ភ្នំពេញៈ កម្ពុជានឹងរៀបចំជាអនុក្រឹត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្រៃ្តយ៍ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ (Sub and Sub-contract) ដោយកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបង្ការមិនឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំឡើយ។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការគ្រប់គ្រង កិច្ចសន្យាជួលផលិតបន្ត ក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់វាយនភណ្ឌ និងស្បែកជើង ជាមួយសមាគមសម្លៀកបំពាក់ស្បែកជើងអាមេរិក និងក្រុមហ៊ុន VF Corporation កាលពីថ្ងៃទី ១៧ ខែមីនាកន្លងមកនេះ។
លោក សុខ សុភ័ក្ត្រ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្ការមិនឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជា ហើយក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះការព្រួយបារម្ភរបស់សមាគម AAFA និង VF Corporation ដែលសង្ស័យថា មានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជា ដើម្បីផលិតទំនិញនាំចេញ តាមរយៈការរៀបចំឱ្យមានគណៈកម្មការអន្តរក្រសួងតាំងពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១១ កន្លងទៅ។
ជាមួយគ្នានោះការកែសម្រួលសមាសភាពគណៈកម្មការ បានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ដោយពង្រីកវិសាលភាពការងារ និងបន្ថែមសមាជិកជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការស៊ើបអង្កេតជាពិសេស លើករណីសង្ស័យថា មានការប្រើប្រាស់ពលកម្មដោយបង្ខំ ដែលផ្ទុយនឹងមាត្រាច្បាប់ការងារកម្ពុជា។
លោក សុខ សុភ័ក្ត្រ បានគូសបញ្ជាក់ថា៖ «កម្ពុជាមានកាតព្វកិច្ចក្នុងការអនុវត្តក្រោមច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ។ ក្នុងនោះដែរ គណៈកម្មការបាននិងកំពុងបន្តធ្វើការផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ ជូនដល់បណ្តារោងចក្រ សហគ្រាសសំដៅដើម្បីចៀសវាងការអនុវត្តខុសគោលការណ៍ច្បាប់ ដោយវិស័យឯកជន ដែលជាហេតុ នាំឱ្យមានការផាកពិន័យ, ការជាប់ទោសទណ្ឌ, ខូចខាតដល់ផលប្រយោជន៍រោងចក្រ សហគ្រាស និងកិត្តិនាមកម្ពុជាផងដែរ»។
តំណាងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក AAFA និងក្រុមហ៊ុន VF Corporation បានលើកឡើងថា ខាងសមាគម និងក្រុមហ៊ុនពេញចិត្ត ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តនាពេលកន្លងមក ហើយក្រុមហ៊ុនក៏បានស្នើឱ្យគណៈកម្មការបន្តស៊ើបអង្កេតបន្ថែមទៀតលើក្រុមហ៊ុនពាក់ព័ន្ធ ជាបន្តទៀត ដោយ AAFA និង VF Corporation នឹងសហការផ្តល់ព័ត៌មានបន្ថែមក្នុងករណីចាំបាច់ដើម្បីការពារដល់កេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោកហុង វណ្ណៈ ថ្លែងថា ការរៀបចំជាអនុក្រឹត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្រៃ្តយ៍ គឺជាការពង្រឹងសមត្ថភាពបន្ថែម ដើម្បីជំរុញការនាំចេញទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងបង្កើនទំនុកចិត្តបន្ថែមទៀត ពីអ្នកបញ្ជាទិញផ្នែកផលិតផលកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើងពីកម្ពុជា។
លោកបានលើកឡើងទៀតថា៖ «ការធ្វើបែបនេះ វាជាការល្អដើម្បីធ្វើឱ្យមានតម្លាភាព និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករ កម្មការិនីរបស់កម្ពុជាយើង។ កន្លងទៅខាងអង្គការ ILO ក៏តាមដានលើការងារនេះច្រើនដែរ ដូចជាមិនមានបញ្ហាទាំងអស់នេះទេ»។
លោក ហុង វណ្ណៈ បានបន្ថែមថា ទាក់ទងនឹងករណីសង្ស័យថា មានការប្រើប្រាស់ពលកម្មដោយបង្ខំ ដែលផ្ទុយនឹងមាត្រាច្បាប់ការងាររបស់កម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ ដូចជាមិនឃើញមានករណីនេះទេ ដោយសារសព្វថ្ងៃនេះ មានតំណាងសហជីព នៅតាមរោងចក្រសហគ្រាសជាច្រើន និងមានច្បាប់ជាក់លាក់ដើម្បីធានាលើការងារទាំងនេះផងដែរ។
លោកបញ្ជាក់ថា៖ «ការរួមគ្នាដោះស្រាយបញ្ហាទាំងនេះ ទាំងកម្ពុជា, សមាគម AAFA និងក្រុមហ៊ុន VF Corporation នឹងជួយជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបន្ថែមទៀត»។
បើតាមក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានប្រមាណ ៨ ៩៦៩ លានដុល្លារអាមេរិក៕