ភ្នំពេញ: Royal Group Power Company (RGP) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ដែលគ្រប់គ្រងដោយវិនិយោគិនក្នុង ស្រុក និងក្រុមហ៊ុន Keppel Energy ដែលមានមូលដ្ឋាននៅសិង្ហបុរី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel Infrastructure Holdings Pte (KI) បានចុះកិច្ចព្រមព្រៀងទិញ និងនាំចេញថាមពល សម្រាប់ការនាំចូល និងលក់រយៈពេលវែងនៃ ១ GW នៃថាមពលកាបូនទាបពីប្រភពថាមពលកកើតឡើងវិញពីកម្ពុជា ក្រោយពីទទួលបានការអនុញ្ញាតពីអាជ្ញាធរសិង្ហបុរី។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១៥ ខែមីនា រវាងលោក គិត ម៉េង ប្រធាន ក្រុមហ៊ុន និងលោកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន KI ក្រោមសក្ខីភាពរបស់លោក Tan See Leng រដ្ឋមន្ត្រី ក្រសួងធនធានមនុស្ស និងរដ្ឋមន្ត្រីទី ២ ទទួលបន្ទុកពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគ្រប់គ្រងអគ្គិសនីកម្ពុជា ព្រមទាំងលោក ងៀម ស៊ីឈុន នាយកប្រតិបត្តិ EMA។
យោងតាមក្រុមហ៊ុន ស្ថិតក្រោមបទប្បញ្ញត្ដិ ចាំបាច់ និងការអនុម័តផ្សេងទៀត ការនាំចូលអគ្គិសនីកាបូនទាបទ្រង់ទ្រាយធំពីប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមក្រោយឆ្នាំ ២០៣០។
លោក Ngiam Shih Chun នាយកប្រតិបត្តិនៃ EMA បានថ្លែងថា៖ «ការយល់ព្រមដោយមានលក្ខខណ្ឌសម្រាប់ការនាំចូលអគ្គិសនីពីកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់សិង្ហបុរីក្នុងការនាំចូលអគ្គិសនីរហូតដល់ ៤ ជីហ្គាវ៉ាត់ (GW) នៃថាមពលកាបូនទាបត្រឹមឆ្នាំ ២០៣៥។
លោកលើកឡើងថា៖ «សិង្ហបុរីប្តេជ្ញាកាត់បន្ថយផ្នែកថាមពលរបស់យើង ហើយការនាំចូលអគ្គិសនីនៃអគ្គិសនីកាបូនទាបពីប្រភពថាមពលកកើតឡើងវិញ នឹងជួយយើងឱ្យសម្រេចបាននូវគោលដៅកាបូនសូន្យរបស់យើងត្រឹមឆ្នាំ ២០៥០»។
លោក ស៊ុយ សែម បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង ២ នេះ គឺជាផ្នែកមួយនៃក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា-សិង្ហបុរី ហើយគម្រោងនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលនៃប្រទេសទាំង ២ ដែលជាគម្រោងយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ពាណិជ្ជកម្មថាមពល និងសមាហរណកម្មក្នុងវិស័យថាមពលរវាងរដ្ឋសមាជិកអាស៊ាន រួមមានប្រទេសកម្ពុជា និងសិង្ហបុរី និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ានឆ្នាំ ២០២៥។
លោកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន KI បានឱ្យដឹងថា ក្រុមហ៊ុន Keppel Infrastructure ប្ដេជ្ញាចិត្ត និងផ្តោតលើការពង្រីក និងធ្វើពិពិធកម្មផលបត្រថាមពលកកើតឡើងវិញ និងកាបូនទាបដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយឧស្ម័នកាបូននៅទូទាំងប្រទេស និងតាមឧស្សាហកម្ម។
លោកស្រីលើកឡើងថា៖ «យើងសូមអរគុណរដ្ឋាភិបាលសិង្ហបុរី និងកម្ពុជាសម្រាប់ការគាំទ្ររបស់ពួកគេចំពោះគម្រោងនាំចូលថាមពលកាបូនទាបឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន Keppel។ គម្រោងជាយុទ្ធសាស្ដ្រ និងនវានុវត្តន៍នេះ នៅពេលបញ្ចប់នឹងជំរុញបង្ហាញថាមពលក្នុងតំបន់ និងពន្លឿនកំណើនថាមពលកកើតឡើងវិញក្នុងអាស៊ាន ព្រមទាំងជំរុញភាពធន់នឹងថាមពលរបស់តំបន់មួយនេះ»។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន RGP ថ្លែងថា៖ «ក្រុមហ៊ុន Keppel Energy និងក្រុមហ៊ុន Royal Group បានជ្រើសរើសធ្វើសកម្មភាពទ្វេភាគី ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៃប្រទេសកំណើតរៀងៗខ្លួន ដោយមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការផ្លាស់ប្តូរពីអគ្គិសនីដែលពឹងផ្អែកលើកាបូនផងដែរ។
លោកថ្លែងថា៖ «ភាពជោគជ័យរបស់យើង នឹងមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនទាំង ២ របស់យើង និងប្រទេសទាំង ២ របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងជំរុញការធ្វើសមាហរណកម្មក្នុងវិស័យថាមពល នៃសហគមន៍អាស៊ានផងដែរ។ ទន្ទឹមនឹងនេះ ការអនុវត្ត PEA របស់យើង ក៏នឹងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ សហគមន៍អាស៊ាន និងសកលលោក ដើម្បីសម្រេចបានគោលដៅនៃការបំភាយឧស្ម័នកាបូនសូន្យរយៈពេលវែង។ ខ្ញុំទទួលស្គាល់ដោយស្មោះអស់ពីចិត្ត និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី សម្រាប់ការគាំទ្រប្រកបដោយនិរន្តរភាព សម្រាប់ការចាប់ផ្ដើមកសាងគម្រោងឆ្លងកាត់ព្រំដែនមួយនេះ»៕