនិងសុខភាពសត្វ និងរដ្ឋបាលជលផល ដែលពីមុនមកមិនបានអង្គុយធ្វើកិច្ចការរួមបញ្ចូលគ្នានោះទេ ដោយស្ថាប័ននីមួយៗផ្តោតលើកិច្ចការបច្ចេកទេសរៀងៗខ្លួន។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា ក្រោមការដឹកនាំថ្មីរបស់រដ្ឋមន្ត្រីកសិកម្មថ្មី (លោកឌិត ទីណា) ចំណុចសំខាន់គឺយើងត្រូវមានសំឡេងតែ ១។ បច្ចុប្បន្ន យើងអាចមើលឃើញថា យើងត្រូវធ្វើសមាហរណកម្មវារីវប្បកម្ម កសិកម្ម និងនេសាទជាមួយគ្នា ព្រោះយើងមិនអាចអនុញ្ញាតឱ្យមានការបង្កើនផលិតកម្មស្រូវតែ ១ នោះទេ»៕
វីដេអូ៖